បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ

08:42 | 15/09/2026 ម៉ាញដាត

យុគសម័យ - យោងតាមលោកស្រី Vu Nga នាយិកាប្រតិបត្តិការបណ្តាកម្មវិធីនៃអង្គការ World Vision International ប្រចាំនៅវៀតណាម បរិវត្តកម្មឌីជីថលក្នុងវិស័យកិច្ចការបរទេសប្រជាជន មិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការសម្របសម្រួល និងការចែករំលែកព័ត៌មានជាមួយបណ្តាអង្គការអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបើកចេញនូវបណ្តាវិស័យកិច្ចសហប្រតិបត្តិការថ្មីៗ ចាប់ពីការលើកកម្ពស់ជំនាញឌីជីថល រហូតដល់ការជួយគាំទ្រដល់អ្នកទទួលផលនៅលើលំហអ៊ីនធឺណិតផងដែរ។

ចាំបាច់ត្រូវកសាងក្របខ័ណ្ឌលក្ខណវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការផ្សារភ្ជាប់រវាងប្រជាជនវៀតណាម - រុស្ស៊ី

តាមលោកស្រី ហេតុអ្វីបានជាបរិវត្តកម្មឌីជីថលអាចក្លាយជាអាទិភាពមួយរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ?

ជាច្រើនឆ្នាំកន្លងមកនេះ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់ ដោយតភ្ជាប់បណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេសជាមួយបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន។ តាមរយៈការចែករំលែកព័ត៌មាន និងការជួយគាំទ្រដល់គ្រប់ភាគីក្នុងការផ្លាស់ប្តូរយោបល់ សម្របសម្រួល សហភាពបានជួយឱ្យបណ្តាអង្គការអន្តរជាតិយល់កាន់តែច្បាស់អំពីអាទិភាពអភិវឌ្ឍន៍នានារបស់វៀតណាម អាស្រ័យហេតុនោះកំណត់បាននូវទិសដៅត្រឹមត្រូវក្នុងកិច្ចសហប្រតិបត្តិការ។

ព័ត៌មានគ្រប់គ្រាន់ និងទាន់ពេលវេលា មានអត្ថន័យដ៏សំខាន់ចំពោះភាគីទាំងសងខាង។ បណ្តាអង្គការអន្តរជាតិត្រូវការយល់ឱ្យច្បាស់អំពីអាទិភាពអភិវឌ្ឍន៍របស់វៀតណាម និងតម្រូវការជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ដើម្បីកំណត់វិស័យសហប្រតិបត្តិការសមស្រប។ ផ្ទុយទៅវិញ បណ្តាស្ថាប័ន និងមូលដ្ឋានក៏ត្រូវការមានព័ត៌មានកាន់តែច្បាស់អំពីសមត្ថភាព បទពិសោធន៍ និងចំណុចខ្លាំងរបស់ដៃគូអន្តរជាតិនីមួយៗផងដែរ។ បរិវត្តកម្មឌីជីថល ប្រសិនបើត្រូវបានជំរុញចំទិសដៅ នឹងជួយបង្រួមគម្លាតព័ត៌មាននេះប្រកបដោយប្រសិទ្ធភាព និងចីរភាព។

បរិវត្តកម្មឌីជីថលមិនត្រឹមតែជួយបង្កើនល្បឿននៃការសម្របសម្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងដំណើរការអនុវត្តបណ្តាកម្មវិធីជួយឧបត្ថម្ភដល់សហគមន៍ ដែលជាចំណុចដែលទាំងភាគីវៀតណាម និងដៃគូអន្តរជាតិសុទ្ធតែយកចិត្តទុកដាក់ជាពិសេស។

ជាពិសេស ចំពោះ World Vision យើងខ្ញុំមានបំណងចង់ឱ្យការងារបរិវត្តកម្មឌីជីថលរួមចំណែកប្រមូលផ្តុំប្រភពធនធាន និងការយកចិត្តទុកដាក់កាន់តែច្រើនសម្រាប់ការអភិវឌ្ឍនៃសហគមន៍ងាយរងគ្រោះ ព្រមទាំងកែលម្អសុខុមាលភាពសម្រាប់កុមារ ដែលជាមុខសញ្ញាស្នូលនៅក្នុងគ្រប់កម្មវិធីរបស់យើងខ្ញុំនៅវៀតណាម។ នៅពេលដែលព័ត៌មានត្រូវបានតភ្ជាប់ដោយរលូនរវាងភាគីទាំងឡាយនោះ ប្រភពធនធានជួយឧបត្ថម្ភនឹងទៅដល់ចំកន្លែង ចំពេលវេលា និងចំតម្រូវការជាក់ស្តែង នាំមកនូវផលជះជាក់ស្តែង និងយូរអង្វែងសម្រាប់ក្រុមប្រជាជនដែលត្រូវការអាទិភាពបំផុត។

