យុគសម័យ - នាថ្ងៃទី ២១ ខែមេសា អគ្គលេខាធិការនៃអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) លោក Jurgen Stock បានថ្កោលទោសការវាយប្រហារបង្ហូរឈាមនៅប្រទេសស្រីលង្កានិងបានបញ្ជាក់ថា អង្គការនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយអាជ្ញាធរស្រីលង្កាស៊ើបអង្កេតនូវរឿងហេតុនេះ។
ប៉ូលីសស៊ើបអង្កេតនៅកន្លែងកើតហេតុការផ្ទុះគ្រាប់បែកនៅសណ្ឋាគារ Shangri-La ទីក្រុង Colombo ប្រទេសស្រីលង្កា ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ (រូបថត AFP /TTXVN)
បង្ហោះនៅលើបណ្តាញសង្គម Twitter លោក Stock បានលើកច្បាស់ថា “Interpol បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសស្រីលង្កា និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រដល់ការស៊ើបអង្កេតដោយអាជ្ញាធរស្រីលង្កាអនុវត្តន៍”។ យោងតាមលោក Stock ថា Interpol អាចបញ្ជូនក្រុមឯកទេសទៅកាន់ប្រទេសស្រីលង្កា ដើម្បីជួយការស៊ើបអង្កេត។
ការវាយប្រហារបំផ្ទុះគ្រាប់បែកបានកើតឡើងនៅថ្ងៃអាទិត្យនេះ ចំពេលដែលមនុស្សម្នាជាច្រើននាំគ្នាចូលរួមពិធីបុណ្យ គ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែង ផ្សេងទៀត ដូចជា Shangri-La, Cinnamon Grand និង Kingsbury ក្នុងទីក្រុង Colombo។ ប៉ុន្តែក្រោយក្នុងថ្ងៃ ដដែលក៏មានសេចក្ដីរាយការណ៍មានករណីផ្ទុះទី៧ និង៨កើតឡើងផងដែរនៅក្បែររដ្ឋធានីនៃប្រទេសស្រីលង្កា។
រដ្ឋាភិបាលស្រីលង្កាបានចេញបំរាមគោចរទូទាំងប្រទេសចាប់ពីម៉ោង ១៨ ដល់ ម៉ោង ៦ ព្រឹក ដែលមានសុពលភាពភ្លាមៗ និងអូសបន្លាយ ដរាបណាមានសេចក្តីជូនដំណឹងបន្ត។ យោងទៅតាមព័ត៌មានដំបូង ក្នុងចំណោមជនរងគ្រោះមានជនបរទេសរាប់សិបនាក់ ក្នុងនោះមានប្រជាពលរដ្ឋនៃសហរដ្ឋអាមេរិក អង់គ្លេស ហូឡង់ ជប៉ុននិងចិន។
រដ្ឋលេខាធិការក្រសួងការបរទេសបង់ក្លាដេស Shahriar Alam បានប្រកាសថាពលរដ្ឋពីរនាក់របស់ខ្លួនបានបាត់ខ្លួននៅស្រីលង្កា ចាប់តាំងពីមានការផ្ទុះគ្រាប់បែកពោលខាងលើ។ ពលរដ្ឋបង់ក្លាដែសទាំងពីរនាក់នេះ មានបុរសម្នាក់និងកូនម្នាក់នៅក្នុងគ្រួសារដូចគ្នា។ ប្រធានាធិបតីបង់ក្លាដេស លោក Abdul Hamid និងនាយករដ្ឋមន្ត្រី Sheikh Hasina បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាបន្តបន្ទាប់ និងបានសម្តែងនូវការសោកស្តាយផងដែរ។
បន្តប្រតិកម្មរបស់ប្រទេសនានា ចំពោះការវាយប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេសស្រីលង្កានោះ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានថ្កោលទោស "អំពើភេរវកម្មដ៏ថោកទាប”។ នៅថ្ងៃដដែលនោះ ប្រធានមហា សន្និបាតពិភពលោក លោក Ronald S. Lauder បានចេញសេចក្តីថ្លែងការណ៍មួយដោយសង្កត់ធ្ងន់ថា “ជនជាតិយូដា - និងមនុស្សស៊ីវិល័យទាំងអស់ - ថ្កោលទោសចំពោះអំពើដ៏ឃោរឃៅនេះ ហើយអំពាវនាវឲ្យគ្មានការមេត្តាករុណា ចំពោះអ្នកដែលប្រើប្រាស់ភេរវកម្មដើម្បីសម្រេចនូវគោលដៅរបស់ពួកគេ”។
ក្នុងថ្ងៃដដែល លោកនាយករដ្ឋមន្រ្តីលុចសំបួ Xavier Bettel បានចាត់ទុកថា ការវាយប្រហារលើព្រះវិហារជាច្រើនរបស់ស្រីលង្កានោះ គឺជាការប្រល័យពូជសាសន៍ប្រឆាំងនឹងសាសនិក ព្រមទាំងបានអំពាវនាវឱ្យមានការអធិស្ឋានដល់ជនរងគ្រោះផងដែរ។
ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានអះអាងថា “អំពើភេវរកម្មនិងភាពព្រៃផ្សៃនឹងមិនអាចឈ្មះយើងបានឡើយ”។ ប្រធានាធិបតីអៀរឡង់ លោក Michael D.Higgins បានសង្កត់ធ្ងន់ថា: “សេរីភាពនៃការអធិស្ឋានគឺជាសិទ្ធិមូលដ្ឋាន” ហើយបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនអៀរឡង់ជាមួយគ្រួសារជនរងគ្រោះ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន