យុគសម័យ - សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម បានលើកឡើងនូវយន្តការទម្លុះទម្លាយជាច្រើន ដូចជាការធានាចំណាយយ៉ាងហោចណាស់ ២% នៃកញ្ចប់ថវិការដ្ឋសម្រាប់វិស័យវប្បធម៌ ការអនុញ្ញាតឱ្យអ្នកពលកម្មឈប់សម្រាក និងទទួលបានប្រាក់ឈ្នួលក្នុង "ទិវាវប្បធម៌វៀតណាម"...
| ទីតាំងទេសចរណ៍ចំនួន ៣ នៅក្បែរ Ha Noi សម្រាប់ឱកាសថ្ងៃទី ៣០ មេសា - ១ ឧសភា៖ ទេសភាពស្អាត មិនបារម្ភរឿងកកស្ទះមនុស្ស កំណើនភ្ញៀវទេសចរនៅកម្ពុជាកើនឡើង ២៣ ភាគរយក្នុងឆមាសទី១ ឆ្នាំ ២០២៤ |
បន្តកម្មវិធីនៃសម័យប្រជុំលើកទីមួយ នាព្រឹកថ្ងៃទី ២០ ខែមេសា រដ្ឋសភានីតិកាលទី XVI បានពិភាក្សាអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ៤ ដែលក្នុងនោះ ចំណុចគួរឱ្យកត់សម្គាល់បំផុតគឺ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយទម្លុះទម្លាយមួយចំនួន ដើម្បីអភិវឌ្ឍវប្បធម៌វៀតណាម។
សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម បានលើកឡើងនូវយន្តការទម្លុះទម្លាយជាច្រើនដូចជា៖ ការធានាចំណាយយ៉ាងហោចណាស់ ២% នៃកញ្ចប់ថវិកាសម្រាប់វប្បធម៌ ការយកចិត្តទុកដាក់លើការផ្តល់អាទិភាពផ្នែកពន្ធដារ ការសាកល្បងបង្កើតមូលនិធិវប្បធម៌ និងការស្នើឱ្យអ្នកពលកម្មបានឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលក្នុង "ទិវាវប្បធម៌វៀតណាម" ថ្ងៃទី ២៤ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។
គោលនយោបាយធំៗចំនួន ១០ ដើម្បីបើកផ្លូវ "សកម្មភាព" ប្រភពធនធានវប្បធម៌
នៅក្នុងសម័យប្រជុំ តាងនាមឱ្យនាយករដ្ឋមន្ត្រីដើម្បីបង្ហាញរបាយការណ៍សេចក្តីព្រាងសេចក្តីសម្រេចចិត្ត រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី Lam Thị Phương Thanh បានឱ្យដឹងថា នាថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ រដ្ឋាភិបាលបានដាក់របាយការណ៍លេខ ១៦២/TTr-CP ជូនរដ្ឋសភា អំពីគម្រោងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយទម្លុះទម្លាយមួយចំនួន ដើម្បីអភិវឌ្ឍវប្បធម៌វៀតណាម។ បន្ទាប់មក នាថ្ងៃទី ១៩ ខែមេសា រដ្ឋាភិបាលបានដាក់របាយការណ៍ទទួលយក និងបកស្រាយបំភ្លឺលើសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងបានបង្ហើយសំណុំឯកសារនៃគម្រោងសេចក្តីសម្រេចចិត្ត។
តាមនោះ គម្រោងសេចក្តីសម្រេចចិត្តនេះមានឈ្មោះថា សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។ សេចក្តីសម្រេចចិត្តនេះរួមមាន ១៣ មាត្រា ជាមួយនឹងក្រុមគោលនយោបាយធំៗចំនួន ១០ ក្នុងគោលបំណងដោះស្រាយបញ្ហាជាប់គាំង និងបង្កើតការទម្លុះទម្លាយសម្រាប់វិស័យវប្បធម៌។
ពាក់ព័ន្ធនឹងប្រភពធនធានអភិវឌ្ឍន៍វប្បធម៌ សេចក្តីព្រាងសេចក្តីសម្រេចចិត្តបានកំណត់ថា រដ្ឋធានាចំណាយសម្រាប់វប្បធម៌ជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ ២% នៃកញ្ចប់ថវិការដ្ឋសរុប; ទន្ទឹមនឹងនោះ ជំរុញការកៀងគរប្រភពធនធាននានាពីសង្គម។
![]() |
| រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី Lam Thi Phuong Thanh បង្ហាញរបាយការណ៍ស្ដីពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា អំពីយន្តការ និងគោលនយោបាយទម្លុះទម្លាយមួយចំនួន ដើម្បីអភិវឌ្ឍវប្បធម៌វៀតណាម។ |
ចំពោះយន្តការ និងគោលនយោបាយទាក់ទាញ និងបើកចរន្តប្រភពធនធានវិនិយោគ សេចក្តីព្រាងសេចក្តីសម្រេចចិត្តបានកំណត់នូវគោលនយោបាយគាំទ្រការទទួលបានដីធ្លី និងទីតាំង; គាំទ្រផ្នែកពន្ធ កម្រៃ និងកម្រៃសេវា ដើម្បីវិនិយោគបង្កើតបណ្តាក្រុម ឬតំបន់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌; ប្រគល់ជូនសហគមន៍ប្រជាជនជាអ្នកគ្រប់គ្រង ដំណើរការ អាជីវកម្ម និងប្រើប្រាស់នូវស្ថាប័នវប្បធម៌ និងកីឡាមូលដ្ឋានមួយចំនួន។
ពាក់ព័ន្ធនឹងយន្តការផ្តល់អាទិភាពវិនិយោគក្នុងវិស័យវប្បធម៌ សេចក្តីព្រាងសេចក្តីសម្រេចចិត្តបានកំណត់ការអនុវត្តកម្រិតពន្ធលើតម្លៃបន្ថែម (VAT) ៥% ចំពោះការផលិតភាពយន្ត ការចែកចាយភាពយន្ត ការបញ្ចាំងភាពយន្ត ការតាំងពិព័រណ៍ កាយសម្ព័ន្ធ កីឡា និងការសម្តែងសិល្បៈ; លើកលែងពន្ធនាំចូល ១០០% និងកម្រៃគយ ដើម្បីនាំយកនូវស្នាដៃសិល្បៈកម្រិតកំពូល បេតិកភណ្ឌដែលជាកំណប់ជាតិ វត្ថុបុរាណដ៏កម្រនៅបរទេស ដែលត្រូវបានទិញតាមរយៈការដេញថ្លៃនាំត្រឡប់មកវៀតណាមវិញ ក្នុងគោលបំណងដាក់តាំងបង្ហាញដោយមិនស្វែងរកប្រាក់ចំណេញ; សាកល្បងម៉ូដែលទីក្រុងបេតិកភណ្ឌ; ផ្តល់អាទិភាពលើកញ្ចប់ដីសម្រាប់ការសាងសង់សំណង់វប្បធម៌ កីឡា និងកម្សាន្តនៅមូលដ្ឋាន ព្រមទាំងប្រើប្រាស់ទីស្នាក់ការសាធារណៈដែលនៅសល់ ដើម្បីទាក់ទាញគម្រោងវិនិយោគក្នុងវិស័យវប្បធម៌ និងកីឡា...
ចំពោះយន្តការ និងគោលនយោបាយអភិរក្សវប្បធម៌ជនជាតិភាគតិច សិល្បៈប្រជាប្រិយ សិល្បៈប្រពៃណី និងកំណប់ជាតិ វត្ថុបុរាណដ៏កម្រ លោកស្រី Thanh បានឱ្យដឹងថា សេចក្តីព្រាងសេចក្តីសម្រេចចិត្តកំណត់ក្នុងទិសដៅផ្តោតលើភារកិច្ចអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិ។
ស្ដីពីគោលនយោបាយលើកទឹកចិត្ត និងអភិវឌ្ឍន៍ទេពកោសល្យធនធានមនុស្សពិសេសខាងវិជ្ជាជីវៈក្នុងវិស័យវប្បធម៌ និងកីឡា សេចក្តីព្រាងសេចក្តីសម្រេចចិត្តបានកំណត់នូវគោលនយោបាយបណ្តុះបណ្តាលផ្តោតសំខាន់ និងស៊ីជម្រៅទាំងក្នុង និងក្រៅប្រទេស; យន្តការជ្រើសរើសបុគ្គលិកដោយមិនឆ្លងកាត់ការប្រឡង; គោលនយោបាយគាំទ្រការបង្កើនកម្រិតប្រាក់ឧបត្ថម្ភអាទិភាពវិជ្ជាជីវៈ និងរបបលើកទឹកចិត្តសម្រាប់សិល្បករប្រជាប្រិយ និងសិល្បករ...