លោកស្រី Vu Thi Nga (នៅកណ្តាល) នាយិកាប្រតិបត្តិនៃ World Vision International ប្រចាំនៅវៀតណាម អញ្ជើញទៅសួរសុខទុក្ខកុមារតូចៗនៅតំបន់ភ្នំដែលមានជីវភាពរស់នៅលំបាក។
លោកស្រី Vu Thi Nga (នៅកណ្តាល) នាយិកាប្រតិបត្តិនៃ World Vision International ប្រចាំនៅវៀតណាម អញ្ជើញទៅសួរសុខទុក្ខកុមារតូចៗនៅតំបន់ភ្នំដែលមានជីវភាពរស់នៅលំបាក។

ស្នើសុំលោកស្រីផ្តល់មតិយោបល់អំពីប្រសិទ្ធភាពនៃគោលការណ៍នេះ?

នៅក្នុងបរិបទដែលបណ្តាប្រភពជំនួយបែបប្រពៃណីកំពុងមានការផ្លាស់ប្តូរ ការកៀងគរប្រភពធនធានអន្តរជាតិមិនអាចគ្រាន់តែយល់ថាជាការទាក់ទាញហិរញ្ញវត្ថុនោះឡើយ។

ប្រភពធនធានអន្តរជាតិនៅរួមបញ្ចូលទាំងចំណេះដឹង ជំនាញបច្ចេកទេស បទពិសោធន៍ ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងសមត្ថភាពតភ្ជាប់បណ្តាដៃគូសកលផងដែរ។ ហេតុដូច្នេះហើយ បញ្ហាមិនត្រឹមតែជាការកៀងគរបានប្រភពធនធានច្រើនកម្រិតណានោះទេ ប៉ុន្តែថែមទាំងត្រូវកំណត់ឱ្យបានច្បាស់អំពីតម្រូវការអភិវឌ្ឍន៍របស់វៀតណាម ជ្រើសរើសចំដៃគូ និងកសាងយន្តការសម្របសម្រួលឱ្យបានសមស្រប។

បរិវត្តកម្មឌីជីថលអាចជួយគាំទ្រដល់ដំណើរការនេះ តាមរយៈការលើកកម្ពស់លទ្ធភាពចែករំលែក និងការទទួលបានព័ត៌មានរវាងភាគីទាំងឡាយ។ នៅពេលដែលតម្រូវការរបស់មូលដ្ឋាន អាទិភាពអភិវឌ្ឍន៍នានារបស់វៀតណាម និងសមត្ថភាពរបស់អង្គការអន្តរជាតិនីមួយៗត្រូវបានបញ្ជាក់ឱ្យកាន់តែច្បាស់នោះ ការជ្រើសរើសដៃគូ និងការកំណត់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនឹងមានមូលដ្ឋានដើម្បីដើរចំចំណុចស្នូលជាងមុន។ ការងារនេះក៏ជួយកាត់បន្ថយស្ថានភាពដែលប្រភពធនធានត្រូវរាយប៉ាយ ឬមិនទាន់ត្រូវគ្នានឹងតម្រូវការជាក់ស្តែង។ នៅពេលដែលភាគីទាំងឡាយមានព័ត៌មានគ្រប់គ្រាន់ និងយល់ច្បាស់អំពីសមត្ថភាពរបស់គ្នាទៅវិញទៅមក ប្រភពធនធានអន្តរជាតិតាំងពីហិរញ្ញវត្ថុ រហូតដល់ចំណេះដឹង ជំនាញបច្ចេកទេស បទពិសោធន៍ និងការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត អាចត្រូវបានកៀងគរ និងប្រើប្រាស់ឱ្យកាន់តែសមស្របជាមួយគោលដៅអភិវឌ្ឍន៍។

