Trending now

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន

09:10 | 04/06/2026 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានចាត់តាំងសន្និសីទដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀន រវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ កម្មវិធីយុទ្ធនាការនេះនឹងមានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ដោយផ្តោតសំខាន់លើបណ្តាភូមិសាស្ត្រព្រំដែន និងតំបន់គន្លឹះស្តីពីគ្រឿងញៀននៃប្រទេសទាំងបួន។

យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍ នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី

ក្នុងបរិបទដែលបទល្មើសគ្រឿងញៀនឆ្លងដែនបន្តមានការវិវត្តន៍យ៉ាងស្មុគស្មាញនៅក្នុងតំបន់ ការដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ត្រូវបានវាយតម្លៃថាជាជំហានឈានជើងដ៏មានសារៈសំខាន់ សំដៅបង្កើនការសម្របសម្រួលជាក់ស្តែងរវាងកម្លាំងមានសមត្ថកិច្ចនានា ទន្ទឹមនឹងនោះបង្ហាញពីការប្តេជ្ញាចិត្តនយោបាយយ៉ាងមុតមាំរបស់បណ្តាប្រទេសនៅក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

ថ្លែងមតិនៅក្នុងសន្និសីទ នាយឧត្តមសេនីយ៍ទោ Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានសង្កត់ធ្ងន់ថា ជាមួយលក្ខណៈពិសេសជាបណ្តាប្រទេសជិតខាងដែលមានខ្សែបន្ទាត់ព្រំដែនរួមគ្នា និងរក្សាតួនាទីយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នៅក្នុងតំបន់ វៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា កំពុងទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរបស់បណ្តាបណ្តាញបទល្មើសគ្រឿងញៀនឆ្លងដែន។

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
សន្និសីទដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀន រវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។

តាមប្រសាសន៍របស់ នាយឧត្តមសេនីយ៍ទោ Nguyen Van Long វៀតណាមតែងតែកំណត់ថា ការបង្ការ ទប់ស្កាត់គ្រឿងញៀន គឺជាភារកិច្ចនយោបាយមានសារៈសំខាន់ជាពិសេស ទាំងបន្ទាន់ និងយូរអង្វែង ព្រមទាំងជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូលផងដែរ។ វៀតណាមទន្ទឹមនឹងនោះក៏តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន ឡាវ និងមីយ៉ាន់ម៉ា ដោយវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល និងការជួយជ្រោមជ្រែងយ៉ាងសកម្មរបស់បណ្តាប្រទេសនៅក្នុងការងារបង្ការ ទប់ស្កាត់គ្រឿងញៀនក្នុងរយៈពេលកន្លងមក។

«ជាមួយការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់រដ្ឋាភិបាល និងកម្លាំងអនុវត្តច្បាប់នៃបណ្តាប្រទេស រួមជាមួយស្មារតីទទួលខុសត្រូវ ភាពជឿជាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីនានា យុទ្ធនាការទ្រង់ទ្រាយធំឆ្នាំ ២០២៦ នឹងសម្រេចបាននូវលទ្ធផលជាក់ស្តែងជាច្រើន រួមចំណែករក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងការពារជីវភាពរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រី Nguyen Van Long។

នៅក្នុងសន្និសីទ តំណាងនៃប្រទេសទាំងបួនបានឯកភាពគ្នាអនុម័តលើផែនការសកម្មភាពរួម ដើម្បីដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្នាំ ២០២៦ ជាមួយខ្លឹមសារជាក់លាក់ជាច្រើន។

យោងតាមនោះ ភាគីនានានឹងបង្កើនការវាយតម្លៃ និងត្រួតពិនិត្យលើស្ថានភាពផលិត ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន និងសារធាតុគីមីផ្សំដោយខុសច្បាប់ តាមរយៈការរឹតបន្តឹងការគ្រប់គ្រងនៅតាមតំបន់ព្រំដែន ច្រកទ្វារព្រំដែន ខ្សែផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងផ្លូវអាកាស។ ទន្ទឹមនឹងនោះ កម្លាំងមានសមត្ថកិច្ចនានានឹងសម្របសម្រួលគ្នាដើម្បីវាយប្រហារលើបណ្តាសំណុំរឿងជំនាញរួម ដោយផ្តោតសំខាន់លើបណ្តាញគ្រឿងញៀនឆ្លងដែន និងបណ្តាភូមិសាស្ត្រឆ្លងកាត់គន្លឹះៗ។

