យុគសម័យ - តើអ្វីដែលបង្កើតបានជាភាពទាក់ទាញនៃមូលដ្ឋានមួយនៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ? ចំពោះសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Ha Noi នោះមិនត្រឹមតែជាបណ្តាកម្មវិធីផ្លាស់ប្តូរមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមត្ថភាពក្នុងការរៀបរាប់អំពីដំណើររឿងនៃតំបន់ដី មនុស្ស និងវប្បធម៌ តាមរយៈបទពិសោធជាក់ស្តែង អាស្រ័យហេតុនោះប្រែក្លាយអត្តសញ្ញាណមូលដ្ឋានទៅជាប្រៀបខ្លាំងនៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន។
| ចាំបាច់ត្រូវកសាងក្របខ័ណ្ឌលក្ខណវិនិច្ឆ័យវាយតម្លៃប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន “ដើម្បីផលប្រយោជន៍ជាតិ មាតុភូមិ” ក្នុងកិច្ចការបរទេសប្រជាជនគឺជាអ្វី? |
នៅពេលវប្បធម៌ក្លាយជា “ភាសា” កិច្ចការបរទេស
នៅក្នុងបរិបទដែលបណ្តាមូលដ្ឋានកាន់តែម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ភាពទាក់ទាញមិនត្រឹមតែមកពីសក្តានុពលសេដ្ឋកិច្ច ឬបណ្តាគម្រោងសហប្រតិបត្តិការខ្នាតធំប៉ុណ្ណោះទេ។ កន្លែងជាច្រើននៅលើពិភពលោកបានជ្រើសរើសយកវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណមូលដ្ឋានធ្វើជា “ភាសារួម” ដើម្បីកសាងទំនុកចិត្ត បំផុសការយោគយល់គ្នា និងពង្រីកទំនាក់ទំនងជាមួយមិត្តភក្តិអន្តរជាតិ។ កិច្ចការបរទេសប្រជាជនក៏អាស្រ័យហេតុនោះ មិនត្រឹមតែឈប់នៅត្រឹមការរៀបចំបណ្តាសកម្មភាពផ្លាស់ប្តូរមិត្តភាពនោះឡើយ ប៉ុន្តែឆ្ពោះទៅរកការរៀបរាប់ដំណើររឿងជាក់ស្តែងអំពីតំបន់ដី និងមនុស្ស។
![]() |
| លោកស្រី Tran Thi Phuong អនុប្រធានអចិន្ត្រៃយ៍នៃសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Ha Noi។ |
ចេញពីការអនុវត្តជាក់ស្តែងនៃសកម្មភាព សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Ha Noi ក៏បានជ្រើសរើសវិធីសាស្ត្រនេះផងដែរ។ ជំនួសឱ្យការកសាងបណ្តាកម្មវិធីដែលមានលក្ខណៈគំរូដើម Ha Noi បានយកតម្លៃនានាដែលបង្កើតបានជាអត្តសញ្ញាណនៃរដ្ឋធានីធ្វើជាចំណុចលេចធ្លោនៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន។ ងារជា «ទីក្រុងដើម្បីសន្តិភាព» ខឿនវប្បធម៌ដ៏យូរលង់ ប្រព័ន្ធបេតិកភណ្ឌ ភូមិរបរប្រពៃណី និងលំហវប្បធម៌ដ៏វិសេសវិសាល បានក្លាយជា «ឯកអគ្គរដ្ឋទូត» ផ្សព្វផ្សាយរូបភាព Ha Noi ទៅកាន់មិត្តភក្តិអន្តរជាតិ។
បណ្តាកម្មវិធីដូចជា កម្មវិធីផ្លាស់ប្តូរសិល្បៈអន្តរជាតិទទួលអំណរឆ្នាំថ្មី កម្មវិធីទស្សនានិទាឃរដូវមិត្តភាព កម្មវិធីផ្លាស់ប្តូរ «ពណ៌សម្បុរវប្បធម៌អាស៊ាន» ឬកម្មវិធីដំណើរជិះកង់មិត្តភាពដើម្បី Ha Noi បៃតង... ត្រូវបានរៀបចំឡើងតាមទិសដៅបង្កើនបទពិសោធជាក់ស្តែង។ រូបភាពបណ្តាឯកអគ្គរដ្ឋទូត អ្នកការទូត និងតំណាងបណ្តាអង្គការអន្តរជាតិ ចុះធ្វើកុលាលភាជន៍ Bat Trang ដោយផ្ទាល់ ត្បាញសូត្រ Van Phuc ឬស្វែងយល់ពីតម្លៃវប្បធម៌ប្រពៃណីនានា បានរួមចំណែកបង្កើតនូវដំណើររឿងកិច្ចការបរទេសដ៏រស់រវើក ងាយផ្សព្វផ្សាយ និងសម្បូរទៅដោយការបញ្ចុះបញ្ចូលចិត្ត លើសពីពាក្យណែនាំជាធម្មតាឆ្ងាយណាស់។