ទន្ទឹមនឹងនោះ ខ្ញុំយល់ឃើញថា បរិវត្តកម្មឌីជីថលនៅនាំមកនូវតម្លៃដ៏សំខាន់មួយទៀត គឺសមត្ថភាពតាមដាន វាស់វែង និងវាយតម្លៃផលជះនៃបណ្តាកម្មវិធីសហប្រតិបត្តិការបានទាន់ពេលវេលា និងកាន់តែសុក្រឹតជាងមុន។ ចំពោះ World Vision ទិន្នន័យដែលត្រូវបានធ្វើបរិវត្តកម្មឌីជីថល និងចែករំលែកប្រកបដោយតម្លាភាពរវាងគ្រប់ភាគី ជួយឱ្យយើងខ្ញុំមិនត្រឹមតែរាយការណ៍លទ្ធផលបានកាន់តែលឿនប៉ុណ្ណោះទេ ថែមទាំងកែសម្រួលវិធីសាស្ត្រអនុវត្តជាបន្តបន្ទាប់ ដើម្បីឱ្យកម្មវិធីឆ្លើយតបបានយ៉ាងពិតប្រាកដចំពោះតម្រូវការរបស់កុមារ និងសហគមន៍ងាយរងគ្រោះ។ នេះហើយគឺជាគ្រឹះដើម្បីឱ្យប្រភពធនធានអន្តរជាតិ ទោះបីជាមកពីហិរញ្ញវត្ថុ ឬចំណេះដឹងក្តី ត្រូវបានប្រែក្លាយទៅជាការផ្លាស់ប្តូរប្រកបដោយចីរភាព និងអាចវាស់វែងបាននៅក្នុងជីវភាពរស់នៅរបស់ប្រជាជន។

លោកស្រី Vu Thi Nga (នៅខាងឆ្វេង) នាយិកាប្រតិបត្តិនៃ World Vision International ប្រចាំនៅវៀតណាម អញ្ជើញទៅសួរសុខទុក្ខគ្រួសារមួយដែលរងការខូចខាតដោយសារការបាក់ដីនៅ Dien Bien នាឆ្នាំ ២០២៥។
លោកស្រី Vu Thi Nga (នៅខាងឆ្វេង) នាយិកាប្រតិបត្តិនៃ World Vision International ប្រចាំនៅវៀតណាម អញ្ជើញទៅសួរសុខទុក្ខគ្រួសារមួយដែលរងការខូចខាតដោយសារការបាក់ដីនៅ Dien Bien នាឆ្នាំ ២០២៥។

តើលោកស្រីវាយតម្លៃយ៉ាងណាចំពោះការយល់ឃើញថា៖ បរិវត្តកម្មឌីជីថលបើកចេញនូវបណ្តាវិស័យកិច្ចសហប្រតិបត្តិការថ្មីៗរវាង World Vision និងបណ្តាដៃគូវៀតណាម?

នៅក្នុងបរិបទដែលវៀតណាមផ្តល់អាទិភាពដល់បរិវត្តកម្មឌីជីថល World Vision មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលផ្សារភ្ជាប់ដោយផ្ទាល់ជាមួយកុមារ និងយុវវ័យ ជាពិសេសគឺការលើកកម្ពស់ជំនាញឌីជីថល និងការការពារកុមារនៅលើលំហអ៊ីនធឺណិត។

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាកំពុងបង្កើតឱ្យមានកាលានុវត្តភាពថ្មីៗជាច្រើនក្នុងការរៀនសូត្រ ការទទួលបានព័ត៌មាន និងការអភិវឌ្ឍជំនាញ ព្រមទាំងដាក់ចេញនូវតម្រូវការថ្មីៗចំពោះការបំពាក់បំប៉នដល់កុមារ និងយុវវ័យនូវសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព សមស្រប និងប្រកបដោយការទទួលខុសត្រូវ។ ហេតុដូច្នេះហើយ ការលើកកម្ពស់ជំនាញឌីជីថលមិនត្រឹមតែជាការជួយឱ្យកុមារទទួលបានបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្អូនៗបន្ស៊ាំបានកាន់តែល្អប្រសើរជាមួយការផ្លាស់ប្តូរនៃបរិយាកាសឌីជីថលផងដែរ។

