យុគសម័យ - សកម្មភាពជាច្រើនរំលឹកខួបលើកទី ៨១ នៃទិវាជ័យជម្នះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមារបស់ប្រជាជនសូវៀត (០៩ ឧសភា ១៩៤៥ - ០៩ ឧសភា ២០២៦) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នាថ្ងៃទី ០៧ ខែឧសភា ដោយសង្កត់ធ្ងន់លើអត្ថន័យនៃសន្តិភាព ការចងចាំប្រវត្តិសាស្ត្រ និងទំនាក់ទំនងមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី។
នាថ្ងៃទី ០៧ ខែឧសភា នៅទីក្រុងហូជីមិញ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ បានរៀបចំជំនួបពិភាក្សារំលឹកខួបលើកទី ៨១ នៃទិវាជ័យជម្នះ ដោយមានការអញ្ជើញចូលរួមពីលោក Timur Sirozhevich Sadykov អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញ ព្រមទាំងតំណាង និងសមាជិកនៃសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ីយ៉ាងច្រើនកុះករ។
យោងតាមព័ត៌មានពីសហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ ថ្លែងមតិក្នុងពិធីនេះ លោក Hoang Minh Nhan ប្រធានសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី ទីក្រុងហូជីមិញ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ប្រជាជនសូវៀតបានរួមចំណែកធ្វើឱ្យរលាយរលត់ទាំងស្រុងនូវប្រព័ន្ធអាណានិគមនិយមនៅលើពិភពលោក ជួយឱ្យបដិវត្តន៍ខែសីហានៅវៀតណាមទទួលបានជោគជ័យ ឈានទៅរកជ័យជម្នះជាប្រវត្តិសាស្ត្រដៀនបៀនភូ និងបញ្ចប់ដោយមហាជ័យជម្នះរដូវផ្ការីកឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ។
![]() |
| បណ្តាតំណាងអញ្ជើញចូលរួមក្នុងជំនួបពិភាក្សា រំលឹកខួបលើកទី ៨១ នៃទិវាជ័យជម្នះ នៅទីក្រុងហូជីមិញ។ |
លោកបានផ្ញើនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននៃបណ្តាប្រជាជាតិសូវៀត និងប្រជាជនរុស្ស៊ី ដែលបានផ្តល់ឱ្យវៀតណាមនូវការជួយឧបត្ថម្ភប្រកបដោយគុណធម៌ និងសេចក្តីស្រឡាញ់ក្នុងអំឡុងឆ្នាំដែលវៀតណាមជួបការលំបាក។ ទន្ទឹមនឹងនោះ លោកបានអះអាងថានឹងបន្តខិតខំអភិវឌ្ឍទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីពូនជ្រំមិត្តភាពសម្រាប់វិបុលភាពនៃប្រជាជាតិទាំងពីរ និងសន្តិភាព ស្ថិរភាពនៅលើពិភពលោកទាំងមូល។
ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោកអគ្គកុងស៊ុល Timur Sirozhevich Sadykov បានរំលឹកឡើងវិញនូវអត្ថន័យប្រវត្តិសាស្ត្រនៃទិវាជ័យជម្នះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា និងការលះបង់ ព្រមទាំងការបាត់បង់ដ៏ធំធេងរបស់ប្រជាជនសូវៀត និងប្រជាជនរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងពួកហ្វាស៊ីស ដើម្បីការពារមាតុភូមិ។ លោកបានអះអាងថា ប្រជាជនរុស្ស៊ីតែងតែគោរពចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រជាជនវៀតណាមចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រនេះ រួមទាំងការចូលរួមរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាមក្នុងសមរភូមិការពារទីក្រុងមូស្គូ ផងដែរ។
ក្នុងថ្ងៃដដែលនោះ នៅទីក្រុងហាណូយ ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម បានសហការជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ប្រចាំទីក្រុងហាណូយ រៀបចំពិធីដង្ហែ "កងវរសេនាធំអមតៈ" នៅវិទ្យាល័យឯកទេស Hanoi-Amsterdam។
![]() |
| ពិធីដង្ហែ "កងវរសេនាធំអមតៈ" នៅទីក្រុងហាណូយ។ |
មនុស្សរាប់រយនាក់ដែលបានចូលរួម បានកាន់រូបថតសាច់ញាតិ អតីតយុទ្ធជន យុទ្ធជនកងទ័ពក្រហម កងជីវពល និងកម្មករនៅសមរភូមិក្រោយ។ នៅលើទ្រូងអាវរបស់មនុស្សម្នាក់ៗមានបំពាក់ខ្សែបូ George ពណ៌ខ្មៅ-ទឹកក្រូច ដែលជានិមិត្តរូបប្រពៃណីផ្សារភ្ជាប់ជាមួយនឹងស្មារតីក្លាហាន និងជ័យជម្នះរបស់ប្រទេសរុស្ស៊ី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន និងវិទ្យុ-ទូរទស្សន៍ហាណូយ ថ្លែងមតិក្នុងពិធីនេះ លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម បានឱ្យដឹងថា សកម្មភាព "កងវរសេនាធំអមតៈ" បានក្លាយជាប្រពៃណីនៅប្រទេសរុស្ស៊ី ក៏ដូចជាប្រទេសជាច្រើនទៀតនៅលើពិភពលោក សំដៅចងចាំ និងដឹងគុណដល់អ្នកដែលបានចូលរួមក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមា រួមមានយុទ្ធជននៅសមរភូមិមុខ កម្លាំងទ័ពព្រៃ និងកម្មករនៅសមរភូមិក្រោយ។
លោកឯកអគ្គរដ្ឋទូតក៏បានអះអាងដែរថា រុស្ស៊ីមិនដែលបំភ្លេចបណ្តាយុទ្ធជនអន្តរជាតិវៀតណាម ដែលបានរួមសុខរួមទុក្ខ និងប្រយុទ្ធជាមួយប្រជាជនសូវៀត ក្នុងរដូវរងាឆ្នាំ ១៩៤១ និងក្នុងបណ្តាសមរភូមិការពារទីក្រុងមូស្គូឡើយ។ លោកបានសម្តែងនូវការចងចាំចំពោះបណ្តាវីរបុរសវៀតណាម ដែលបានពលីក្នុងសមរភូមិដៀនបៀនភូ ក៏ដូចជាក្នុងសង្គ្រាមតស៊ូប្រឆាំងការឈ្លានពាន និងបង្រួបបង្រួមប្រទេសជាតិ៕
យុគសម័យ - នៅថ្ងៃទី ៩ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោកស្រី Tran Thi Dieu Thuy បានអញ្ជើញទៅកាន់ស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដើម្បីចែករំលែកភាពរីករាយ និងជូនពរ។ |
យុគសម័យ - នាថ្ងៃទី ១ ខែមីនា សម្ព័ន្ធអង្គការមិត្តភាពហាណូយនឹងសម្របសម្រួលជាមួយមន្ទីរទេសចរណ៍ហាណូយ និងគណៈកម្មាធិការប្រជាជនស្រុក Me Linh ដើម្បីរៀបចំកម្មវិធីដំណើរទេសចរណ៍និទាឃរដូវមិត្តភាពឆ្នាំ ២០២៥។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន