Trending now

ទីក្រុងហាណូយ ស្វែងរកដំណោះស្រាយតភ្ជាប់ប្រភពធនធានជនជាតិវៀតណាមនៅបរទេស សំដៅអភិវឌ្ឍន៍រដ្ឋធានី

10:37 | 14/06/2026 ឌឹកអាញ់

យុគសម័យ - នថ្ងៃទី ១០ មិថុនា នៅទីក្រុងហាណូយ សហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាតុមូល ដើម្បីប្រមូលមតិរួមចំណែកបំពេញបន្ថែមលើសេចក្តីព្រាងគម្រោង «ពង្រឹងកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានី ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ ក្នុងការចលនា និងតភ្ជាប់ជនជាតិវៀតណាមនៅបរទេស បញ្ញវន្ត អ្នកជំនាញការ សហគ្រិន និងអាណិកជន ឱ្យចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍រដ្ឋធានីនៅក្នុងដំណាក់កាលថ្មី» សំដៅធ្វើការផ្លាស់ប្តូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេសប្រជាជន ព្រមទាំងបង្កើនការតភ្ជាប់ និងទាក់ទាញបណ្តាញប្រភពធនធានជនជាតិវៀតណាមនៅបរទេស ឱ្យរួមចំណែកកសាងរដ្ឋធានីនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ទីក្រុងហាណូយ បែងចែកខ្សែផ្លូវចរាចរណ៍ ដើម្បីបម្រើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហាណូយ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងស្អាតបំផុតទាំង ៥០ នៅលើពិភពលោក

អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលនេះ មានតំណាងថ្នាក់ដឹកនាំសមាគមទំនាក់ទំនងជាមួយជនជាតិវៀតណាមនៅបរទេស គណៈអចិន្ត្រៃយ៍នៃសហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បណ្តាអ្នកជំនាញការ និងអ្នកវិទ្យាសាស្ត្រចំណុះក្រុមប្រឹក្សាប្រឹក្សាកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានី តំណាងបណ្តាមន្ទីរ អង្គភាព វិស័យ និងសហព័ន្ធនានារបស់ទីក្រុង បណ្តាគណៈកម្មការចំណុះគណៈកម្មាធិការរណសិរ្សមាកុតភូមិវៀតណាមទីក្រុង រួមជាមួយថ្នាក់ដឹកនាំនៃសមាគមមិត្តភាព និងអង្គការជាសមាជិកចំនួន ២៦ ផងដែរ។

ទីក្រុងហាណូយ ស្វែងរកដំណោះស្រាយតភ្ជាប់ប្រភពធនធានជនជាតិវៀតណាមនៅបរទេស សំដៅអភិវឌ្ឍន៍រដ្ឋធានី
ទិដ្ឋភាពទូទៅនៃកិច្ចពិភាក្សាតុមូល។

មានប្រសាសន៍បើកកិច្ចពិភាក្សាតុមូល លោក Nguyen Nam Hai អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បានឱ្យដឹងថា សេចក្តីព្រាងគម្រោងនេះត្រូវបានកសាងឡើងដោយផ្អែកលើមូលដ្ឋាននយោបាយយ៉ាងរឹងមាំ និងគ្រប់ជ្រុងជ្រោយ ដូចជា៖ សេចក្តីណែនាំលេខ ៤៥-CT/TU ចុះថ្ងៃទី ០៨ សីហា ឆ្នាំ ២០២៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពី «ការបង្កើនកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានីហាណូយ ដល់ឆ្នាំ ២០៣០ រហូតដល់ឆ្នាំ ២០៤៥» សេចក្តីសម្រេចចិត្តលេខ ០២-NQ/TW ចុះថ្ងៃទី ១៧ មីនា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការកសាង និងអភិវឌ្ឍន៍រដ្ឋធានីហាណូយនៅក្នុងយុគសម័យថ្មី និងសេចក្តីជូនដំណឹងលេខ ៦៤-TB/ĐU ចុះថ្ងៃទី ១១ ឧសភា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាមទីក្រុង ដែលបានប្រគល់ភារកិច្ចស្នូលជូនប្រព័ន្ធរណសិរ្សមាតុភូមិ ត្រូវតែម្ចាស់ការបង្កើតរបកគំហើញ កសាងបណ្តាដំណោះស្រាយទម្លាយភាពទាល់ច្រក ដើម្បីប្រមូលផ្តុំ ចលនា និងពង្រីកឱ្យបានជាអតិបរមានូវតួនាទីរបស់បញ្ញវន្ត អ្នកជំនាញការ និងសហគ្រិនជនជាតិវៀតណាមនៅបរទេស ក្នុងការឆ្ពោះទៅរកការកសាងរដ្ឋធានីប្រកបដោយចីរភាព...

លោក Nguyen Nam Hai បានឱ្យដឹងបន្ថែមទៀតថា សេចក្តីព្រាងគម្រោងនេះរួមមាន ៧ ជំពូក និងឧបសម្ព័ន្ធចំនួន ៣ ដែលត្រូវបានកសាងឡើងតាមរយៈការប្រមូលមតិយោបល់ជាច្រើនលើកច្រើនសារពីសំណាក់បណ្តាស្ថាប័នជំនាញ អ្នកស្រាវជ្រាវ និងក្រុមប្រឹក្សាប្រឹក្សាកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានី។ នេះត្រូវបានចាត់ទុកថាជាវិធីសាស្ត្រចូលទៅជិត បែបថ្មីមួយ និងមានលក្ខណៈនាំមុខគេរបស់ទីក្រុងហាណូយ ក្នុងការកំណត់ឱ្យបានច្បាស់លាស់នូវតួនាទីរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការជាសមាជិក ចំពោះការងារជនជាតិវៀតណាមនៅបរទេស។

យោងតាមសេចក្តីព្រាង សហគមន៍ជនជាតិវៀតណាមនៅបរទេសត្រូវបានកំណត់ថាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន និងជាប្រភពធនធានដ៏សំខាន់របស់ប្រជាជាតិ។ ការងារចលនា និងតភ្ជាប់ជនជាតិវៀតណាមនៅបរទេស មិនត្រឹមតែសំដៅពង្រឹងប្លុកមហាសាមគ្គីភាពជាតិទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរកការពង្រីកប្រភពធនធានបញ្ញា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការវិនិយោគ នវានុវត្តន៍ និងបណ្តាញទំនាក់ទំនងអន្តរជាតិ ដើម្បីបម្រើឱ្យការអភិវឌ្ឍរដ្ឋធានីផងដែរ។

ទីក្រុងហាណូយ ស្វែងរកដំណោះស្រាយតភ្ជាប់ប្រភពធនធានជនជាតិវៀតណាមនៅបរទេស សំដៅអភិវឌ្ឍន៍រដ្ឋធានី
លោក Nguyen Nam Hai (ខាងស្តាំ) អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ មានប្រសាសន៍បើក និងដឹកនាំកិច្ចពិភាក្សាតុមូល។

លោក Nguyen Nam Hai ក៏បានឱ្យដឹងផងដែរថា គម្រោងនេះបានដកស្រង់បទពិសោធន៍ពីប្រទេសជាច្រើន ដូចជា ឥណ្ឌា កូរ៉េខាងត្បូង អៀរឡង់ និងអ៊ីស្រាអែល ក្នុងការកសាងប្រព័ន្ធទិន្នន័យ បណ្តាញទំនាក់ទំនងអ្នកជំនាញការ និងយន្តការតភ្ជាប់សហគមន៍នៅបរទេស។ បទពិសោធន៍ទាំងនេះបានបង្ហាញឱ្យឃើញថា ប្រសិនបើចង់ពង្រីកប្រសិទ្ធភាពនៃប្រភពធនធានជនជាតិវៀតណាមនៅបរទេស គឺចាំបាច់ត្រូវមានយន្តការសម្របសម្រួលដ៏ឯកភាពមួយ ប្រព័ន្ធទិន្នន័យដ៏ពេញលេញ និងបណ្តាកម្មវិធីតភ្ជាប់រយៈពេលវែង ដែលផ្សារភ្ជាប់ទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង។

ការវាយតម្លៃលើស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន លោក Nguyen Nam Hai បានយល់ឃើញថា ការងារចលនាជនជាតិវៀតណាមនៅបរទេសរបស់ទីក្រុងហាណូយ សម្រេចបាននូវលទ្ធផលជាច្រើនរួចមកហើយ តាមរយៈបណ្តាសកម្មភាពផ្លាស់ប្តូរមិត្តភាព ការតភ្ជាប់សហគមន៍ និងបណ្តាកម្មវិធីឆ្ពោះទៅរកស្រុកកំណើត។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានកម្រិតកំហិតមួយចំនួន ដូចជា៖ មិនទាន់មានកម្មវិធីរួមទាំងមូលដោយឡែក ខ្វះប្រព័ន្ធទិន្នន័យឯកភាពស្តីពីជនជាតិវៀតណាមនៅបរទេសរបស់រដ្ឋធានី បណ្តាញទំនាក់ទំនងអ្នកជំនាញការនិងបញ្ញវន្តជនជាតិវៀតណាមនៅបរទេសមិនទាន់មានស្ថិរភាព ហើយការចូលរួមរបស់បណ្តាអង្គការជាសមាជិកនៅមានភាពបែកខ្ញែក និងមិនទាន់ត្រូវបានប្រគល់ភារកិច្ចជាក់លាក់នៅឡើយ...

ផ្អែកលើការអនុវត្តជាក់ស្តែងនោះ សេចក្តីព្រាងគម្រោងបានស្នើឱ្យកសាងយន្តការសម្របសម្រួលដ៏ឯកភាពមួយ បង្កើតជាប្រព័ន្ធទិន្នន័យ និងបណ្តាញទំនាក់ទំនងតភ្ជាប់រយៈពេលវែងជាមួយសហគមន៍ជនជាតិវៀតណាមនៅបរទេស ទន្ទឹមនឹងនោះ ដាក់ឱ្យអនុវត្តការងារចលនាក្រោមស្មារតី «ស្មោះត្រង់ គោរព ស្តាប់ រួមដំណើរ» ពង្រីកនូវចំណុចស្រដៀងគ្នាទាំងឡាយ ឆ្ពោះទៅរកការកៀរគរប្រភពធនធានជនជាតិវៀតណាមនៅបរទេសប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍រដ្ឋធានីនៅក្នុងដំណាក់កាលថ្មី។

នៅក្នុងកិច្ចពិភាក្សាតុមូលនេះ បណ្តាតំណាងបានផ្តោតការយកចិត្តទុកដាក់ពិភាក្សា និងផ្តល់មតិយោបល់យ៉ាងជ្រាលជ្រៅជាច្រើន ដោយបានមើលឃើញចំៗដោយត្រង់ទៅត្រង់មកនូវរាល់ភាពទាល់ច្រក នៅក្នុងការងារតភ្ជាប់ជនជាតិវៀតណាមនៅបរទេសនាពេលបច្ចុប្បន្ន ព្រមទាំងបានផ្តល់អនុសាសន៍នូវដំណោះស្រាយជាច្រើនដែលមានលក្ខណៈសកម្មភាពខ្ពស់។ បណ្តាតំណាងបានស្នើឱ្យទីក្រុងស្រាវជ្រាវបំពេញបន្ថែមនូវបរិយាកាសគតិយុត្ត ការវិនិយោគ និងការស្រាវជ្រាវវិទ្យាសាស្ត្រ តាមទិសដៅបើកចំហ និងមានភាពជាក់ស្តែងជាងមុន ព្រមទាំងមានយន្តការទទួលស្គាល់ លើកតម្កើង និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យបណ្តាអ្នកជំនាញការជនជាតិវៀតណាមនៅបរទេស អាចចូលរួមនៅក្នុងបណ្តាវិស័យយុទ្ធសាស្ត្រ ដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឧបករណ៍ពាក់កណ្តាលចម្លង ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ទីក្រុងហាណូយ ស្វែងរកដំណោះស្រាយតភ្ជាប់ប្រភពធនធានជនជាតិវៀតណាមនៅបរទេស សំដៅអភិវឌ្ឍន៍រដ្ឋធានី
បណ្តាតំណាងចូលរួមធ្វើការពិភាក្សា និងផ្តល់មតិយោបល់នៅក្នុងកិច្ចពិភាក្សាតុមូល។

