យុគសម័យ - យន្តការថ្មីៗជាបន្តបន្ទាប់ស្តីពីប្រាក់បៀវត្ស របបលើកទឹកចិត្ត ស្វ័យភាពនៃការសិក្សា និងការគាំទ្រដល់ការស្រាវជ្រាវ កំពុងត្រូវបានដាក់ឱ្យអនុវត្ត សំដៅបង្កើតកម្លាំងទាក់ទាញកាន់តែខ្លាំងក្លាថែមទៀត ចំពោះជួរធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់។ បញ្ហាដែលកំពុងចោទឡើងនាពេលបច្ចុប្បន្ននេះ មិនមែនស្ថិតនៅលើការខ្វះខាតគោលនយោបាយនោះទេ ប៉ុន្តែគឺការរៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីនាំយកគោលនយោបាយទាំងនោះចូលទៅក្នុងជីវភាពរស់នៅជាក់ស្តែង។
![]() |
| ការបង្កើតរបកគំហើញក្នុងការទាក់ទាញធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧ |
សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ រួមជាមួយនឹងយុទ្ធសាស្ត្រជាតិស្តីពីការទាក់ទាញ និងការប្រើប្រាស់បុគ្គលិកមានទេពកោសល្យ បានបង្កើតជាគ្រឹះស្ថានដ៏សំខាន់មួយសម្រាប់ការបំពេញបន្ថែមលើប្រព័ន្ធគោលនយោបាយនៅក្នុងវិស័យនេះ។
លោកស្រី Vu Thi La អនុប្រធាននាយកដ្ឋានចាត់តាំងកម្មាភិបាល (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានធ្វើការត្រួតពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយនូវរាល់យន្តការ និងគោលនយោបាយនានាដែលពាក់ព័ន្ធនឹងការទាក់ទាញ និងការប្រើប្រាស់បុគ្គលិកមានទេពកោសល្យ ព្រមទាំងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទន្ទឹមនឹងនោះ បានធ្វើរបាយការណ៍ជូនគណៈកម្មការដឹកនាំមជ្ឈិមផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យឡើងវិញបានបង្ហាញថា នាពេលបច្ចុប្បន្នមានច្បាប់ចំនួន ១០ ក្រឹត្យ ចំនួន ១២ និងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចំនួន ៦ ដែលកំពុងកែសម្រួលបណ្តាគោលនយោបាយទាក់ទាញ ប្រើប្រាស់ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ឯកសារគតិយុត្តសំខាន់ៗជាច្រើនត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្មីៗនៅក្នុងឆ្នាំ ២០២៥ ផ្អែកលើមូលដ្ឋាននៃការពិគ្រោះយោបល់ពីបទពិសោធន៍អន្តរជាតិ និងផ្តោតលើការដោះស្រាយរាល់ចំណុចស្លាក់ អំពីធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ក្នុងនោះ មានច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; អនុក្រឹត្យលេខ ១៧៩ ស្តីពីគោលនយោបាយទាក់ទាញ និងការប្រើប្រាស់អ្នកមានទេពកោសល្យឱ្យចូលបម្រើការងារនៅក្នុងបណ្តាស្ថាប័ន អង្គភាព និងអង្គការនានារបស់បក្សកុម្មុយនីស្តវៀតណាម រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម; ក្រឹត្យលេខ ២៦៣ ណែនាំការអនុវត្តច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងបទប្បញ្ញត្តិជាក់លាក់ជាច្រើនចំពោះបុគ្គលិកមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អ្នកវិទ្យាសាស្ត្រវ័យក្មេងមានទេពកោសល្យ វិស្វករវ័យក្មេងមានទេពកោសល្យ; រួមជាមួយក្រឹត្យលេខ ២៤៩ ស្តីពីយន្តការ និងគោលនយោបាយទាក់ទាញអ្នកជំនាញការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។
![]() |
| លោកស្រី Vu Thi La អនុប្រធាននាយកដ្ឋានចាត់តាំងកម្មាភិបាល (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) |
យន្តការលើកទឹកចិត្តលេចធ្លោជាច្រើនសម្រាប់អ្នកវិទ្យាសាស្ត្រ
ចំណុចថ្មីមួយក្នុងចំណោមចំណុចថ្មីៗដែលគួរឱ្យកត់សម្គាល់នៅក្នុងឯកសារគតិយុត្តខាងលើ គឺយន្តការប្រាក់បៀវត្សតាមទិសដៅបើកចំហ និងមានលក្ខណៈប្រកួតប្រជែងជាងមុន។ ផ្អែកលើមូលដ្ឋាននេះ ចំពោះអ្នកវិទ្យាសាស្ត្រដែលអនុវត្តភារកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការបើកប្រាក់បៀវត្សត្រូវបានអនុវត្តតាមកិច្ចសន្យា ដោយកម្រិតប្រាក់បៀវត្សមិនអនុវត្តការកំណត់ពិដាននោះទេ។
ចំពោះករណីដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារជាមន្ត្រីរាជការ និងបុគ្គលិករាជការនៅក្នុងស្ថាប័នរដ្ឋ អ្នកវិទ្យាសាស្ត្រវ័យក្មេង និងនិស្សិតឆ្នើម នឹងទទួលបានកម្រិតប្រាក់ឧបត្ថម្ភបន្ថែមអតិបរមារហូតដល់ ១៥០% រីឯអ្នកជំនាញការ និងអ្នកវិទ្យាសាស្ត្រ អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរហូតដល់ ៣០០% ទៅតាមបទប្បញ្ញត្តិ។
ទន្ទឹមនឹងគោលនយោបាយប្រាក់បៀវត្ស យន្តការរង្វាន់កិត្តិយសសម្រាប់បុគ្គលិកមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ត្រូវបានរៀបចំឡើងតាមទិសដៅលេចធ្លោផងដែរ។ ផ្អែកលើមូលដ្ឋាននេះ មុខសញ្ញាមួយចំនួនដូចជាបុគ្គលិកមានទេពកោសល្យ ឬអគ្គវិស្វកររចនា អាចទទួលបានកម្រិតរង្វាន់ខ្ពស់ ស្មើនឹងរហូតដល់ ៦ ដង ឬ ៤ ដង នៃកម្រិតប្រាក់បៀវត្សដែលបានចុះកិច្ចសន្យា ទៅតាមករណីជាក់ស្តែងនីមួយៗ។
លោកស្រី Vu Thi La បានឱ្យដឹងថា៖ «នេះត្រូវបានវាយតម្លៃថាជាយន្តការលើកទឹកចិត្តដ៏លេចធ្លោមួយ ដែលមិនធ្លាប់មានការអនុវត្តពីមុនមក សំដៅទាក់ទាញ និងរក្សាទុកជួរធនធានមនុស្សប្រកបដោយគុណភាពខ្ពស់»។
ក្រៅពីប្រាក់ចំណូល ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឱ្យដឹងថា បណ្តាគោលនយោបាយថ្មីក៏បានបង្កើនការធានានូវសិទ្ធិស្វ័យភាពនៃការសិក្សារបស់អ្នកវិទ្យាសាស្ត្រ បង្កលក្ខខណ្ឌងាយស្រួលដើម្បីម្ចាស់ការប្រើប្រាស់បន្ទប់ពិសោធន៍ដែលវិនិយោគដោយរដ្ឋ ចូលរួមក្នុងបណ្តាក្រុមស្រាវជ្រាវខ្លាំងៗ និងត្រូវបានបញ្ជូនទៅបណ្តុះបណ្តាល ព្រមទាំងបំប៉នសមត្ថភាពទាំងនៅក្នុងនិងក្រៅប្រទេស។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ យោងតាមបទប្បញ្ញត្តិថ្មី អ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងការបណ្តុះបណ្តាលរយៈពេលវែងនៅបរទេស នៅតែទទួលបានប្រាក់បៀវត្សពេញលេញតាមកម្រិតដែលកំពុងទទួលបានបច្ចុប្បន្ន ជំនួសឱ្យការទទួលបានត្រឹមតែមួយផ្នែកដូចពីមុន។
ក្រៅពីនេះ គោលនយោបាយគាំទ្រជាច្រើនទៀតក៏ត្រូវបានរៀបចំឡើងផងដែរ ដូចជាការគាំទ្រផ្នែកលំនៅឋាន ការថែទាំសុខភាព និងការសម្រាកលំហែកាយសម្រាប់ផ្ទាល់ខ្លួនអ្នកវិទ្យាសាស្ត្រ និងក្រុមគ្រួសារ។
បើតាមលោកស្រី Vu Thi La ប្រព័ន្ធគោលនយោបាយជាធរមាននាពេលបច្ចុប្បន្ន ជាមូលដ្ឋានគឺមានភាពពេញលេញសមរម្យហើយ ហើយទន្ទឹមនឹងនោះ ក៏បង្កើតបាននូវកម្លាំងទាក់ទាញចាំបាច់ដើម្បីទាក់ទាញ និងរក្សាទុកជួរអ្នកវិទ្យាសាស្ត្រវ័យក្មេង ជាពិសេសគឺអ្នកវិទ្យាសាស្ត្រវ័យក្មេងមានទេពកោសល្យ។
មុននោះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Vu Hai Quan ក៏បានផ្តល់ព័ត៌មានអំពីទិសដៅកសាងបណ្តាកម្មវិធីដាច់ដោយឡែកសម្រាប់សិក្ខាកាមស្រាវជ្រាវ និស្សិតមានទេពកោសល្យ និងអ្នកវិទ្យាសាស្ត្រវ័យក្មេង សំដៅបង្កលក្ខខណ្ឌងាយស្រួលក្នុងការចូលប្រើប្រាស់ប្រភពធនធាន និងពង្រីកសមត្ថភាពស្រាវជ្រាវ។ កម្មវិធីនេះត្រូវបានរំពឹងថានឹងប្រកាសដាក់ឱ្យប្រើប្រាស់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៦។
បើតាមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui Hoang Phuong បញ្ហាដ៏សំខាន់នាពេលបច្ចុប្បន្ននេះ គឺការរៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យគោលនយោបាយពង្រីកឥទ្ធិពលនៅក្នុងការអនុវត្តជាក់ស្តែង។
បើតាមអនុរដ្ឋមន្ត្រី មានយន្តការថ្មីៗខ្លះគឺទើបតែត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ហេតុដូច្នេះហើយ ទើបត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្កើតឱ្យមានផលប៉ះពាល់ជាក់ស្តែង។ ទន្ទឹមនឹងនោះ ការដាក់ឱ្យដំណើរការអនុវត្ត មិនត្រឹមតែជាការទទួលខុសត្រូវរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងវិស័យជាច្រើនទៀតផងដែរ ដូចជាហិរញ្ញវត្ថុ អប់រំនិងបណ្តុះបណ្តាល កិច្ចការផ្ទៃក្នុង ព្រមទាំងការសម្របសម្រួលរបស់បណ្តាក្រសួង វិស័យ និងមូលដ្ឋាន។
អនុរដ្ឋមន្ត្រីបានស្នើឱ្យបណ្តាក្រសួង វិស័យ មូលដ្ឋាន ស្ថាប័ន អង្គការ វិទ្យាស្ថានស្រាវជ្រាវ មូលដ្ឋានបណ្តុះបណ្តាល និងសហគមន៍អ្នកវិទ្យាសាស្ត្រ ហ៊ានដាក់អនុវត្តបណ្តាយន្តការថ្មីៗទាំងនេះ។ នៅក្នុងដំណើរការអនុវត្ត ប្រសិនបើមានការលំបាក ឬបញ្ហាប្រឈមចោទឡើង ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងសហការណែនាំ បន្តធ្វើការត្រួតពិនិត្យឡើងវិញ និងស្នើធ្វើការកែសម្រួលបណ្តាបទប្បញ្ញត្តិទាំងឡាយណាដែលមិនទាន់សមស្រប សំដៅនាំយកគោលនយោបាយទាក់ទាញ និងការប្រើប្រាស់អ្នកមានទេពកោសល្យចូលទៅក្នុងជីវភាពរស់នៅជាក់ស្តែង៕
យុគសម័យ - នៅក្នុងពិភពលោកដ៏ច្របូកច្របល់មួយ ការទូតរវាងប្រជាជន និងប្រជាជន គឺជាស្ពានមួយដែលជំរុញការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា ដោយបង្កើតមូលដ្ឋានគ្រឹះប្រកបដោយចីរភាពសម្រាប់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ។ ចាប់ពីការរួមចំណែកដល់សន្តិភាព និងស្ថិរភាព រហូតដល់ការបើកចំហធនធានខាងក្រៅ បណ្តាញប្រជាជន និងប្រជាជនបានបង្ហាញតួនាទីរបស់ខ្លួនកាន់តែខ្លាំងឡើងក្នុងការកៀរគរចំណេះដឹង បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងបទពិសោធន៍អន្តរជាតិសម្រាប់ការអភិវឌ្ឍ។ តាមរយៈការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន វៀតណាមមិនត្រឹមតែខិតជិតគំរូជឿនលឿនប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់កម្មវិធីសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងវិស័យអប់រំ សុខាភិបាល វិទ្យាសាស្ត្រ ... |
យុគសម័យ - សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ស្តីពីការអភិវឌ្ឍន៍ឈានមុខគេនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិកំពុងត្រូវបានសម្រេចជាបណ្តើរៗតាមរយៈការសម្រេចចិត្តគោលនយោបាយជាច្រើន។ |


មតិពីមិត្តអ្នកអាន