យុគសម័យ - សេចក្តីសម្រេចចិត្តលេខ ១០-NQ/TW មិនត្រឹមតែជាការកែសម្រួលអំពីទិសដៅគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីមហិច្ឆតានាំវៀតណាមឈានឡើងកាំជណ្តើរខ្ពស់ជាងមុននៅក្នុងខ្សែសង្វាក់តម្លៃសកល នេះបើតាមលោក Richard Barnsley នាយកជាន់ខ្ពស់ទូទាំងប្រទេស ផ្នែកអតិថិជនសហគ្រាស នៃធនាគារ HSBC វៀតណាម។
![]() |
| នាយកជាន់ខ្ពស់ទូទាំងប្រទេស ផ្នែកអតិថិជនសហគ្រាស នៃធនាគារ HSBC វៀតណាម លោក Richard Barnsley |
ផ្លាស់ប្តូរយោបល់ជាមួយកាសែតអេឡិចត្រូនិចរដ្ឋាភិបាល លោក Barnsley បានឱ្យដឹងថា សេចក្តីសម្រេចចិត្តលេខ ១០-NQ/TW បានគូសបញ្ជាក់ជំហានផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រទាក់ទាញការវិនិយោគពីបរទេសរបស់វៀតណាម ចាប់ពីការផ្តល់អាទិភាពលើបរិមាណ ឈានទៅរកការយកចិត្តទុកដាក់លើគុណភាព ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Barnsley បានវាយតម្លៃថា ក្នុង ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី យុទ្ធសាស្ត្រទាញយកផលប្រយោជន៍ពី FDI និងការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច សម្រេចបាននូវបណ្តាសមិទ្ធផលលេចធ្លោជាច្រើន។
តំបន់មានទុនវិនិយោគ FDI នាពេលបច្ចុប្បន្នរួមចំណែកប្រហែលបីភាគបួននៃទំហំទឹកប្រាក់នាំចេញសរុបរបស់វៀតណាម ក្នុងពេលដែលទំហំទឹកប្រាក់ពាណិជ្ជកម្មសរុបបានលើស ១៨០% នៃ GDP យោងតាមការស្រាវជ្រាវរបស់ HSBC នៅក្នុងឆ្នាំ ២០២៥ ទុន FDI ដែលបានបើកផ្តល់សម្រេចបាន ២៧,៦ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ ហើយទំហំទឹកប្រាក់ពាណិជ្ជកម្មសរុបសម្រេចបានកម្រិតកំណត់ត្រា ៩២៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំមុន។
ដើម្បីចៀសវាងអន្ទាក់ប្រាក់ចំណូលមធ្យម វៀតណាមត្រូវតែរក្សាទុកនូវរាល់តម្លៃបន្ថែមឱ្យបានកាន់តែច្រើន ជំនួសឱ្យការទទួលរងតួនាទីតម្លើងជាចម្បង ហេតុដូច្នេះហើយ សេចក្តីសម្រេចចិត្តលេខ ១០ បានផ្លាស់ប្តូរការគិតគូរចាប់ពីសំណួរដែលថា "ទាក់ទាញបាន FDI ចំនួនប៉ុន្មាន" ឈានទៅរក "ទាក់ទាញ FDI មានគុណភាពដល់កម្រិតណា"។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ សេចក្តីសម្រេចចិត្តមិនត្រឹមតែលើកឡើងនូវទិសដៅប៉ុណ្ណោះទេ ថែមទាំងដាក់ចេញនូវបណ្តាគោលដៅជាក់លាក់ណាស់រហូតដល់ឆ្នាំ ២០៣០ រួមមានការទាក់ទាញទុន FDI ចុះបញ្ជីពី ២០០ ដល់ ៣០០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៧៥% មកពីបណ្តាសេដ្ឋកិច្ចរីកចម្រើន បង្កើន ៣០% នូវចំនួនអ្នកវិនិយោគស្ថិតក្នុងបញ្ជី Fortune 500 ទាក់ទាញយ៉ាងហោចណាស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាសកលចំនួនបីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) នៅវៀតណាម ទន្ទឹមនឹងនោះ នាំសហគ្រាសក្នុងស្រុកចំនួន ១០០០០ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់បណ្តាសម្ព័ន្ធក្រុមហ៊ុនពហុជាតិ លើកកម្ពស់អត្រាធ្វើជាតូបនីយកម្មនៅក្នុងបណ្តាវិស័យឧស្សាហកម្មគន្លឹះឡើងដល់ ៤៥% ដល់ ៥០%។