ខ្លឹមសារមួយដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង គឺការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងការងារចលនា និងតភ្ជាប់ជនជាតិវៀតណាមនៅបរទេស។ បើតាមបណ្តាតំណាង ការកសាងប្រព័ន្ធទិន្នន័យស្តីពីជនជាតិវៀតណាមនៅបរទេសរបស់រដ្ឋធានី គឺជាតម្រូវការដ៏បន្ទាន់មួយ សំដៅបង្កើតឡើងនូវបណ្តាញទំនាក់ទំនងតភ្ជាប់ដ៏ឯកភាពមួយ សម្រាប់បម្រើដល់ការងារគ្រប់គ្រង ការធ្វើបច្ចុប្បន្នភាពព័ត៌មាន និងការកៀរគរប្រភពធនធានប្រកបដោយប្រសិទ្ធភាព។ ប្រព័ន្ធនេះមិនត្រឹមតែជួយបង្កើនសមត្ថភាពតភ្ជាប់ឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាគ្រឹះស្ថានដើម្បីឱ្យទីក្រុងហាណូយម្ចាស់ការចូលទៅជិតបណ្តាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និងសហគ្រិនអាណិកជន ឱ្យស្របទៅតាមតម្រូវការអភិវឌ្ឍន៍នៃវិស័យនីមួយៗ។

មតិយោបល់ជាច្រើនក៏បានស្នើឱ្យមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងវិធីសាស្ត្រដាក់ឱ្យអនុវត្តកិច្ចការបរទេសប្រជាជន ក្រោមស្មារតីនៃសេចក្តីណែនាំលេខ ៤៥-CT/TU របស់គណៈកម្មាធិការបក្សទីក្រុងហាណូយ។ ជំនួសឱ្យការផ្តោតជាចម្បងលើបណ្តាសកម្មភាពផ្លាស់ប្តូរមិត្តភាពបែបប្រពៃណី ការងារកិច្ចការបរទេសប្រជាជនចាំបាច់ត្រូវឆ្ពោះទៅរកការតភ្ជាប់ផ្នែកបញ្ញា ការចែករំលែកបទពិសោធន៍គ្រប់គ្រង ការផ្ទេរប្រគល់បច្ចេកវិទ្យា និងការជំរុញនវានុវត្តន៍ឱ្យបានកាន់តែច្រើន។ ក្នុងនោះ ជំនាន់ជនជាតិវៀតណាមនៅបរទេសវ័យក្មេង និស្សិតសិក្សានៅបរទេស និងបណ្តាអ្នកជំនាញការវ័យក្មេង ត្រូវបានកំណត់ថាជាក្រុមគោលដៅស្នូល ដែលមានសក្តានុពលក្លាយជាស្ពានចម្លងដ៏សំខាន់រវាងទីក្រុងហាណូយ ជាមួយនឹងបណ្តាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នានានៅលើពិភពលោក។

តំណាងថ្នាក់ដឹកនាំសហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកផ្នែកបញ្ញា និងភាពប៉ិនប្រសប់របស់បណ្តាតំណាងដែលបានអញ្ជើញចូលរួម ហើយបានអះអាងថានឹងទទួលយកឱ្យបានជាអតិបរមានូវរាល់មតិយោបល់ពិភាក្សា ដើម្បីបំពេញបន្ថែមលើសេចក្តីព្រាងគម្រោងឱ្យបានឆាប់រហ័ស និងមានគុណភាពល្អបំផុត។ ទន្ទឹមនឹងនោះ ដើម្បីធានាបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយ និងការឯកភាពគ្នាខ្ពស់ សហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយនឹងបន្តផ្ញើលិខិតផ្លូវការភ្ជាប់ជាមួយសេចក្តីព្រាង ដើម្បីស្នើសុំមតិយោបល់រួមចំណែក និងការវាយតម្លៃត្រឡប់មកវិញជាលាយលក្ខណ៍អក្សរពីសំណាក់បណ្តាស្ថាប័ន មន្ទីរ អង្គភាព និងបណ្តាអង្គការពាក់ព័ន្ធ មុនពេលបំពេញរួចរាល់ដើម្បីដាក់ជូនថ្នាក់មានសមត្ថកិច្ចពិនិត្យនិងអនុម័តទៅតាមវឌ្ឍនភាពដែលបានគ្រោងទុក៕

ទីក្រុងហាណូយ៖ ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"

នៅរសៀលថ្ងៃទី ២២ ខែមេសា នៅបណ្ឌិតសភាការទូត ទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានរៀបចំ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"។ នេះគឺជាសកម្មភាពបើកឆាក ក្នុងក្របខ័ណ្ឌ “វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤” (AFF ២០២៤) ដែលរៀបចំឡើងដោយវៀតណាម នាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ។

ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស

នាយប់ថ្ងៃទី ១២ មីនា កម្មវិធីសិល្បៈ “សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម” បានប្រព្រឹត្តទៅនៅរោងមហោស្រពធំហាណូយ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