បង្កើតប្រព័ន្ធអេកូឡូស៊ីថែរក្សា និងផ្សព្វផ្សាយភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស

15:31 | 18/08/2026 សុវណ្ណ

យុគសម័យ - នាថ្ងៃទី ១២ ខែសីហា នៅ Ha Noi គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស ក្រសួងការបរទេស បានសហការជាមួយបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន និងបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស រៀបចំពិធីបូកសរុបទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស ឆ្នាំ ២០២៦ ដោយមានការចូលរួមពីប្រតិភូប្រមាណ ៨០ នាក់នៅ Ha Noi និងជាង ១០០ ចំណុចតភ្ជាប់នៅលើពិភពលោក។

ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី ទីក្រុងហូជីមិញ៖ ទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” ផ្សព្វផ្សាយទូលំទូលាយនូវចំណងមិត្តភាព

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់រួមផ្សំជាមួយប្រព័ន្ធអនឡាញ ដោយតភ្ជាប់បណ្តាមូលដ្ឋាន ទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស សមាគម អង្គការ គ្រឹះស្ថានបង្រៀនភាសាវៀតណាម លោកគ្រូអ្នកគ្រូ និងបងប្អូនអាណិកជន។

ពិធីបូកសរុបបានប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ 23-NQ/TW ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៦ ស្តីពីការងារជនជាតិវៀតណាមនៅឯបរទេស។ សេចក្តីសម្រេចចិត្តបានកំណត់គោលដៅលើកកម្ពស់តួនាទីរបស់ជនជាតិវៀតណាមនៅឯបរទេសក្នុងការថែរក្សាភាសាវៀតណាម អត្តសញ្ញាណវប្បធម៌ជាតិ និងការពង្រឹងការផ្សារភ្ជាប់ជាមួយមាតុភូមិ ប្រទេសជាតិ ព្រមទាំងលើកទឹកចិត្តឱ្យជនជាតិវៀតណាមនៅឯបរទេសម្នាក់ៗលើកកម្ពស់តួនាទីជា «ឯកអគ្គរាជទូតវប្បធម៌» «ឯកអគ្គរាជទូតមិត្តភាព» ក្នុងការឧទ្ទេសនាម ផ្សព្វផ្សាយប្រទេសជាតិ និងមនុស្សជាតិវៀតណាម។

ការរក្សា និងផ្សព្វផ្សាយភាសាវៀតណាម និងវប្បធម៌វៀតណាមក្នុងសហគមន៍ មិនត្រឹមតែរួមចំណែកថែរក្សាអត្តសញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងមនោសញ្ចេតនា មោទនភាព និងការផ្សារភ្ជាប់របស់ជនជាតិវៀតណាមគ្រប់ជំនាន់នៅឯបរទេសជាមួយមាតុភូមិ។ នេះក៏ជាមូលដ្ឋានដើម្បីបន្តជំរុញសកម្មភាពបង្រៀន រៀនភាសាវៀតណាម ការផ្លាស់ប្តូរវប្បធម៌ និងការឆ្ពោះទៅកាន់ប្រភពដើមផងដែរ។

អនុរដ្ឋមន្ត្រី Le Thi Thu Hang ថ្លែងមតិនៅក្នុងពិធី។
អនុរដ្ឋមន្ត្រី Le Thi Thu Hang ថ្លែងមតិនៅក្នុងពិធី។

ថ្លែងមតិបើកពិធី អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានអះអាងថា ភាសាវៀតណាមមិនត្រឹមតែជាមធ្យោបាយរក្សាទុក និងផ្ទេរបន្តនូវគុណតម្លៃវប្បធម៌នានាប៉ុណ្ណោះទេ ថែមទាំងជាខ្សែចំណងតភ្ជាប់ជនជាតិវៀតណាមគ្រប់ជំនាន់នៅឯបរទេសជាមួយមាតុភូមិ ប្រទេសជាតិទៀតផង។

យោងតាមអនុរដ្ឋមន្ត្រី សេចក្តីសម្រេចចិត្តលេខ 23-NQ/TW បានដាក់ចេញនូវតម្រូវការក្នុងការផ្លាស់ប្តូរថ្មីវិធីសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវ ការបង្រៀន និងការលើកតម្កើងភាសាវៀតណាម ចលនាបណ្តាប្រទេសដែលមានជនជាតិវៀតណាមរស់នៅច្រើនឱ្យបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីអប់រំ គាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន និងជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថល។

