យុគសម័យ - នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ថ្នាក់ គ្រប់វិស័យ គ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងសហគមន៍អាជីវកម្ម ត្រូវបន្តពង្រីកឱ្យបានខ្ពស់បំផុតនូវប្រពៃណីស្នេហាជាតិ ស្មារតីប្រឡងប្រណាំងស្នេហាជាតិ និងកម្លាំងសាមគ្គីភាពនៃប្លុកមហាសាមគ្គីជាតិទាំងមូល។
នាព្រឹកថ្ងៃទី ១៣ មិថុនា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-សរសើរមជ្ឈិម បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «ប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅកំណើនប្រកបដោយចីរភាពមានតួលេខពីរខ្ទង់ ក្នុងដំណាក់កាល ២០២៦-២០៣០» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រឡងប្រណាំង-សរសើរមជ្ឈិម។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung បានដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «ប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅកំណើនប្រកបដោយចីរភាពមានតួលេខពីរខ្ទង់ ក្នុងដំណាក់កាល ២០២៦-២០៣០» |
អញ្ជើញចូលរួមក្នុងពិធីនោះ មានសមាជិកការិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល លោក Pham Gia Tuc លេខាមជ្ឈិមបក្ស និងជាអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ដែលជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាប្រឡងប្រណាំង-សរសើរមជ្ឈិម សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Nguyen Van Thang ព្រមទាំងបណ្តាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ថ្នាក់ដឹកនាំបណ្តាគណៈកម្មការ ក្រសួង ស្ថាប័នថ្នាក់មជ្ឈិម និងសមាជិកនៃក្រុមប្រឹក្សាប្រឡងប្រណាំង-សរសើរមជ្ឈិម។ ចំពោះភាគីទីក្រុងហូជីមិញ មានសមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុង លោក Tran Luu Quang បណ្តាលោកអ្នកនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព វិស័យ និងសហព័ន្ធនានានៅក្នុងមូលដ្ឋាន។
អញ្ជើញចូលរួមផងដែរនៅតាមបណ្តាវេទិកាតភ្ជាប់ នៃបណ្តាខេត្ត និងក្រុងចំណុះមជ្ឈិម មានថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត-ក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គមនៃបណ្តាខេត្ត និងក្រុងចំណុះមជ្ឈិម។
ពិធីដាក់ឱ្យដំណើរការនេះ ត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់បន្សំជាមួយអនឡាញ ដោយតភ្ជាប់ពីវេទិកាគោលដៅចម្បងនៅទីក្រុងហូជីមិញ ទៅកាន់បណ្តាខេត្ត និងក្រុងចំណុះមជ្ឈិម។
នៅក្នុងពិធីដាក់ឱ្យដំណើរការនេះ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានគូសបញ្ជាក់យ៉ាងច្បាស់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស បានបើកឡើងនូវយុគសម័យអភិវឌ្ឍន៍ថ្មីមួយរបស់ប្រទេសជាតិ ជាមួយនឹងគោលដៅខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ប្រទេសយើងនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយដល់ឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ ដើម្បីធ្វើឱ្យសេចក្តីប្រាថ្នានោះក្លាយជាការពិត គឺទាមទារឱ្យមានកំណើនសេដ្ឋកិច្ចលឿន និងប្រកបដោយចីរភាព ក្នុងដំណាក់កាល ២០២៦-២០៣០ ចាប់ពី ១០% ក្នុងមួយឆ្នាំឡើងទៅ។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung បានដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «ប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅកំណើនប្រកបដោយចីរភាពមានតួលេខពីរខ្ទង់ ក្នុងដំណាក់កាល ២០២៦-២០៣០»។ |
នៅក្នុងបរិបទដែលមានកាលានុវត្តភាព និងលក្ខខណ្ឌអំណោយផលជាច្រើន ប៉ុន្តែការលំបាក និងបញ្ហាប្រឈមក៏កាន់តែធំ និងធ្ងន់ធ្ងរជាងមុន នាយករដ្ឋមន្ត្រីបានយល់ឃើញថា ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់ គឺមិនអាចដើរតាមគន្លងចាស់ ផ្នត់គំនិតចាស់ និងរបៀបធ្វើចាស់នោះឡើយ ពោលគឺត្រូវតែមាន «ចក្ខុវិស័យយុទ្ធសាស្ត្រ - ផ្នត់គំនិតទម្លាយភាពទាល់ច្រក - សកម្មភាពប្តេជ្ញាចិត្ត - កំណើនប្រកបដោយចីរភាព - ប្រជាជនមានសុភមង្គល»។ នោះក៏ជាស្លោក ជាស្មារតី និងជាគោលដៅ ដើម្បីឱ្យក្រុមប្រឹក្សាប្រឡងប្រណាំង-សរសើរមជ្ឈិម សម្រេចចិត្តដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «ប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅកំណើនប្រកបដោយចីរភាពមានតួលេខពីរខ្ទង់ ក្នុងដំណាក់កាល ២០២៦-២០៣០»។
ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការប្រឡងប្រណាំងស្នេហាជាតិ តែងតែជាប្រពៃណី ជាទុនដ៏មានតម្លៃ និងជាវប្បធម៌របស់ប្រជាជាតិយើង នាយករដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ថ្នាក់ គ្រប់វិស័យ គ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងសហគមន៍អាជីវកម្ម ត្រូវបន្តពង្រីកឱ្យបានខ្ពស់បំផុតនូវប្រពៃណីស្នេហាជាតិ ស្មារតីប្រឡងប្រណាំងស្នេហាជាតិ និងកម្លាំងសាមគ្គីភាពនៃប្លុកមហាសាមគ្គីជាតិទាំងមូល រួមកម្លាំង កិច្ចសហការ និងចូលរួមគាំទ្រយ៉ាងខ្លាំងក្លាចំពោះចលនា និងការប្រឡងប្រណាំងនេះ។
នាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការប្រឡងប្រណាំងផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវផ្នត់គំនិតកសាង និងបំពេញបន្ថែមលើស្ថាប័នអភិវឌ្ឍន៍ ដោះស្រាយឱ្យបានដាច់ខាតនូវរាល់ «ចំណុចស្លាក់» និង «ភាពទាល់ច្រក» ផ្នែកស្ថាប័ន កាត់បន្ថយឱ្យបានជាអតិបរមានូវនីតិវិធីរដ្ឋបាល បើកច្រក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពធនធានសម្រាប់ការអភិវឌ្ឍ ដោយយកប្រសិទ្ធភាពនៃការបម្រើបងប្អូនប្រជាពលរដ្ឋ សហគ្រាស សន្ទស្សន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ និងរបស់ស្ថាប័ន អង្គភាព មូលដ្ឋាននីមួយៗ ធ្វើជាម៉ែត្រវាស់ស្ទង់ដើម្បីវាយតម្លៃគុណភាពនៃការបំពេញការងារសាធារណៈ ទន្ទឹមនឹងនោះ ត្រូវដោះស្រាយឱ្យបានម៉ឺងម៉ាត់នូវស្ថានភាពគេចវេះ និងទម្លាក់ការទទួលខុសត្រូវ។
បើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី គឺត្រូវតែប្រឡងប្រណាំងជំរុញខ្លាំងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង ដោយចាត់ទុកថានេះជាកម្លាំងចលករចម្បង ជាសសរស្តម្ភដ៏សំខាន់បំផុត និងជាគ្រឹះស្ថានយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ទិន្នផលពលកម្ម គុណភាពកំណើនសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងជាតិ។ បណ្តាក្រសួង វិស័យ និងមូលដ្ឋាន ចាំបាច់ត្រូវជំរុញការបង្កើតឡើងនូវបណ្តាម៉ូដែលថ្មី មជ្ឈិមមណ្ឌលនវានុវត្តន៍ តំបន់បច្ចេកវិទ្យាខ្ពស់ រដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងប្រជាពលរដ្ឋឌីជីថល ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់សហគ្រាសធ្វើនវានុវត្តន៍ និងចាប់ផ្តើមអាជីវកម្ម។
នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការប្រឡងប្រណាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមកាលកម្ម និងទំនើប ជម្រុញល្បឿននៃបណ្តាសំណង់គម្រោងខ្នាតធំៗលំដាប់ថ្នាក់ជាតិ គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល និងឡូជីស្ទិក ទន្ទឹមនឹងនោះ រៀបចំយុទ្ធនាការប្រឡងប្រណាំងកម្រិតខ្ពស់ ដើម្បីដោះស្រាយឱ្យបានដាច់ស្រឡះនូវបណ្តាគម្រោងដែលនៅសេសសល់និងអូសបន្លាយពេលយូរ សំដៅបើកច្រកប្រភពធនធានសម្រាប់ការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រី លោក Le Minh Hung បានសង្កត់ធ្ងន់លើតម្រូវការកសាងរដ្ឋបាលទំនើប វិជ្ជាជីវៈ សុចរិត បម្រើប្រជាជនបានល្អជាងមុន និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងបានស្នើឱ្យលើកកម្ពស់ជាពិសេសនូវគុណភាពសកម្មភាពរបស់រដ្ឋបាលមូលដ្ឋានទាំងពីរថ្នាក់ តាមទិសដៅ «ជិតស្និទ្ធនឹងប្រជាជនជាងមុន - ស្តាប់ប្រជាជននិយាយ - និយាយឱ្យប្រជាជនយល់ និងធ្វើឱ្យប្រជាជនជឿជាក់»។
កម្មាភិបាល មន្ត្រីរាជការ និងបុគ្គលិករាជការម្នាក់ៗ ត្រូវតែផ្លាស់ប្តូរថ្មីផ្នត់គំនិត លើកកម្ពស់ការទទួលខុសត្រូវ ម្ចាស់ការ នវានុវត្តន៍ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានបង្កើតរបកគំហើញ ដើម្បីផលប្រយោជន៍រួម ដើម្បីសហគមន៍អាជីវកម្ម និងដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ។ នាយករដ្ឋមន្ត្រីក៏បានរំលឹកផងដែរអំពីការជំរុញការអនុវត្តការសន្សំសំចៃ ប្រឆាំងការខ្ជះខ្ជាយ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់នូវថវិកានិងប្រភពធនធាននានារបស់ជាតិ ធានាឱ្យរាល់ប្រភពទុនទាំងអស់ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ចំហ និងតម្លាភាព ដោយផ្សារភ្ជាប់ទៅនឹងការគណនាគណនេយ្យសេដ្ឋកិច្ចសង្គម ព្រមទាំងធានាការពារការបាត់បង់ ការខ្ជះខ្ជាយ និងការវិនិយោគបែបបែកខ្ញែកដែលខ្វះប្រសិទ្ធភាព។
ទន្ទឹមនឹងបណ្តាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការបង្កើនវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ការអភិវឌ្ឍវប្បធម៌ អប់រំ សុខាភិបាល ការពារបរិស្ថាន និងធានាសុខុមាលភាពសង្គម។ កំណើនសេដ្ឋកិច្ចត្រូវតែផ្សារភ្ជាប់ទៅនឹងវឌ្ឍនភាព និងយុត្តិធម៌សង្គម ដោយមិនទុកឱ្យនរណាម្នាក់ត្រូវបានបោះបង់ចោលនៅពីក្រោយនោះឡើយ ដើម្បីឱ្យរាល់សមិទ្ធផលនៃការអភិវឌ្ឍត្រូវបានបំប្លែងទៅជាផលប្រយោជន៍ជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការជ្រើសរើសយកទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ ជាប៉ូលកំណើនសេដ្ឋកិច្ចប្រកបដោយថាមពល និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសជាតិ ធ្វើជាទីកន្លែងដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងនេះ គឺសំដៅពង្រីកនិងផ្សព្វផ្សាយនូវបរិយាកាសបដិវត្តន៍ និងចលនាសកម្មភាពមួយទៅកាន់គ្រប់ថ្នាក់ គ្រប់វិស័យ គ្រប់មូលដ្ឋាន គ្រប់សហគ្រាស និងគ្រប់បងប្អូនប្រជាពលរដ្ឋ ឱ្យមានឆន្ទៈសកម្មភាពតែមួយ រួមគ្នាចំណាយកម្លាំងធ្វើឱ្យសម្រេចបាននូវបណ្តាគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយនឹងបរិយាកាស «ការប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិគឺត្រូវតែប្រឡងប្រណាំង» នាយករដ្ឋមន្ត្រី លោក Le Minh Hung បានស្នើឱ្យគ្រប់ថ្នាក់ គ្រប់វិស័យ និងគ្រប់មូលដ្ឋាន ត្រូវធ្វើការបំប្លែងចលនាប្រឡងប្រណាំងនេះឱ្យទៅជាកម្មវិធី និងផែនការជាក់លាក់ជាច្រើនឱ្យបានឆាប់រហ័ស និងស្របទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីឱ្យការប្រឡងប្រណាំងមិនត្រឹមតែជាចលនាមួយប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែក្លាយជាកម្លាំងចលករជំរុញសកម្មភាព និងជាប្រព័ន្ធអេកូឡូស៊ីមួយដើម្បីស្វែងរកបណ្តាម៉ូដែលល្អៗ ផ្សព្វផ្សាយបទពិសោធន៍មានតម្លៃ និងពង្រីកនូវបណ្តាគំរូឆ្នើមៗតទៅមុខទៀត។
នាយករដ្ឋមន្ត្រីមានបំណងប្រាថ្នាចង់ឱ្យបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ចាត់ទុកការប្រឡងប្រណាំងជាសកម្មភាពស្វ័យប្រវត្តិ ជាតម្រូវការចេញពីចិត្តផ្ទាល់ខ្លួន និងចាប់ផ្តើមចេញពីសកម្មភាពតូចតាចបំផុត ទាំងការបំពេញការងារប្រចាំថ្ងៃឱ្យបានល្អជាងមុន ទាំងការមានគំនិតច្នៃប្រឌិតជាងមុននៅក្នុងការធ្វើពលកម្ម និងការមានការទទួលខុសត្រូវខ្ពស់ជាងមុនចំពោះសហគមន៍ ដើម្បីឱ្យបុគ្គលម្នាក់ៗក្លាយជាស្នូលមួយក្នុងការផ្សព្វផ្សាយ ភាពខ្ជាប់ខ្ជួន និងការចូលរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។
ដោយមានជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ការឯកភាពគ្នារបស់ប្រជាជន សហគមន៍អាជីវកម្ម និងសង្គមទាំងមូល នាយករដ្ឋមន្ត្រីបានយល់ឃើញថា ចលនាប្រឡងប្រណាំងនេះនឹងបង្កើតជាបរិយាកាសថ្មី កម្លាំងចលករថ្មី និងកម្លាំងរុញច្រានថ្មី ព្រមទាំងដាស់តឿននូវស្មារតីស្វ័យទីពឹងខ្លួន ភាពម្ចាស់ការ ស្មារតីនវានុវត្តន៍ និងសេចក្តីប្រាថ្នាចង់លះបង់បម្រើជាតិរបស់ប្រជាជាតិទាំងមូល រួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ខ្លាំងក្លា ធូរធារ ថ្កុំថ្កើង ស៊ីវិល័យ និងមានសុភមង្គល។
នៅក្នុងពិធីនោះ តំណាងថ្នាក់ដឹកនាំក្រសួង វិស័យថ្នាក់មជ្ឈិម មូលដ្ឋាន ព្រមទាំងបណ្តាសហគ្រាសរដ្ឋ និងឯកជន បានសម្តែងនូវជំនឿចិត្តយ៉ាងខ្លាំងលើកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ចូលរួមគាំទ្រយ៉ាងខ្លាំងក្លា និងប្តេជ្ញាចិត្តសកម្មភាពដើម្បីអនុវត្តប្រកបដោយជោគជ័យនូវចលនាប្រឡងប្រណាំងដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ព្រមទាំងបានអះអាងថានឹងខិតខំលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីរួមដៃគ្នាសម្រេចឱ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់ ក្នុងការនាំប្រទេសជាតិបោះជំហានទៅមុខយ៉ាងរឹងមាំនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។
នាយករដ្ឋមន្ត្រី រួមជាមួយបណ្តាលោកអ្នកជាថ្នាក់ដឹកនាំបក្ស រដ្ឋ និងសហគ្រាស បានអញ្ជើញធ្វើពិធីចុចប៊ូតុងជាផ្លូវការ ដើម្បីដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «ប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅកំណើនប្រកបដោយចីរភាពមានតួលេខពីរខ្ទង់ ក្នុងដំណាក់កាល ២០២៦-២០៣០»៕
យុគសម័យ - ក្រុមហ៊ុន SMC Organic Garden (GENECELL) នាពេលថ្មីៗនេះ ត្រូវបានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃខេត្ត Nghe An ជ្រើសរើសឱ្យធ្វើជាអង្គភាពដឹកនាំអនុវត្តប្រធានបទស្រាវជ្រាវ "ការសិក្សាស្រាវជ្រាវកសាងដំណើរការបច្ចេកវិទ្យាចម្រាញ់សារធាតុសកម្មជីវសាស្ត្រ ដើម្បីផលិតគ្រឿងសម្អាងពីឱសថបុរាណសរីរាង្គ (Organic) ក្នុងស្រុក នៅលើភូមិសាស្ត្រខេត្ត Nghe An"។ ប្រធានបទស្រាវជ្រាវនេះ ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់តម្លៃឱសថបុរាណរបស់មូលដ្ឋាន និងអភិវឌ្ឍន៍ប្រភពវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្មគ្រឿងសម្អាងនៅក្នុងប្រទេស។ |
យុគសម័យ - នាថ្ងៃទី ២៥ ខែឧសភា នៅទីស្តីការក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានទទួលជួបលោក Phil Nelson អនុប្រធានប្រតិបត្តិនៃបណ្តាញសារព័ត៌មាន ស៊ីអិនអិន សំដៅផ្លាស់ប្តូរមតិអំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានវិទ្យា ផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម ព្រមទាំងការងារឃោសនាផ្សព្វផ្សាយសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះចាត់តាំងឡើង។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន