យុគសម័យ - ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ គណៈប្រតិភូបំពេញការងារនៃគណៈកម្មាធិការសន្តិភាពវៀតណាម ដឹកនាំដោយលោក Uong Chu Luu អតីតអនុប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម បានសម្របសម្រួលរៀបចំ និងអញ្ជើញចូលរួមក្នុងកម្រងសកម្មភាព “ដំណើរនៃបេតិកភណ្ឌ និងសន្តិភាព” ឆ្នាំ ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស Con Dao ទីក្រុងហូជីមិញ។
| គោលដៅកំពូលនៃទេសចរណ៍សមុទ្រ និងកោះហៅឈ្មោះថា Con Dao លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម តបស្នងសងគុណចំពោះអ្នកមានគុណូបការៈនៅស្រុក Con Dao |
កម្រងសកម្មភាពនេះមានអត្ថន័យនយោបាយ ប្រវត្តិសាស្ត្រ និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ រួមចំណែកដឹងគុណដល់បណ្ដាវីរបុរសយុទ្ធជនពលី យុទ្ធជនបដិវត្តន៍ អ្នកទោសនយោបាយ និងជនរួមជាតិស្នេហាជាតិ ដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជាតិ; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសារសន្តិភាព មិត្តភាព និងសេចក្តីប្រាថ្នាចង់បានការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងបរិបទដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងជម្លោះជាច្រើន។
ក្នុងក្របខណ្ឌនៃកម្មវិធី គណៈប្រតិភូបានចូលរួមក្នុងពិធីដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធនៅឈាបនដ្ឋាន Hang Duong; ចូលរួមពិធី “បួងសួងសុំសន្តិភាព” នៅកេរដំណែលផែនាវា ៩១៤; ចូលរួមពិធីបើកការតាំងពិព័រណ៍ “ផ្កាឈូកក្នុងផ្ទាំងថ្ម” ព្រមទាំងសកម្មភាពពោរពេញដោយអត្ថន័យជាច្រើនទៀត។
![]() |
| លោក Uong Chu Luu ដឹកនាំគណៈប្រតិភូបំពេញការងារ អញ្ជើញអុជធូបនៅឈាបនដ្ឋាន Hang Duong។ |
ថ្លែងមតិផ្សព្វផ្សាយសារសន្តិភាព ក្នុងពិធី “បួងសួងសុំសន្តិភាព” ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១២ ខែឧសភា នៅផែនាវា ៩១៤ លោក Uong Chu Luu បានសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាពិធីដឹងគុណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “ជំនួបនៃប្រវត្តិសាស្ត្រ នៃការចងចាំរបស់ប្រជាជាតិ និងនៃសេចក្តីប្រាថ្នាសន្តិភាព” ផងដែរ។
តាមលោក Uong Chu Luu ផែនាវា ៩១៤ គឺជាសាក្សីប្រវត្តិសាស្ត្រដ៏ពិសេសមួយ អំពីទឹកចិត្តស្នេហាជាតិ និងការលះបង់ដ៏ធំធេងរបស់បណ្ដាជំនាន់បុព្វបុរស ដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។ លេខសម្គាល់ “៩១៤” បានក្លាយជានិមិត្តរូបនៃកូនចៅដ៏ឆ្នើមរាប់រយរាប់ពាន់នាក់របស់ប្រជាជាតិ ដែលបានដួលរលំនៅក្នុងគុកងងឹត Con Dao។ ឈាម និងទឹកភ្នែករបស់បណ្ដាយុទ្ធជនបដិវត្តន៍ របស់ប្រជាជនវៀតណាមស្នេហាជាតិ បានរលាយចូលទៅក្នុងសមុទ្រ និងផ្ទៃមេឃនៃកោះ Con Dao ដើម្បីសរសេរឡើងនូវបទចម្រៀងវីរភាពមិនចេះសាបសូន្យរបស់ប្រជាជាតិវៀតណាម។
![]() |
| លោក Uong Chu Luu អញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ “ផ្កាឈូកក្នុងផ្ទាំងថ្ម” នៅសារមន្ទីរ Con Dao។ |
ពីទឹកដីដែលធ្លាប់ជក់ជ្រាបទៅដោយការឈឺចាប់ ប៉ុន្តែក៏ជះពន្លឺចែងចាំងនូវស្មារតីមិនចុះចាញ់នោះ សារសន្តិភាពត្រូវបានបន្លឺឡើងជាមួយនឹងជម្រៅនៃប្រវត្តិសាស្ត្រ និងការទទួលខុសត្រូវចំពោះអនាគត។ លោក Uong Chu Luu បានបញ្ជាក់ថា ប្រជាជាតិវៀតណាមគឺជាប្រជាជាតិដែលស្រឡាញ់សន្តិភាព ប៉ុន្តែដើម្បីទទួលបានសន្តិភាព ប្រជាជនវៀតណាមបានឆ្លងកាត់សង្គ្រាម ការបាត់បង់ និងការលះបង់ជាច្រើនរាប់មិនអស់។ ហេតុដូច្នេះហើយ វៀតណាមកាន់តែយល់ដឹងយ៉ាងស៊ីជម្រៅនូវតម្លៃដ៏ពិសិដ្ឋនៃសន្តិភាព ឯករាជ្យ និងសិទ្ធិរស់នៅក្នុងសេរីភាព និងសុភមង្គល។
ក្នុងបរិបទពិភពលោកនាពេលបច្ចុប្បន្ន ដែលនៅតែមានជម្លោះ និងការបែកបាក់គ្នាជាច្រើន សារផ្ញើចេញពីកោះ Con Dao កាន់តែមានអត្ថន័យនៃយុគសម័យយ៉ាងជ្រាលជ្រៅ។ តាមលោក Uong Chu Luu មនុស្សជាតិនាថ្ងៃនេះ ត្រូវការការសន្ទនាជំនួសឱ្យការប្រឈមមុខដាក់គ្នា ត្រូវការសាមគ្គីភាពជំនួសឱ្យការគុំកួន ត្រូវការចិត្តមនុស្សធម៌ ការចែករំលែក និងស្មារតីទទួលខុសត្រូវរួម ដើម្បីការពារខឿនសន្តិភាពប្រកបដោយចីរភាពសម្រាប់ជំនាន់អនាគត។
![]() |
| លោក Uong Chu Luu អានសារសន្តិភាព ក្នុងពិធីបួងសួងសុំសន្តិភាព នៅផែនាវា ៩១៤ កោះ Con Dao។ |
ខណៈពេលដែលស្លាបសត្វព្រាបសត្រូវបានបង្ហោះឡើងទៅកាន់ផ្ទៃមេឃនៃកោះ Con Dao ក្នុងពិធី “បួងសួងសុំសន្តិភាព” នោះ មិនត្រឹមតែជាពិធីការជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ញើជូននូវសេចក្តីប្រាថ្នាអំពីពិភពលោកមួយដែលមានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ពីផែនាវា ៩១៤ ដ៏សក្ការៈ បណ្ដាអ្នកចូលរួមក្នុងពិធីបានរួមគ្នាប្តេជ្ញាបន្តវេនប្រពៃណីស្នេហាជាតិ និងមនុស្សសាស្ត្ររបស់ប្រជាជាតិវៀតណាម បន្តពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងបណ្ដាប្រជាជាតិ។
“ដំណើរនៃបេតិកភណ្ឌ និងសន្តិភាព” ឆ្នាំ ២០២៦ នៅកោះ Con Dao គឺជាឱកាសមួយដើម្បីដឹងគុណដល់ប្រវត្តិសាស្ត្រ អប់រំប្រពៃណី “ផឹកទឹកនឹកដល់ប្រភពទឹក” រួមចំណែកបញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវរបស់វៀតណាម ក្នុងការជំរុញវប្បធម៌សន្តិភាព បង្កើនសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាមជាមួយប្រជាជននានានៅលើពិភពលោក។
![]() |
| បណ្ដាតំណាងបង្ហោះសត្វព្រាបសន្តិភាព ក្នុងពិធីបួងសួងសុំសន្តិភាព។ |
ពីកោះ Con Dao ដែលជាកន្លែងធ្លាប់កត់ត្រានូវការឈឺចាប់យ៉ាងសាហាវឃោរឃៅនៃសង្គ្រាម សារអំពីសន្តិភាពនាថ្ងៃនេះ កាន់តែត្រឡប់ជាពិសិដ្ឋ និងមានកម្លាំងផ្សព្វផ្សាយយ៉ាងខ្លាំងក្លា៖ សន្តិភាពមិនមែនជាអ្វីដែលកើតមានឡើងដោយឯកឯងនោះទេ ប៉ុន្តែវាគឺជាសមិទ្ធផលដែលត្រូវបានដោះដូរដោយការលះបង់ជាច្រើនរាប់មិនអស់; ហើយការថែរក្សាសន្តិភាព តែងតែជាការទទួលខុសត្រូវរួមរបស់គ្រប់ប្រទេស គ្រប់ប្រជាជាតិ និងមនុស្សម្នាក់ៗដែលស្រឡាញ់សន្តិភាពនៅលើពិភពលោក៕
យុគសម័យ - ក្រៅពីទេសចរណ៍ខាងវិញ្ញាណ ការនឹករលឹកដល់វីរៈបុរស ភ្ញៀវទេសចរជាច្រើនបានដឹងថា កោះ Con Dao ជាឋានសួគ៌លំហែកាយ ជាកន្លែងទេសចរណ៍គួរឲ្យចាប់អារម្មណ៍សម្រាប់ការស្វែងយល់។ |
យុគសម័យ - Con គឺជាវាលដីដែលកកើតឡើងពីដីល្បាប់និងខ្សាច់ Con Ong Trang គឺជាតំបន់ទេសចរណ៍មួយក្នុងឧទ្យានជាតិជ្រោយ Ca Mau។ Con មានទីតាំងនៅមាត់ទន្លេ Cai Lon តភ្ជាប់ទៅដីល្បាប់ខាងលិចក្នុងឃុំ Vien An។ |
thoidai.com.vn




មតិពីមិត្តអ្នកអាន