បើតាមតំណាង HSBC ពេលវេលាប្រកាសចេញសេចក្តីសម្រេចចិត្តលេខ ១០ ក៏សមស្របណាស់ដែរក្នុងពេលដែលវៀតណាមកំពុងឈរនៅចំពោះមុខឱកាសធំៗចំនួនបី ទីមួយគឺប្រៀបខ្លាំងប្រជាជនមាសដែលត្រូវតែបានបំប្លែងទៅជាសេដ្ឋកិច្ចបង្កើតឡើងនូវតម្លៃខ្ពស់នៅក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ស្រដៀងគ្នានឹងផ្លូវអភិវឌ្ឍន៍របស់កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) ជប៉ុននិងចិន។
ទីពីរគឺដំណើរការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើងវិញតាមទិសដៅធ្វើឱ្យមានភាពសម្បូរបែប ក្នុងនោះ បណ្តាសម្ព័ន្ធក្រុមហ៊ុនពហុជាតិកាន់តែផ្តល់អាទិភាពដល់បណ្តាប្រទេសដែលមានប្រព័ន្ធអេកូឡូស៊ីសហគ្រាសនិងស្ថាប័នមានកិត្យានុភាពគ្រប់គ្រាន់ដើម្បីក្លាយជាដៃគូយូរអង្វែង។
ទីបីគឺការផ្ទុះឡើងនៃបញ្ញាសិប្បនិម្មិត (AI) ដែលជាបច្ចេកវិទ្យាត្រូវបានព្យាករណ៍ថានឹងធ្វើឱ្យមានការផ្លាស់ប្តូរគ្រប់វិស័យនិងបង្ខំឱ្យបណ្តាប្រទេសត្រូវតែទម្រង់រូបរាងឡើងវិញនូវប្រៀបខ្លាំងប្រកួតប្រជែងរបស់ខ្លួន។
លោក Barnsley បានសង្កត់ធ្ងន់ថា ផ្លូវចិត្តរបស់អ្នកវិនិយោគតែងតែមានប្រតិកម្មលឿនណាស់នៅចំពោះមុខបណ្តាសញ្ញាគោលនយោបាយ ការដែលវៀតណាមកំណត់ជាផ្លូវការថាតំបន់វិនិយោគពីបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃសេដ្ឋកិច្ច នឹងបង្កើតឡើងនូវទំនុកចិត្តយ៉ាងខ្លាំងក្លាចំពោះបណ្តាសម្ព័ន្ធក្រុមហ៊ុនសកល យោងតាមនោះ ខ្សែទឹកទុនតែងតែដើរទៅតាមកិត្យានុភាព ឯកិត្យានុភាពត្រូវបានកសាងឡើងនៅលើគ្រឹះស្ថាននៃបណ្តាប្រៀបខ្លាំងប្រកួតប្រជែងដ៏ស្របគ្នានិងប្រកបដោយចីរភាព។
ហិរញ្ញវត្ថុពណ៌បៃតង - កម្លាំងចលករទាក់ទាញខ្សែទឹកទុន FDI មានគុណភាពខ្ពស់
ការវាយតម្លៃអំពីខ្លឹមសារកំណើនពណ៌បៃតងនៅក្នុងសេចក្តីសម្រេចចិត្តលេខ ១០ លោក Barnsley បានកត់សម្គាល់ថា នេះមិនមែនជាខ្លឹមសារបំពេញបន្ថែមនោះទេ ប៉ុន្តែវាត្រូវបានធ្វើសមាហរណកម្មភ្លាមៗនៅក្នុងស្នូលនៃគោលនយោបាយ។
ការនាំយកបណ្តាលក្ខវិនិច្ឆ័យបំប្លែងពណ៌បៃតងនិងគំរូតំបន់ឧស្សាហកម្មអេកូឡូស៊ីចូលទៅក្នុងលក្ខវិនិច្ឆ័យជ្រើសរើសគម្រោង FDI គឺសមស្របទាំងស្រុងជាមួយការប្តេជ្ញាចិត្តបំភាយឧស្ម័នសូន្យសុទ្ធ នៅឆ្នាំ ២០៥០ ក៏ដូចជាផែនការអភិវឌ្ឍន៍អគ្គិសនីទី ៨ ក្នុងនោះ រំពឹងទុកថានឹងត្រូវការទុនជាង ១៣៤ ប៊ីលានដុល្លារអាមេរិកវិនិយោគសម្រាប់ការផលិតអគ្គិសនីនិងការបញ្ជូនអគ្គិសនីរហូតដល់ឆ្នាំ ២០៣០។
យោងតាមនោះ ដំណើរការបំប្លែងពណ៌បៃតងនៅវៀតណាមសម្រេចបាននូវលទ្ធផលច្បាស់លាស់ជាច្រើន ក្នុងពេលដែលថាមពលកកើតឡើងវិញក្តោបក្តាប់ ២៧,៩% នៃសមត្ថភាពដំឡើងអគ្គិសនីសរុបនៅក្នុងឆ្នាំ ២០២៥ ហើយរថយន្តអគ្គិសនីក្តោបក្តាប់ប្រហែល ៤០% នៃបរិមាណលក់រថយន្តថ្មី ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់ ASEAN ទន្ទឹមនឹងនោះ រលក FDI ជំនាន់ថ្មីកាន់តែផ្សារភ្ជាប់ជាមួយបណ្តាស្តង់ដារ ESG រួមមានគោលដៅកាត់បន្ថយការបំភាយឧស្ម័ន សមត្ថភាពតាមដានដានកាបូន និងភាពតម្លាភាពនៃទិន្នន័យបរិស្ថាន។
នៅក្នុងបរិបទនោះ ហិរញ្ញវត្ថុពណ៌បៃតងនឹងដើរតួនាទីពិសេសសំខាន់ក្នុងការកៀរគរប្រភពទុនបម្រើឱ្យការបំប្លែង ចង់ទាក់ទាញខ្សែទឹកទុននេះក្នុងខ្នាតធំគឺត្រូវតែកសាងបណ្តាក្របខ័ណ្ឌគួរឱ្យទុកចិត្ត ធានាការប្រើប្រាស់ទុនចំគោលដៅនិងអនុលោមទៅតាមបណ្តាស្តង់ដារអន្តរជាតិ នេះក៏ជាវិស័យដែលបណ្តាអង្គការហិរញ្ញវត្ថុអន្តរជាតិដូចជា HSBC អាចពង្រីកប្រៀបខ្លាំងក្នុងការតភ្ជាប់ខ្សែទឹកទុនសកលជាមួយបណ្តាឱកាសវិនិយោគនៅវៀតណាម។
លោក Barnsley បានឱ្យដឹងថា HSBC បានរៀបចំកម្ចីពណ៌បៃតងដំបូងបង្អស់នៅវៀតណាមដើម្បីផ្តល់ហិរញ្ញប្បទានដល់រោងចក្រកែច្នៃដបជ័រតាមគំរូ "ដបទៅជាដប" ទន្ទឹមនឹងនោះ គាំទ្រគម្រោងសំណង់ពណ៌បៃតងជាច្រើននៅលើទូទាំងប្រទេស។
ធនាគារក៏បានបង្កើតមូលនិធិថាមពលស្អាត សំដៅជំរុញពាណិជ្ជកម្មនិងការវិនិយោគពណ៌បៃតងនៅតាមទីផ្សារជាច្រើន ក្នុងនោះមានវៀតណាម ដោយផ្តោតសំខាន់លើអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អាគុយផ្ទុកថាមពល រថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី នៅកម្រិតថ្នាក់ជាតិ HSBC តែងតែរួមដំណើរជាមួយវៀតណាមក្នុងបណ្តាដំណាក់កាលគន្លឹះដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍។
ស្ថាប័ន ធនធានមនុស្ស និងសហគ្រាសក្នុងស្រុក - កូនសោរអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០
ដើម្បីឱ្យសេចក្តីសម្រេចចិត្តលេខ ១០ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តំណាង HSBC យល់ឃើញថា មានកត្តាសម្រេចចិត្តចំនួនបី រួមមានសមត្ថភាពអនុវត្តស្ថាប័ន គុណភាពប្រភពធនធានមនុស្ស និងសមត្ថភាពរបស់សហគ្រាសក្នុងស្រុក។
ជាដំបូងគឺសមត្ថភាពអនុវត្តស្ថាប័ន បណ្តាយន្តការទម្លាយភាពទាល់ច្រកដូចជាក្របខ័ណ្ឌគតិយុត្តលេចធ្លោនៅតាមបណ្តាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ពាណិជ្ជកម្មសេរី ឬតំបន់បច្ចេកវិទ្យាជាន់ខ្ពស់ គឺត្រូវតែបានប្រែក្លាយទៅជាការអនុវត្តជាក់ស្តែងយ៉ាងឆាប់រហ័ស អ្នកវិនិយោគវាយតម្លៃគោលនយោបាយទៅតាមវដ្តរយៈពេលប៉ុន្មានខែប៉ុណ្ណោះ មិនមែនទៅតាមបណ្តាផែនការ ៥ ឆ្នាំនោះទេ ហេតុដូច្នេះហើយ ប្រព័ន្ធស្ថាប័នមួយដ៏ស្របគ្នានិងគួរឱ្យទុកចិត្តក្នុងពេលអនាគតនឹងមានតម្លៃមិនចាញ់កញ្ចប់លើកទឹកចិត្តវិនិយោគណាមួយឡើយ។