មូលដ្ឋាននីមួយៗសុទ្ធតែមានប្រៀបខ្លាំងផ្ទាល់ខ្លួនខាងប្រវត្តិសាស្ត្រ វប្បធម៌ ទេសភាព ឬភូមិរបរប្រពៃណី។ នៅពេលចេះទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីតម្លៃទាំងនោះនៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន អត្តសញ្ញាណមូលដ្ឋានមិនត្រឹមតែក្លាយជាស្លាកស្នាមសម្គាល់អត្តសញ្ញាណប៉ុណ្ណោះទេ ថែមទាំងបើកចេញនូវកាលានុវត្តភាពតភ្ជាប់ បង្កើនការយល់ដឹង និងបង្កើតជាគ្រឹះសម្រាប់បណ្តាទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងផងដែរ។
ពីស្លាកស្នាមវប្បធម៌រហូតដល់កាលានុវត្តភាពសហប្រតិបត្តិការ
ប្រសិនបើអត្តសញ្ញាណមូលដ្ឋានគឺជា «ចំណុចប៉ះពាល់» ដំបូងជាមួយមិត្តភក្តិអន្តរជាតិ នោះគោលដៅចុងក្រោយនៃកិច្ចការបរទេសប្រជាជននៅតែជាការបង្កើតឱ្យបាននូវតម្លៃជាក់ស្តែងនានាសម្រាប់ការអភិវឌ្ឍ។ នេះក៏ជាការប្រែប្រួលគួរឱ្យកត់សម្គាល់នៅក្នុងរបៀបរបបធ្វើការងាររបស់សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Ha Noi ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៖ ចាប់ពីបណ្តាសកម្មភាពផ្លាស់ប្តូរមិត្តភាពដែលមានលក្ខណៈដាច់ដោយឡែក មកជាវិធីសាស្ត្រពហុគោលដៅ ផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងកិច្ចការបរទេសប្រជាជនជាមួយការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃមូលដ្ឋាន។
យោងតាមនោះ សកម្មភាពកិច្ចការបរទេសជាច្រើនមិនត្រឹមតែឆ្ពោះទៅរកការពង្រឹងចំណងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងត្រូវបានបញ្ចូលគ្នាជាមួយការជំរុញកិច្ចសហប្រតិបត្តិការ ការផ្សព្វផ្សាយបរិយាកាសវិនិយោគ ការតភ្ជាប់ធុរកិច្ច ការពង្រីកទំនាក់ទំនងជាមួយបណ្តាអង្គការអន្តរជាតិ និងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស។ របៀបរបបធ្វើការងារនេះជួយឱ្យកម្មវិធីផ្លាស់ប្តូរមិត្តភាពនីមួយៗក្លាយជាកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជំនួសឱ្យការបញ្ចប់ទៅវិញត្រឹមតែក្រោយជំនួបប្រាស្រ័យ ឬបណ្តាសកម្មភាពដែលមានលក្ខណៈពិធីការនោះឡើយ។
ដើម្បីអនុវត្តឱ្យសម្រេចបាននូវគោលដៅនោះ សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Ha Noi ក៏បានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងការប៉ាន់ប្រមាណទុកជាមុននៅក្នុងការងារកិច្ចការបរទេសប្រជាជនផងដែរ។ ការធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីសភាពការណ៍អន្តរជាតិ ការបង្កើនការផ្លាស់ប្តូរយោបល់ជាមួយក្រុមអ្នកជំនាញ បញ្ញវន្ត និងបណ្តាអង្គការអន្តរជាតិ មិនត្រឹមតែបម្រើដល់ការងារផ្តល់យោបល់ប្រឹក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្នុងការជ្រើសរើសចំដៃគូ ចំពេលវេលា និងចំខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទៀតផង។ ហេតុដូច្នេះហើយ ការស្រាវជ្រាវ និងការប៉ាន់ប្រមាណទុកជាមុន ត្រូវតែក្លាយជាឧបករណ៍ជួយគាំទ្រដល់ការកសាងផែនការសកម្មភាពកិច្ចការបរទេសប្រជាជន នៅក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងកាន់តែពិបាកប៉ាន់ប្រមាណទុកជាមុន។
