Trending now

ទូត​ម៉ាឡេស៊ី​ លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា ​ចូលរួម​​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-​១៩

16:24 | 27/04/2020

ឯកអគ្គរាជទូត ​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​ឲ្យ​ល្អ​ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ ឲ្យ​បាត់​ពី​ពិភព​លោក​​។​

ពិធីប្រគល់អំណោយ។

កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែមេសា ​ឆ្នាំ​២០២០​ លោក Eldeen Husaini Bin Mohd Hashim ឯកអគ្គរាជទូត​នៃ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ចំពោះ​វិធីសាស្ត្រ​ និង​គោលនយោបាយ​នានា ​ដែល​កំពុងតែ​អនុវត្ត​ក្នុង​ការ​ដោះ​ស្រាយ​នូវ​មេរោគ​រាតត្បាត​មួយ​នេះ​ទាន់ពេលវេលា​។

លោក​ទូត ​ក៏បាន​សរសើរ​ផងដែរ ​ដល់​ប្រជាជន​កម្ពុជា​ មានការ​គោរព ​អនុវត្ត​តាមច្បាប់ និង​បទបញ្ជា​ដែល​រាជរដ្ឋាភិបាល​បានកំណត់ ដើម្បី​កុំឲ្យ​មានការ​រាតត្បាត​ពី​មេរោគ​នេះ​ជា​ទ្រង់ទ្រាយ​ធំ​។​

លោក​ទូត​បាន​បន្ថែមថា ​«​បុគ្គល​ម្នាក់ៗ​ អាច​ប្រឆាំងនឹង​ជំងឺ​នេះ​បាន ប៉ុន្តែ​យើង​មិន​អាច​ផ្ដួល​វា​បានទេ ប្រសិនបើ​យើង​គ្រប់គ្នា​មិន​បោះបង់ចោល​នូវ​ទម្លាប់​ភាព​រើសអើង ហើយ​ងាក​មក​រួបរួមសាមគ្គី​គ្នា​វិញ​ទេ​នោះ​។ យើង​ព្យាយាម​ឲ្យ​មនុស្ស​ទាំងអស់គ្នា​យល់ថា​ បើទោះបីជា​យើង​មាន​សាសនា ឬក៏​ជំនឿ​ខុស​ពី​គ្នា​ក៏​ពិតមែន តែ​ជំងឺ​នេះ​ វា​មិនបាន​កើតឡើង​ខុស​ភាព​គ្នា​រវាង​អ្នកមាន ​ឬ​អ្នកក្រ សុខភាព​ល្អ ​ឬ​មិន​ល្អទេ តែ​វា​គឺជា​សត្រូវ​របស់​យើង​ម្នាក់ៗ​»​។

គួរ​បញ្ជាក់ថា​ កម្មវិធី “​យើង​យកចិត្តទុកដាក់ យើង​ចែករំលែក​” ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ការចូល​រួមសហកា​រ​ដោយ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី ដើម្បី​បង្ហាញ​ពី​ភាព​សាមគ្គី​គ្នា រវាង​ស្ថាប័ន​សុខាភិបាល និង​សហគមន៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចូលរួមចំណែក​ប្រយុទ្ធប្រឆាំងទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ ក៏ដូចជា ​ដើម្បី​បង្ហាញ និង​គាំទ្រ ចំពោះ​ការខិតខំ ប្រឹងប្រែង របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ និង​បុគ្គលិក​ដទៃ​ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច ដោយ​គ្មាន​ការ​ឈប់​សម្រាក។ ​

ជាក់ស្តែង​នៅ​ថ្ងៃទី​២៦ ​និង​ថ្ងៃទី​២៧ ​ខែ​មេសា​ ឆ្នាំ​២០២០​ ឯកអគ្គរាជទូត ​នៃ​ស្ថានទូត​ម៉ាឡេស៊ី បាន​ចូលរួម​សួរសុខទុក្ខ និង​ជូនអំណោយ​ដល់​ស្ថាប័ន​ជាច្រើន​កន្លែង​មានដូចជា ៖ ​អង្គភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ នៅ​មន្ទីរពេ​ទ្រ​មិត្តភាព ខ្មែរ-សូ​វៀត​, មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​, មន្ទីរពេទ្យ​កុមារ គន្ធ​បុប្ផា និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ដើម្បី​ចូលរួម​គាំទ្រ លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​យុទ្ធ​នា​ការ​ផ្សព្វផ្សាយ​អប់រំ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ-​១៩ ក្នុងប្រទេស​កម្ពុជា​។

លោក ឯកអគ្គរាជទូត ​នៃ​ស្ថានទូត​ម៉ាឡេស៊ី បាន​មានប្រសាសន៍ថា ​នៅក្រោម​កម្មវិធី “​យើង​យកចិត្ត​ទុក​ដាក់​ យើង​ចែករំលែក​” មានន័យថា​ យើង​យកចិត្តទុកដាក់​ចំពោះ​អ្នក​គ្រប់គ្នា​ដែល​​អាច​ជួយ​បាន​, ដូចដែល​ជ្រាប​ហើយ​ថា​ ប្រទេស​ម៉ាឡេស៊ី ​ក៏ដូចជា​ប្រទេស​កម្ពុជា​ដែរ ប្រជាជន​មាន​ជំនឿ និង​គោរព​សាសនា​ផ្សេងៗ​គ្នា។​ ​កម្មវិធី​របស់​យើង​ បាន​បង្កើតឡើង​ដើម្បី​បង្ហាញ​ដល់​ប្រជាជន​ដែល​គោរព​ជំនឿ​ខុសៗ​គ្នា​យល់ដឹង​ពី​មិត្តភាព​ម៉ាឡេស៊ី​។

លោក​ទូត​បាន​បន្ថែមថា ​«​យើង​នៅទីនេះ​ជាមួយគ្នា​, ការ​រួបរួម​គ្នា នឹង​អាច​កម្ចាត់​មេរោគ​នេះ​បាន ហើយ​វា​ក៏​ជា​សារ​ចែករំលែក​ដែល​យើង​កំពុងតែ​អនុវត្ត​តាមរយៈ​កម្មវិធី​សប្បុរសធម៌​នានា​នេះ​ផង​ដែរ​»៕​

(ប្រភពព័ត៌មាន: kampucheathmey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម