នោះជាបុណ្យចូលឆ្នាំថ្មី ១៩៧៩ ដែលខ្ញុំចងចាំជានិច្ច។ នៅឆ្នាំហ្នឹង យើងខ្ញុំទើបតែបញ្ចប់ការសិក្សានៅសាលានាយទាហាននយោបាយ ហើយត្រូវបានរៀបចំទៅបំពេញការងារនៅកងពលធំលេខ ៣០៤ អង្គទ័ពលេខ២។
ក្នុងអំឡុងពេលបំពេញការងារនៅកងពលធំលេខ ៣០៤ ប៉ុន្តែយើងខ្ញុំមិនទាន់បានចុះទៅបណ្ដាអង្គភាព។ យោងតាមលោក Giai ប្រធានផ្នែកកម្មាភិបាលនៃកងពលធំលេខ ៣០៤ បានឲ្យដឹងថា៖ «យើងខ្ញុំជាកម្មាភិបាលត្រៀមបម្រុងនៃកងពលធំ បានជាឲ្យនៅបញ្ជាការដ្ឋានកងពលធំសិន និងអាចចុះទៅអង្គភាពវិញនៅពេលណាទាំងអស់"។ ខ្ញុំត្រូវបានរៀបចំការងារជាបណ្ដោះអាសន្ននៅផ្នែកឃោសនាអប់រំ។ បញ្ជាការដ្ឋានកងពលធំឈរជើងនៅកំពង់ផែកំពង់សោមកាន់តួនាទីគ្រប់គ្រងរដ្ឋបាលនៅក្នុងក្រុង។ លោកវរសេនីយ៍ទោ Hoang Chinh មេបញ្ជាការរងនៃកងពលធំលេខ៣០៤ ធ្វើជាប្រធានគណៈកម្មការគ្រប់គ្រងរដ្ឋបាល។ ភារកិច្ចរបស់គណៈកម្មការគឺគ្រប់គ្រងនិងការពារសំភារៈនិងទ្រព្យសម្បត្តិដើម្បីប្រគល់ជូនភាគីមិត្ដកម្ពុជា។ ការយាមនិងការពារដោយយុទ្ធជនអង្គរក្ស ក្នុងនោះយើងខ្ញុំទទួលបន្ទុកការត្រួតពិនិត្យ។
នារសៀលថ្ងៃទី ២៩ ខែធ្នូ ចន្ទគតិ (ត្រូវនឹងថ្ងៃ ២៧ ខែមករា ឆ្នាំ ១៩៧៩ ) ជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ ខ្ញុំនិងលោក Hung មកពីខេត្ដ Nghe An និងលោក Giang មកពីខេត្ដ Thanh Hoa រួមជាមួយនឹងយុទ្ធជននារីពីរនាក់ទៀតដែលមានឈ្មោះថា Hoa និង Yen ត្រូវបានបញ្ជូនមកជួយរៀបចំពេលបាយឲ្យអង្គភាពក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មី ពេលបាយទទួលអំណរបុណ្យចូលឆ្នាំថ្មីក៏ដូចជាពេលបាយធម្មតាផ្សេងៗទៀតមានតែសាច់ប្រអប់ឆាជាមួយបន្លែនិងសាច់ជ្រូកខជាមួយសាច់ដូង។
បន្ទាប់ពីហូបបាយរួច ប្រហែលម៉ោង ៩ យប់ លោកវរសេនីយ៍ទោ Hoang Chinh បានបញ្ជាឲ្យយុទ្ធជនទទួលបន្ទុកទាក់ទងជូនដំណឹងថា បងប្អូនទាំងអស់គ្នាត្រូវតែយាមដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់កងទ័ពប៉ុលពតវាយប្រហារ។ យើងខ្ញុំម្នាក់ៗមានកាំភ្លើង AK មួយដើម បង់កាំភ្លើង ២ បង់ និងគ្រាប់បែកដៃ។ ដល់ម៉ោងឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ក្នុងចិត្តខ្ញុំក៏ដូចជាគេទាំងអស់គ្នាសុទ្ធតែគិតថា ពេលនេះនៅផ្ទះ គ្រួសារយើងកំពុងទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយណាស់ ខណៈដែលបរិយាកាសនៅតំបន់កំពង់ផែកំពង់សោមស្ងាត់ឈឹងគួរឲ្យភ្ញាក់ផ្អើល…។
បន្ទាប់ពីយាមរួច ខ្ញុំទៅដេកនៅលើគ្រែផ្ទាល់ខ្លួន ប៉ុន្តែដេកមិនលក់។ នាឡិកាបានចង្អុលជិតម៉ោង ២ ទៀបភ្លឺហើយ។ នៅផ្ទះយើងពេលនេះមានតែម្តាយខ្ញុំប៉ុណ្ណោះ គ្រួសារបងស្រីខ្ញុំនៅឆ្ងាយ ប្អូនស្រីខ្ញុំទើបតែទៅរៀននៅខេត្ដ Lao Cai ទន្ទឹមនឹងនោះ ការធ្វើដំណើរជួបការលំបាកខ្លាំង ដូច្នេះគ្មានអ្នកណាមកផ្ទះទេ។ ដេកនឹកម្ដាយដែលចាស់ជរាសុខភាពទ្រុឌទ្រោម ដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីតែកូនចៅគ្មាននរណាម្នាក់វិលត្រឡប់មកវិញឡើយ។
![]() |
| រូបភាពអ្នកនិពន្ធបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញកាលពីខែមេសា ឆ្នាំ២០១១ |
នាព្រឹកថ្ងៃដំបូងនៃឆ្នាំថ្មី ខ្ញុំភ្ញាក់ពីដំណេកនៅវេលាម៉ោងជិត ៨ ព្រឹក ខណៈដែលគេទាំងអស់គ្នាស្ទើរតែដេកមិនលក់។ នៅថ្ងៃត្រង់ ប្រហែលម៉ោង ១១ ពេលដែលគេទាំងអស់គ្នាអង្គុយញ៉ាំបាយ មេបញ្ជាការរង Hoang Chinh បានយកស្រាមួយដប់មក ហើយគាត់បានចាក់ឲ្យម្នាក់ ៗ មួយកែវតូចដើម្បីទទួលអំណរឆ្នាំថ្មី។ ពេលបាយនៅដើមឆ្នាំក៏ដូចជាពេលបាយធម្មតាដែរ មានបន្ថែមតែមុខម្ហូបត្រីសមុទ្រចៀនប៉ុណ្ណោះ។ ទោះជាបាយយ៉ាងនេះក្តី ហើយបាយគ៏មិនទាន់បានហូប ស្រាក៏មិនបានហូបដែរ ស្រាប់តែទទួលដំណឹងថា កងទ័ពរបស់ប៉ុលពតបានជ្រៀតចូលឃ្លាំងមួយក្នុងតំបន់កំពង់ផែ។ ភ្លាមៗ លោក Hoang Chinh បានបញ្ជាថា៖ ចែកកងកម្លាំងជាពីរ ពាក់កណ្ដាលនៅការពារអង្គភាព ហើយពាក់កណ្ដាលទៀតទៅជួយការពារឃ្លាំងនៅតំបន់កំពង់ផែជាបន្ទាន់។
ខ្ញុំនិងបងប្អូនជិតដប់នាក់បានប្រញាប់ឡើងរថយន្ត Jeep ពីរគ្រឿង។ រថយន្ដមកដល់ យើងបានដាក់ពង្រាយកងទ័ពយ៉ាងរហ័ស។ ប៉ុន្ដែតែប៉ុន្មាននាទីក្រោយមក ដោយឃើញយើងខ្ញុំ ប្រុងជើងការត្រៀមប្រយុទ្ធយ៉ាងដូច្នេះ ពួកប៉ុល ពត ស្លៀកពាក់ខោអាវខ្មៅ ពាក់ក្រមាក បានប្រញាប់ប្រញាល់រត់ចូលទៅក្នុងព្រៃ ចោលពីរនាក់រងរបួស។ យើងខ្ញុំចាប់ខ្លួនពីរនាក់នេះ បន្ទាប់មកពួកគេបានសារភាពថា ពួកគេស្រេកឃ្លានយ៉ាងខ្លាំងទើបចូលស្វែងរកអាហារ។ ខោអាវរបស់គេរហែក ហើយក្លិនខ្លួនស្អុយខ្លាំងដោយប៉ុន្មានថ្ងៃនេះមិនបានងូតទឹកទេ។
ក្រោយមកខ្ញុំមានឱកាសបានទៅកម្ពុជាជាច្រើនដង ប៉ុន្តែដោយសាររវល់ការងារ ខ្ញុំមិនបានត្រឡប់ទៅកំពង់សោមវិញដើម្បី ចងចាំនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលមិនអាចបំភ្លេចបានសម្រាប់ជីវិតរបស់ខ្ញុំឡើយ៕

មតិពីមិត្តអ្នកអាន