ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ ខែកក្កដា ១៩៤៧/២៧ ខែកក្កដា ២០២៣) នៅថ្ងៃទី១៩ ខែកក្កដា លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានអញ្ជើញចូលរួមសកម្មភាពតបស្នងសងគុណជាច្រើនចំពោះវីរជនពលី យុទ្ធជន ជនរួមជាតិស្នេហាជាតិ និងជួបជាមួយអតីតអ្នកទោសនយោបាយនៅ Con Dao ព្រមទាំងចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនអ្នកមានគុណូបការៈនៅស្រុក Con Dao ខេត្ត Ba Ria-Vung Tau។
![]() |
![]() |
![]() |
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម តបស្នងសងគុណចំពោះអ្នកមានគុណូបការៈនៅស្រុក Con Dao |
នាព្រឹកថ្ងៃទី ១៩ ខែកក្កដា នៅទីបញ្ចុះសព Hang Duong លោក Vo Van Thuong និងគណៈប្រតិភូបានអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលី យុទ្ធជនបដិវត្តន៍ និងជនរួមជាតិស្នេហាជាតិដែលបានពលីជីវិតនៅស្រុក Con Dao។
ដោយក្តីគោរពដឹងគុណយ៉ាងក្រៃលែង លោក Vo Van Thuong ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតអ្នកទោសនយោបាយ Con Dao បានដាក់កម្រងផ្កា អុជធូបគោរព និងរលឹកវិញ្ញាណក្ខន្ធចំពោះវីរជន យុទ្ធជនរបស់ប្រទេសជាតិដែលបានពលីជីវិតដើម្បីមាតុភូមិ។
នៅទីនេះដែរ លោក Vo Van Thuong និងគណៈប្រតិភូបានអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស Le Hong Phong; យុទ្ធជនពលី វីរនារីនៃកងកម្លាំងប្រដាប់អាវុធប្រជាជន អ្នកស្រី Vo Thi Sau និងអុជធូបគោរពវិញ្ញាណក្ខន្ធនៅចំពោះមុខផ្នូរអ្នកស្នេហាជាតិ វីរជនពលីដែលពលីជីវិតនៅស្រុក Con Dao។
ទីបញ្ចុះសព Hang Duong គឺជាកន្លែងបញ្ចុះសពរបស់យុទ្ធជនបដិវត្តន៍ជាង ១.៩២០ នាក់; ទីសក្ការៈបូជា Con Dao បានចារឹកឈ្មោះយុទ្ធជនពលីចំនួន ២.២៨៤ នាក់នៅលើផ្ទាំងសិលា។ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានមោទនៈភាព និងដឹងគុណយ៉ាងក្រៃលែងចំពោះវីរជន និងយុទ្ធជនពលី បុព្វបុរសបដិវត្តន៍ជំនាន់មុនដែលបានធ្វើពលីកម្មដើម្បីដណ្តើម និងរក្សាឯករាជ្យជាតិមាតុភូមិ នាំមកនូវសេរីភាពនិងសុភមង្គលជូនប្រជាជន។
* នារសៀលថ្ងៃដដែល លោក Vo Van Thuong បានអញ្ជើញជំនួបសំណេះសំណាលជាមួយប្រតិភូចំនួន ៧៦ នាក់ដែលជាអតីតអ្នកទោសនយោបាយ Con Dao ។
ក្នុងឱកាសនេះ លោក Vo Van Thuong បានសម្តែងការកោតសរសើរចំពោះការបាត់បង់ និងការលះបង់ដ៏ធំធេងរបស់អតីតអ្នកទោសនយោបាយ Con Dao។ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា Con Dao ត្រូវបានចាត់ទុកថាជា "ឋាននរកនៅលើផែនដី" ជាមួយនឹងប្រព័ន្ធពន្ធនាគារដ៏កាចសាហាវ ប៉ុន្តែប្រការនេះបានបង្ហាញ និងបញ្ជាក់ពីការអង់អាចក្លាហានរបស់យុទ្ធជនបដិវត្តន៍ និងជនរួមជាតិស្នេហាជាតិ ប្រែពន្ធនាគារក្លាយទៅជាសាលាបដិវត្តន៍ និងជាកន្លែងអប់រំស្មារតីស្នេហាជាតិ ប្ដេជ្ញាចិត្ដតស៊ូរំដោះប្រទេសជាតិ។
លោក Vo Van Thuong បានស្នើក្រសួង ស្ថាប័នមជ្ឈិមបន្តផ្ដល់ប្រឹក្សាជូនបក្ស រដ្ឋ តាក់តែងគោលនយោបាយថែទាំអ្នកមានគុណូបការៈ លើកកម្ពស់សកម្មភាពតបស្នងសងគុណ ជាពិសេសការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ជួសជុលទីបញ្ចុះសព រៀបចំសកម្មភាពនយោបាយ និងអប់រំបដិវត្ដន៍សម្រាប់យុវជនជំនាន់ក្រោយ។
* នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ បានអញ្ជើញទៅទស្សនាសារមន្ទីរ Con Dao និងកេរ្ដិ៍ដំណែលពន្ធនាគារ Phu Ha៕
មតិពីមិត្តអ្នកអាន