![]() |
| កម្មវិធីផ្លាស់ប្តូរមិត្តភាព «ពណ៌សម្បុរវប្បធម៌អាស៊ានឆ្នាំ ២០២៦» រៀបចំឡើងដោយសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Ha Noi សហការជាមួយស្ថានទូតហ្វីលីពីន និងស្ថានទូតបណ្តាប្រទេសអាស៊ានប្រចាំនៅវៀតណាម នាថ្ងៃទី ១៩ ខែសីហា នៅ Ha Noi។ |
បទពិសោធមួយផ្សេងទៀតដែលត្រូវបានសហភាពបណ្តាអង្គការមិត្តភាពទីក្រុង Ha Noi ដកស្រង់ចេញមក គឺការពង្រីកកម្លាំងពលំនៃសង្គមទាំងមូលនៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន។ ជំនួសឱ្យការប្រមូលផ្តុំគ្រប់សកម្មភាពទៅលើច្រកចេញចូលតែមួយ សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Ha Noi បង្កើតលក្ខខណ្ឌឱ្យបណ្តាសមាគមមិត្តភាពជាសមាជិកពង្រីកចំណុចខ្លាំងផ្ទាល់ខ្លួន ព្រមទាំងបង្កើនការសម្របសម្រួលជាមួយបណ្តាមន្ទីរ ស្ថាប័ន និងដៃគូអន្តរជាតិក្នុងការកៀងគរ និងសម្របសម្រួលប្រភពធនធាន។ ជាពិសេស នៅក្នុងវិស័យជំនួយមិនមែនរដ្ឋាភិបាលបរទេស វិធីសាស្ត្រម្ចាស់ការរួមដំណើរជាមួយដៃគូ ជួយសម្រួលនីតិវិធី តភ្ជាប់ជាមួយមូលដ្ឋាន និងតាមដានប្រសិទ្ធភាពនៃការអនុវត្ត បានរួមចំណែកនាំយកប្រភពធនធានអន្តរជាតិទៅដល់ចំតំបន់ និងក្រុមកំណត់មុខសញ្ញាដែលមានតម្រូវការជាក់ស្តែង។
ចេញពីការអនុវត្តជាក់ស្តែងអាចមើលឃើញថា កិច្ចការបរទេសប្រជាជនសព្វថ្ងៃនេះ មិនត្រឹមតែត្រូវបានវាស់វែងដោយចំនួនសកម្មភាព ឬបណ្តាជំនួបប្រាស្រ័យដែលត្រូវបានរៀបចំឡើងនោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺសមត្ថភាពប្រែក្លាយទំនាក់ទំនងមិត្តភាពទាំងឡាយឱ្យទៅជាបណ្តាកម្មវិធីសហប្រតិបត្តិការជាក់លាក់ កៀងគរប្រភពធនធានបម្រើការអភិវឌ្ឍ និងផ្សព្វផ្សាយរូបភាពមូលដ្ឋានប្រកបដោយចីរភាព។ នោះក៏ជាទិសដៅដែលមូលដ្ឋានជាច្រើនអាចយកជាឯកសារយោង នៅក្នុងដំណើរការផ្លាស់ប្តូរថ្មីសកម្មភាពកិច្ចការបរទេសប្រជាជន ចំពោះមុខតម្រូវការនៃដំណាក់កាលអភិវឌ្ឍន៍ថ្មី៕
យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែសីហា នៅទីក្រុងកង់បេរ៉ា (អូស្ត្រាលី) រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានធ្វើជាសហប្រធានសន្និសីទរដ្ឋមន្ត្រីការបរទេសវៀតណាម – អូស្ត្រាលី លើកទី ៨ រួមចំណែកជំរុញការអនុវត្តបណ្តាខ្លឹមសារកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ |
យុគសម័យ - នាថ្ងៃទី ១២ ខែសីហា នៅ Ha Noi គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស ក្រសួងការបរទេស បានសហការជាមួយបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន និងបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស រៀបចំពិធីបូកសរុបទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស ឆ្នាំ ២០២៦ ដោយមានការចូលរួមពីប្រតិភូប្រមាណ ៨០ នាក់នៅ Ha Noi និងជាង ១០០ ចំណុចតភ្ជាប់នៅលើពិភពលោក។ |


មតិពីមិត្តអ្នកអាន