ទន្ទឹមនឹងការអនុវត្តពង្រីកវិស័យកិច្ចសហប្រតិបត្តិការនានា ចំណុចសំខាន់គឺបណ្តាកម្មវិធីត្រូវតែចេញមកពីតម្រូវការជាក់ស្តែង និងត្រូវបានអនុវត្តលើមូលដ្ឋាននៃការសម្របសម្រួលយ៉ាងសមស្របរវាងភាគីទាំងឡាយ។ នៅក្នុងបរិបទដែលបណ្តាប្រភពជំនួយបែបប្រពៃណីកំពុងមានការផ្លាស់ប្តូរ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការមិនត្រឹមតែស្ថិតនៅលើប្រភពធនធានហិរញ្ញវត្ថុដែលកៀងគរបាននោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើសមត្ថភាពពង្រីកចំណេះដឹង ជំនាញបច្ចេកទេស បទពិសោធន៍ ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងបណ្តាញដៃគូអន្តរជាតិផងដែរ។

ដើម្បីឱ្យប្រភពធនធានទាំងនេះបង្កើតបានជាផលជះយូរអង្វែង បណ្តាស្ថាប័ន មូលដ្ឋាន និងអង្គការអន្តរជាតិនានា ត្រូវការយល់ឱ្យច្បាស់អំពីតម្រូវការ សមត្ថភាព និងតួនាទីរបស់គ្នាទៅវិញទៅមក អាស្រ័យហេតុនោះកំណត់បានចំគោលដៅ និងរបៀបរបបសហប្រតិបត្តិការសមស្រប។

World Vision មានបំណងចង់បន្តរួមដំណើរជាមួយបណ្តាដៃគូវៀតណាម មិនត្រឹមតែក្នុងវិស័យប្រពៃណីនានាដូចជា ការការពារកុមារ ការអប់រំ សុខាភិបាល អាហារូបត្ថម្ភ និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងពង្រីកទៅកាន់ខ្លឹមសារថ្មីៗដែលផ្សារភ្ជាប់ជាមួយបរិវត្តកម្មឌីជីថលទៀតផង។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី!

ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា
យុគសម័យ - នារសៀលថ្ងៃទី ២៤ ខែសីហា ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សទាំងបី វៀតណាម - ឡាវ - កម្ពុជា ដោយបានផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម អភិបាលកិច្ចទីក្រុង ការបំប្លែងឌីជីថល ការអភិវឌ្ឍប្រភពធនធានមនុស្ស និងការងារកសាងបក្ស។
ការការពារកម្មសិទ្ធិបញ្ញានៅលើបរិស្ថានឌីជីថល៖ ពីការចាត់វិធានការលើការបំពាន រហូតដល់អភិបាលកិច្ចប្រកបដោយភាពម្ចាស់ការ ការការពារកម្មសិទ្ធិបញ្ញានៅលើបរិស្ថានឌីជីថល៖ ពីការចាត់វិធានការលើការបំពាន រហូតដល់អភិបាលកិច្ចប្រកបដោយភាពម្ចាស់ការ
យុគសម័យ - ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃផលិតផលវប្បធម៌ និងសិល្បៈទៅកាន់បរិស្ថានឌីជីថល កំពុងបង្កើតឡើងនូវប្រភពធនធានសេដ្ឋកិច្ចដ៏ធំធេង ព្រមទាំងដាក់ចេញនូវតម្រូវការបន្ទាន់ក្នុងការផ្លាស់ប្តូរថ្មីវិធីសាស្ត្រការពារកម្មសិទ្ធិបញ្ញា។ ចាប់ពីការសុក្រឹតស្ថាប័ន តម្លាភាពទិន្នន័យ AI រហូតដល់ការអនុវត្តបច្ចេកវិទ្យា blockchain និងការកសាងយន្តការអនុវត្តប្រកបដោយភាពម្ចាស់ការ បណ្តាអ្នកជំនាញបានចាត់ទុកថា ចាំបាច់ត្រូវមានដំណោះស្រាយប្រកបដោយភាពព្រមៗគ្នា ដើម្បីការពារសិទ្ធិ ទាញយកតម្លៃច្នៃប្រឌិត និងអភិវឌ្ឍឧស្សាហកម្មវប្បធម៌។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គ្រោះមហន្តរាយមួយប្រែក្លាយជាសុភមង្គល
សូមអញ្ជើញមកលេងស្រុកកំណើតថ្មីរបស់ខ្ញុំ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
ការប្រែក្លាយអត្តសញ្ញាណមូលដ្ឋានទៅជា "ម៉ាកសញ្ញា" កិច្ចការបរទេស
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ

អានច្រើនបំផុត

ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