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
នាយឧត្តមសេនីយ៍ទោ Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាល។

ខ្លឹមសារគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ បណ្តាប្រទេសនឹងសម្របសម្រួលគ្នាក្នុងការត្រួតពិនិត្យឡើងវិញនូវបណ្តាមុខសញ្ញាដែលត្រូវតាមប្រមាញ់ ដែលសង្ស័យថាបានលួចលាក់គេចខ្លួននៅលើទឹកដីនៃប្រទេសមួយទៀត ដើម្បីធ្វើការផ្ទៀងផ្ទាត់ តាមចាប់ខ្លួន និងប្រគល់ជូនស្របតាមបទប្បញ្ញត្តិ។ ផ្អែកលើស្ថានភាពជាក់ស្តែង ភាគីនានាក៏នឹងសិក្សាស្រាវជ្រាវអំពីយន្តការចាត់តាំងបញ្ជូនកម្មាភិបាលទៅកាន់ប្រទេសម្ចាស់ផ្ទះ ក្រោមការយល់ព្រមពីប្រទេសទទួល ដើម្បីសម្របសម្រួលស៊ើបអង្កេតពង្រីកបណ្តាសំណុំរឿងគ្រឿងញៀនឆ្លងដែន តាមស្វែងរកមុខសញ្ញាជាមេខ្លោង និងបង្ក្រាបឱ្យបានទាំងស្រុងនូវបណ្តាញប្រព្រឹត្តបទល្មើសទាំងមូល។

ទន្ទឹមនឹងនោះដែរ បណ្តាប្រទេសបានឯកភាពគ្នាបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើបណ្តាសកម្មភាពស្របច្បាប់ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេសគឺការត្រួតពិនិត្យលើបណ្តាសហគ្រាសនាំចេញ-នាំចូលសារធាតុគីមីផ្សំ និងសារធាតុគីមី ដើម្បីទប់ស្កាត់ហានិភ័យនៃការកេងប្រវ័ញ្ចយកទៅប្រើប្រាស់សម្រាប់សកម្មភាពផលិតគ្រឿងញៀនខុសច្បាប់។

យោងតាមផែនការ យុទ្ធនាការទ្រង់ទ្រាយធំនេះនឹងត្រូវដាក់ឱ្យអនុវត្តនៅតាមបណ្តាខេត្ត-ក្រុងដែលជាប់ព្រំដែនរវាង វៀតណាម - ឡាវ, វៀតណាម - ចិន, ចិន - ឡាវ, ឡាវ - មីយ៉ាន់ម៉ា, ចិន - មីយ៉ាន់ម៉ា រួមជាមួយភូមិសាស្ត្រគន្លឹះៗជាច្រើនទៀតនៅក្នុងប្រទេសទាំងបួន។

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
បណ្តាតំណាងទស្សនាពិព័រណ៍ស្តីពីការបង្ការ ទប់ស្កាត់គ្រឿងញៀន។

យោងតាមរបាយការណ៍ឆ្នាំ ២០២៥ របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) តំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានកត់ត្រាបរិមាណគ្រឿងញៀនសំយោគដែលត្រូវបានរឹបអូស កើនឡើង ១៨% បើធៀបនឹងឆ្នាំ ២០២៤។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ តំបន់ត្រីកោណមាស នៅតែបន្តជាប្រភពផ្គត់ផ្គង់ដ៏ធំសម្រាប់គ្រឿងញៀនសំយោគជាច្រើនប្រភេទ។

នៅប្រទេសវៀតណាម ក្នុងឆ្នាំ ២០២៥ កម្លាំងនគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀនទូទាំងប្រទេស បានវាយប្រហារបង្ក្រាបដោយជោគជ័យនូវសំណុំរឿងចំនួន ២១,៩៩៨ ករណី ចាប់ខ្លួនមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនចំនួន ៤៤,៣៥៤ នាក់; រឹបអូសបានហេរ៉ូអ៊ីន ចំនួន ២៧៦ គីឡូក្រាម, កញ្ឆាចំនួន ១,២៨០ គីឡូក្រាម, គ្រឿងញៀនសំយោគចំនួន ៤,៣៩៦ គីឡូក្រាម រួមជាមួយគ្រាប់គ្រឿងញៀនសំយោគចំនួន ២,០៩៦,២៥៩ គ្រាប់។

ដោយឡែក នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ កម្លាំងមានសមត្ថកិច្ចនានាបានរកឃើញ និងចាត់ការលើករណីចំនួន ៧,៤២៤ ករណី ជាមួយមុខសញ្ញាចំនួន ១៤,៨១៣ នាក់; រឹបអូសបានហេរ៉ូអ៊ីនជាង ៥២ គីឡូក្រាម, កញ្ឆាចំនួន ១២៥.៩ គីឡូក្រាម, គ្រឿងញៀនសំយោគចំនួន ៤២៥.៩ គីឡូក្រាម, គ្រាប់គ្រឿងញៀនសំយោគជាង ៣៤៥,០០០ គ្រាប់ រួមជាមួយគ្រឿងញៀនប្រភេទផ្សេងៗទៀតចំនួន ៥១.៣ គីឡូក្រាម។

ពាក់ព័ន្ធនឹងកត្តាបរទេស ក្នុងឆ្នាំ ២០២៥ កម្លាំងមានសមត្ថកិច្ចវៀតណាមបានរកឃើញចំនួន ៧៧ ករណី ចាប់ខ្លួនមុខសញ្ញាជាជនបរទេសប្រព្រឹត្តបទល្មើសគ្រឿងញៀនចំនួន ៩៨ នាក់។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ សំណុំរឿងជំនាញ ១៣៥VL ដែលដឹកនាំដោយនាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន សហការជាមួយបណ្តាអង្គភាពមានសមត្ថកិច្ចនៃប្រទេសវៀតណាម និងឡាវ ក្នុងការដាក់ឱ្យអនុវត្ត បានបង្ក្រាបដោយជោគជ័យនូវបណ្តាញជួញដូរ និងដឹកជញ្ជូនសារធាតុគីមីផ្សំដោយខុសច្បាប់ពីប្រទេសចិន ឆ្លងកាត់វៀតណាម ឡាវ ទៅកាន់មីយ៉ាន់ម៉ា ដើម្បីផលិតគ្រឿងញៀនសំយោគ។

កម្លាំងមានសមត្ថកិច្ចបានចាប់ខ្លួនមុខសញ្ញាចំនួន ១០ នាក់នៅវៀតណាម, ៦ នាក់នៅឡាវ និងរឹបអូសបានសារធាតុកាហ្វេអ៊ីន ចំនួន ៥០.៧ តោន។ តាមការវាយតម្លៃរបស់ស្ថាប័នមានសមត្ថកិច្ច បរិមាណសារធាតុគីមីផ្សំនេះ ប្រសិនបើត្រូវបានដឹកជញ្ជូនដោយជោគជ័យ គឺអាចយកទៅប្រើប្រាស់ដើម្បីផលិតគ្រឿងញៀនសំយោគជាគ្រាប់បានជាង ១៥០ តោន។ នេះត្រូវបានចាត់ទុកថាជាសំណុំរឿងជំនាញគំរូមួយ នៅក្នុងការងារវាយប្រហារទប់ស្កាត់តាំងពីដើមចមនៃប្រភពសារធាតុគីមីផ្សំ សម្រាប់បម្រើដល់សកម្មភាពផលិតគ្រឿងញៀនខុសច្បាប់៕

ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី

យុគសម័យ - នៅថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា (សមាគម) ដឹកនាំដោយឯកឧត្តម Chu Cong Phung ប្រធានសមាគម បានអញ្ជើញទៅកាន់ស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម ដើម្បីប្រគល់ជូនទឹកប្រាក់ចំនួន ៣៩២,៣៧២,០៨៤ ដុង ក្នុងគោលបំណងជួយប្រជាជនមីយ៉ាន់ម៉ាស្តារឡើងវិញពីផលវិបាកនៃគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅថ្ងៃទី ២៨ ខែមីនា កន្លងទៅ។

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
ការបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់សហគមន៍ខ្មែរ-វៀតណាម នៅប្រទេសកម្ពុជា
Vinamilk រួមដៃគ្នាផ្សព្វផ្សាយសារ "មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត" ជាមួយផលិតផលចំនួន ៤០,០០០ ដប/ប្រអប់ ជូនដល់សហគមន៍
GENECELL ដាក់ឱ្យអនុវត្តប្រធានបទស្រាវជ្រាវចម្រាញ់សារធាតុសកម្មពីឱសថបុរាណ ដើម្បីបម្រើដល់ការផលិតគ្រឿងសម្អាង
ការវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់ នៅក្នុងខេត្ត Gia Lai