កត្តាទីពីរគឺការលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស HSBC វាយតម្លៃខ្ពស់ចំពោះសមត្ថភាពនៃកម្លាំងពលកម្មវៀតណាម ប៉ុន្តែយល់ឃើញថាដើម្បីទាក់ទាញបណ្តាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) សកល វៀតណាមត្រូវតែកសាងជួរវិស្វករមានគុណភាពខ្ពស់ចាប់ពីពេលនេះតទៅ ការងារអភិវឌ្ឍន៍ប្រភពធនធានមនុស្សត្រូវតែដើរមុនតម្រូវការរបស់អ្នកវិនិយោគ តាមរយៈការសហការយ៉ាងជិតស្និទ្ធរវាងសហគ្រាស FDI បណ្តាសាកលវិទ្យាល័យនិងរដ្ឋាភិបាល។
កត្តាចុងក្រោយគឺការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសក្នុងស្រុក បើតាមលោក Barnsley ដើម្បីប្រែក្លាយគោលដៅមានសហគ្រាសវៀតណាមចំនួន ១០០០០ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យទៅជាការអនុវត្តជាក់ស្តែង សហគ្រាសក្នុងស្រុកមិនត្រឹមតែត្រូវការប្រភពធនធានមនុស្សមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងត្រូវតែទទួលបាននូវប្រភពទុន បណ្តាដំណោះស្រាយផ្តល់ហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ ឧបករណ៍បង្ការហានិភ័យ និងបណ្តាស្តង់ដារអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់បណ្តាសម្ពន្ធក្រុមហ៊ុនពហុជាតិ នេះហើយគឺជាចំណុចប្រសព្វរវាងមហិច្ឆតាគោលនយោបាយនិងការអនុវត្តជាក់ស្តែងនៃទីផ្សារ។
"ប្រសិនបើកាលពី ៤ ទសវត្សរ៍មុនវៀតណាមបើកទ្វារដើម្បីទាក់ទាញខ្សែទឹកទុនវិនិយោគអន្តរជាតិ នោះនាពេលបច្ចុប្បន្នវៀតណាមនៅតែបន្តបើកទ្វារដដែល ប៉ុន្តែជាមួយបណ្តាស្តង់ដារថ្មី ឆ្ពោះទៅរកការកសាងខឿនសេដ្ឋកិច្ចមួយដ៏រឹងមាំជាងមុនដោយផ្អែកលើសមត្ថភាពផ្ទៃក្នុងនិងតម្លៃដែលបានបង្កើតឡើងនៅក្នុងប្រទេស នោះហើយគឺជាសញ្ញានៃខឿនសេដ្ឋកិច្ចមួយដែលកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ពេញវ័យ" លោក Barnsley បានសម្តែងនូវទស្សនៈដូចនេះ៕
យុគសម័យ - ដោយបន្តសន្និសីទជាតិស្តីពីការសិក្សា ការយល់ដឹង និងការអនុវត្តសេចក្តីសម្រេចលេខ 79-NQ/TW និងសេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Trinh Van Quyet សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការកណ្តាលបក្ស និងជាប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនកណ្តាល បានបង្ហាញរបាយការណ៍តាមប្រធានបទស្តីពី "ខ្លឹមសារសំខាន់ៗ និងស្នូលនៃសេចក្តីសម្រេចលេខ 80-NQ/TW ... |
យុគសម័យ - នៅក្នុងសេចក្តីសម្រេចលេខ 30/NQ-CP ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ រដ្ឋាភិបាលបានចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។ |

មតិពីមិត្តអ្នកអាន