បន្ទាប់ពីការអនុវត្តអស់រយៈពេលជិតបួនឆ្នាំ គម្រោងទិវាលើកតម្កើងភាសាវៀតណាម ដំណាក់កាល ២០២៣-២០៣០ កំពុងដំណើរការទៅត្រូវទិសដៅ។ ទោះជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការថែរក្សាភាសាវៀតណាមជាដំបូងចាំបាច់ត្រូវក្លាយជាតម្រូវការផ្ទាល់ខ្លួន និងជាមោទនភាពរបស់គ្រួសារនីមួយៗ និងសហគមន៍នីមួយៗ។ រដ្ឋដើរតួនាទីតម្រង់ទិស បង្កើតលក្ខខណ្ឌ និងរួមដំណើរជាមួយ ខណៈដែលក្រុមគ្រួសារនៅតែជាបរិយាកាសដែលភាសាវៀតណាមត្រូវបានផ្ទេរបន្តតាមបែបធម្មជាតិ និងប្រកបដោយចីរភាពបំផុត។

រាយការណ៍អំពីស្ថានភាពអនុវត្តគម្រោង លោកស្រី Nguyen Quynh Mai អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស បានឱ្យដឹងថាក្នុងឆ្នាំ ២០២៦ គណៈកម្មាធិការបានរៀបចំពិធីបំផុសចលនាដោយមាន ១៥០ ចំណុចតភ្ជាប់ក្នុងនិងក្រៅប្រទេស ផ្លាស់ប្តូរថ្មីកម្មវិធីស្វែងរកទូតសុឆន្ទៈភាសាវៀតណាមតាមទម្រង់នៃការពិនិត្យជ្រើសរើសសំណុំឯកសារ ដោយបានទទួល ៥៧ សំណុំឯកសារពី ២២ ប្រទេសនិងដែនដី កសាងទូសៀវភៅភាសាវៀតណាមចំនួន ០៤ នៅប្រទេសថៃ សិង្ហបុរី ប្រ៊ុយណេ និងគាំទ្រសៀវភៅ ឯកសារជិត ៥.០០០ ក្បាលសម្រាប់សហគមន៍។

យោងតាមលោកស្រី Nguyen Quynh Mai លទ្ធផលលេចធ្លោទាំងបីរួមមាន ការងារសេនាធិការ ណែនាំ និងការសម្របសម្រួលអនុវត្តកាន់តែមានភាពស៊ីសង្វាក់គ្នា ចលនាថែរក្សា និងផ្សព្វផ្សាយភាសាវៀតណាមត្រូវបានអនុវត្តចាប់ពីអាស៊ី អឺរ៉ុប រហូតដល់អាមេរិកខាងជើង មជ្ឈិមបូព៌ា និងអាហ្វ្រិក ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើនដែលកើតចេញពីតម្រូវការជាក់ស្តែងរបស់សហគមន៍ ការយល់ដឹង និងសកម្មភាពរបស់ក្រុមគ្រួសារ សមាគម និងយុវជនជំនាន់ក្រោយមានការវិវត្តជាវិជ្ជមាន។

ទន្ទឹមនឹងលទ្ធផលសម្រេចបាន ការងារនេះនៅតែប្រឈមមុខនឹងការលំបាកអំពីធនធាន ការអភិវឌ្ឍមិនទាន់ស្មើគ្នារវាងតំបន់នានា និងបញ្ហាប្រឈមក្នុងការទាក់ទាញយុវជនជំនាន់ក្រោយ។ ភារកិច្ចគន្លឹះចំនួន ៥ នាពេលខាងមុខរួមមាន ការលើកកម្ពស់គុណភាពនៃការគាំទ្រការបង្រៀន និងរៀនភាសាវៀតណាម ការលើកកម្ពស់តួនាទីជាប្រធានបទរបស់សហគមន៍ ការធ្វើសង្គមភាវូបនីយកម្មធនធាន ការយកចិត្តទុកដាក់បន្ថែមទៀតចំពោះយុវជនជំនាន់ក្រោយ និងការជំរុញការផ្សព្វផ្សាយ។

បទអន្តរាគមន៍នានានៅក្នុងពិធីបូកសរុបបានផ្តោតលើទិសដៅធំៗចំនួនបី៖ ស្តង់ដារភាវូបនីយកម្មជំនាញវិជ្ជាជីវៈ ការអនុវត្តបច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់តួនាទីជាប្រធានបទរបស់សហគមន៍។

តំណាងក្រសួងអប់រំ និងបណ្តុះបណ្តាល បានយល់ឃើញថា ចាំបាច់ត្រូវផ្លាស់ប្តូរពីសកម្មភាពគាំទ្រដាច់ដោយឡែក ទៅជាការកសាងប្រព័ន្ធអេកូឡូស៊ីបង្រៀន និងរៀនភាសាវៀតណាមមួយប្រកបដោយភាពស៊ីសង្វាក់គ្នា។ ភារកិច្ចគន្លឹះចំនួនពីរត្រូវបានកំណត់គឺ ស្តង់ដារភាវូបនីយកម្មកម្មវិធីតាមទិសដៅមានស្តង់ដាររួមមួយប៉ុន្តែអនុវត្តប្រកបដោយភាពបត់បែន ព្រមទាំងធ្វើឌីជីថលភាវូបនីយកម្មឯកសារសិក្សា និងកសាងឃ្លាំងទិន្នន័យឯកសារសិក្សាឌីជីថលសម្រាប់ប្រើប្រាស់រួម។

ពិធីបូកសរុបទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស ឆ្នាំ ២០២៦។
ពិធីបូកសរុបទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស ឆ្នាំ ២០២៦។

លោកស្រី Nguyen Phuong Ha អនុប្រធានគណៈកម្មការទូរទស្សន៍កិច្ចការបរទេស នៃទូរទស្សន៍ជាតិវៀតណាម បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ មកទល់បច្ចុប្បន្ន គណៈកម្មការបានផលិតកម្មវិធីបង្រៀនភាសាវៀតណាមជាង ៤០០ កម្មវិធី ដោយផ្សារភ្ជាប់ការរៀនភាសាជាមួយវប្បធម៌ ទេសចរណ៍ និងបទពិសោធន៍ជីវិតជាក់ស្តែង ព្រមទាំងចែកចាយនៅលើបណ្តាថ្នាលឌីជីថល។

លោកស្រីបានស្នើឱ្យមានការសហការជាមួយគណៈកម្មាធិការ និងបណ្តាសមាគម អង្គការ ដើម្បីកសាងលំហតភ្ជាប់តាមប្រព័ន្ធអនឡាញ សំដៅឱ្យក្រុមគ្រូបង្រៀនភាសាវៀតណាមនៅលើសកលលោកអាចចែករំលែកកម្រងមេរៀន បទបង្រៀន និងបទពិសោធន៍នៃការបង្រៀន។

បណ្ឌិត Vu Hoai Nam តំណាងបណ្ឌិត្យសភាបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ បានឧទ្ទេសនាមថ្នាល Tieng Viet TV កំណែ ២.០ ដែលអនុវត្តបញ្ញាសិប្បនិម្មិត និងដំណើរការភាសាធម្មជាតិ ដើម្បីវាយតម្លៃកម្រិតភាសា ធ្វើបុគ្គលភាវូបនីយកម្មលើផែនទីបង្ហាញផ្លូវនៃការសិក្សា និងការបញ្ចូលទម្រង់ហ្គេម ដើម្បីរក្សាទម្លាប់រៀនសូត្រ។

នៅក្នុងទស្សនៈសហគមន៍ ទូតសុឆន្ទៈភាសាវៀតណាមឆ្នាំ ២០២៦ Nguyen Phuong Chung នៅអាមេរិក និងទូតសុឆន្ទៈភាសាវៀតណាមឆ្នាំ ២០២៤ Thuy Le Scherello នៅអាល្លឺម៉ង់ បានចែករំលែកបទពិសោធន៍នៃការរៀបចំថ្នាក់រៀន សកម្មភាពសហគមន៍ ក៏ដូចជាវិធីសាស្ត្របង្កើតចំណាប់អារម្មណ៍ក្នុងការរៀនភាសាវៀតណាមសម្រាប់កុមារវៀតណាមនៅក្នុងមូលដ្ឋាន។

តំណាងវេទិកាថែរក្សាភាសាវៀតណាម និងវប្បធម៌វៀតណាមនៅឯបរទេស និងបណ្តាញបង្រៀនភាសាវៀតណាម និងវប្បធម៌វៀតណាមនៅឯបរទេស លោក Nguyen Duy Anh បានរាយការណ៍អំពីលទ្ធផលនៃការតភ្ជាប់ក្រុមគ្រូបង្រៀន ការចែករំលែកកម្រងមេរៀន និងឯកសារសិក្សារវាងតំបន់នានា។

ក្រឡេកមើលឡើងវិញនូវដំណើរប្រតិបត្តិការរយៈពេល ០៥ ឆ្នាំ នៃវេទិកាថែរក្សាភាសាវៀតណាម និងវប្បធម៌វៀតណាមនៅឯបរទេស លោក Le Xuan Lam បានអះអាងថា៖ «ភាសាវៀតណាមត្រូវតែរស់នៅក្នុងក្រុមគ្រួសារ ក្នុងសាលារៀន និងក្នុងសហគមន៍ ត្រូវតែមានវត្តមាននៅក្នុងរឿងនិទានរបស់ជីដូនជីតា បទបំពេរបស់ម្តាយ បទចម្រៀងនានា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី បុណ្យសំពះព្រះខែ និងក្នុងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ប្រទេសជាតិ»។

លោកស្រី Nguyen Thi Thanh Tam ប្រធានក្លឹបបេតិកភណ្ឌវប្បធម៌ភាសាវៀតណាម បានស្នើដំណោះស្រាយសង្គមភាវូបនីយកម្មជាច្រើន ដូចជាការយកក្រុមគ្រួសារជាមូលដ្ឋានគ្រឹះ ការបង្កើតសហគមន៍ថែរក្សាភាសាវៀតណាម ការកសាងបណ្តាញទូតសុឆន្ទៈភាសាវៀតណាមសកលលោក និងបណ្តាញគ្រូបង្រៀនស្ម័គ្រចិត្តសកលលោក ការអភិវឌ្ឍឃ្លាំងឯកសារសិក្សាឌីជីថលសម្រាប់ចែករំលែកពហុថ្នាល ការជំរុញការបញ្ចូលភាសាវៀតណាមទៅក្នុងសាលារៀនមូលដ្ឋាន និងការរៀបចំការប្រកួតប្រជែងបង្កើតមាតិកាជាភាសាវៀតណាម។

តំណាងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាល លោកស្រី Le Bich Hong អ្នកជំនាញអប់រំនៅវិទ្យាស្ថានស្រាវជ្រាវអប់រំអភិវឌ្ឍន៍សក្តានុពលមនុស្ស IPD នាយិកាមជ្ឈមណ្ឌលបង្រៀនភាសាវៀតណាមនៅកូរ៉េខាងត្បូង បានចែករំលែកបទពិសោធន៍ក្នុងការថែរក្សាភាសាវៀតណាមក្នុងក្រុមគ្រួសារ ក្នុងនោះមានការដោះស្រាយស្ថានភាពដែលកុមារជាច្រើនស្តាប់យល់ភាសាវៀតណាម ប៉ុន្តែឆ្លើយតបជាភាសាក្នុងស្រុកវិញ។

ថ្លែងមតិបូកសរុបពិធី អនុរដ្ឋមន្ត្រី Le Thi Thu Hang បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងកម្មវិធី និងសៀវភៅពុម្ពសិក្សាឱ្យសមស្របទៅនឹងលក្ខណៈពិសេសនៃតំបន់នីមួយៗ ដោយសារតែតម្រូវការ និងលក្ខខណ្ឌនៃការបង្រៀន និងរៀនភាសាវៀតណាមនៅតាមតំបន់នីមួយៗមិនដូចគ្នាឡើយ។

អនុរដ្ឋមន្ត្រីបានស្នើឱ្យលោកគ្រូអ្នកគ្រូជាអាណិកជនផ្ញើកម្រងមេរៀនដែលបានរៀបរៀងដោយខ្លួនឯងត្រឡប់មកក្នុងប្រទេស។ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសនឹងធ្វើជាអង្គភាពបង្គោល សហការជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល ព្រមទាំងបណ្តាសាកលវិទ្យាល័យនានា ដើម្បីធ្វើស្តង់ដារភាវូបនីយកម្មឱ្យក្លាយជាបណ្តាកម្រងសៀវភៅពុម្ពសិក្សាដែលសមស្របសម្រាប់តំបន់នីមួយៗ។

អនុរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការធ្វើពិពិធកម្មវិធីសាស្ត្រទាក់ទាញអ្នករៀន តាមរយៈកម្មវិធីផ្សព្វផ្សាយនានា ដែលជាក់ស្តែងគឺបណ្តាកម្មវិធីបង្រៀនភាសាវៀតណាមនៅលើប៉ុស្តិ៍ VTV4 ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាទំនើបៗ ក្នុងនោះមានបញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រសកម្មភាពបង្រៀននៅលើប្រព័ន្ធបណ្តាញ។

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី Le Thi Thu Hang បានប្រគល់គ្រឿងឥស្សរិយយសរំលឹកអនុស្សាវរីយ៍ជូនចំពោះបុគ្គលចំនួន ០៣ រូប ដែលមានការរួមចំណែកយ៉ាងឆ្នើមក្នុងការងារថែរក្សា និងផ្សព្វផ្សាយភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស៕

ការតភ្ជាប់បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ ជំរុញកិច្ចសហប្រតិបត្តិការនិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ការតភ្ជាប់បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ ជំរុញកិច្ចសហប្រតិបត្តិការនិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី
យុគសម័យ - បណ្តាញច្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងបញ្ញវន្តវៀតណាមនៅតៃវ៉ាន់ (VIN Taiwan) នាពេលថ្មីៗនេះបានសហការជាមួយមជ្ឈមណ្ឌលច្នៃប្រឌិតផ្លាស់ប្តូរថ្មីជាតិ (NIC) និងកម្មវិធីអាហារូបករណ៍ INTENSE ចាត់តាំងការជួបជុំសហគមន៍បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ (ចិន) ឆ្នាំ ២០២៦ នេះគឺជាព្រឹត្តិការណ៍តភ្ជាប់និងផ្លាស់ប្តូរប្រចាំឆ្នាំខ្នាតធំរបស់សហគមន៍បញ្ញវន្តវៀតណាមដែលកំពុងសិក្សា ស្រាវជ្រាវនិងធ្វើការនៅតៃវ៉ាន់។
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុគសម័យ - នៅទីក្រុង Daegu (ប្រទេសកូរ៉េខាងត្បូង) ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Futsal Summer Cup 2026 ទើបតែបានប្រព្រឹត្តទៅប្រកបដោយជោគជ័យជាមួយការចូលរួមរបស់ក្រុមបាល់ទាត់ចំនួន ១៦ ដែលតំណាងឱ្យមូលដ្ឋាននិងសហគមន៍ប្រជាជនវៀតណាមយ៉ាងច្រើនកុះករប្រចាំនៅប្រទេសកូរ៉េខាងត្បូង។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើតប្រព័ន្ធអេកូឡូស៊ីថែរក្សា និងផ្សព្វផ្សាយភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស
សាលារៀនចំនួន ៥៥ អនុវត្តគំរូការងារសង្គមកិច្ច និងការពិគ្រោះយោបល់ផ្លូវចិត្តក្នុងសាលារៀន
ខេត្ត Quang Tri រំលឹកឡើងវិញនូវស្លាកស្នាមប្រវត្តិសាស្ត្ររបស់លោកប្រធាន Fidel Castro
វៀតណាម - ឥណ្ឌា៖ ពីសាមគ្គីភាពប្រវត្តិសាស្ត្រ រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពង្រឹង
ពង្រីកលំហកិច្ចសហប្រតិបត្តិការសហគ្រាស វៀតណាម - អ៊ូហ្គង់ដា

អានច្រើនបំផុត

ការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ "យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង"
ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តអំពីកិច្ចការជនជាតិវៀតណាមនៅបរទេស
បណ្តាចំណុចទម្លុះទម្លាយជាច្រើនអំពីការងារជនជាតិវៀតណាមនៅបរទេស
ការប្រកួតកីឡាវាយសីសហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន លើកទី ៣ ឆ្នាំ ២០២៦
អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