ចំពោះគោលនយោបាយស្តីពីការកុម្ម៉ង់ និងការផ្តល់កញ្ចប់ថវិកាសម្រាប់សកម្មភាពច្នៃប្រឌិតវប្បធម៌ដែលប្រើប្រាស់ថវិការដ្ឋ យោងតាមសេចក្តីព្រាងសេចក្តីសម្រេចចិត្ត រដ្ឋមានយន្តការកុម្ម៉ង់ឱ្យមានការច្នៃប្រឌិត និងការផ្សព្វផ្សាយនូវបណ្តាសំណង់ និងស្នាដៃវប្បធម៌ដែលមានតម្លៃខ្ពស់ផ្នែកមនោគមវិជ្ជា ខ្លឹមសារ និងសិល្បៈ; សាកល្បងអនុវត្តយន្តការផ្តល់កញ្ចប់ថវិកាដែលផ្សារភ្ជាប់ជាមួយនឹងលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌជាក់ស្តែង។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ជំរុញ និងអភិវឌ្ឍន៍ផលិតផល និងទីផ្សារឧស្សាហកម្មវប្បធម៌វៀតណាម សេចក្តីព្រាងសេចក្តីសម្រេចចិត្តបានកំណត់នូវគោលនយោបាយនានាដូចជា៖ គាំទ្រការផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងមនុស្សវៀតណាមទៅកាន់បរទេស តាមរយៈការរៀបចំសប្តាហ៍វប្បធម៌វៀតណាម ការពង្រីកម៉ូដែលវិថីវៀតណាម; ការដាក់តាំងបង្ហាញតាមប្រធានបទនូវបេតិកភណ្ឌវប្បធម៌វៀតណាម នៅតាមសារមន្ទីរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក...
![]() |
| អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh ដឹកនាំសម័យប្រជុំ។ |
ចំពោះគោលនយោបាយបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ឌីជីថល សេចក្តីព្រាងសេចក្តីសម្រេចចិត្តបានកំណត់អាទិភាពលើការវិនិយោគកសាងមូលដ្ឋានទិន្នន័យជាតិស្តីពីវប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ឌីជីថល និងបច្ចេកវិទ្យាប្រើប្រាស់រួម; ការធ្វើឌីជីថលភាវូបនីយកម្មបណ្តាបេតិកភណ្ឌដែលត្រូវបានចំណាត់ថ្នាក់កម្រិតជាតិ និងកម្រិតជាតិពិសេស; ការបង្កើតមជ្ឈមណ្ឌលផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតវប្បធម៌...។
ចំពោះគោលនយោបាយសាកល្បងបង្កើតមូលនិធិវប្បធម៌ និងសិល្បៈនៅថ្នាក់មជ្ឈិម និងតាមមូលដ្ឋានមួយចំនួន រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឱ្យដឹងថា សេចក្តីព្រាងសេចក្តីសម្រេចចិត្តកំណត់ឱ្យដំណើរការតាមម៉ូដែលកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន (PPP)។
ចុងក្រោយគឺការធ្វើស្ថាប័នូបនីយកម្មនូវគោលការណ៍របស់ការិយាល័យនយោបាយ ស្តីពីការយកថ្ងៃទី ២៤ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំជា "ទិវាវប្បធម៌វៀតណាម" ដែលសេចក្តីព្រាងសេចក្តីសម្រេចចិត្តបានកំណត់ឱ្យអ្នកពលកម្មត្រូវបានឈប់សម្រាកពីការងារ និងទទួលបានប្រាក់ឈ្នួលពេញលេញ។
ចាំបាច់ត្រូវប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្ត ដើម្បីធ្វើស្ថាប័នូបនីយកម្មឱ្យទាន់ពេលវេលា
ថ្លែងរបាយការណ៍អំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តខាងលើ ប្រធានគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភា លោក Nguyen Dac Vinh បានសង្កត់ធ្ងន់ថា ស្ថាប័នពិនិត្យ និងវាយតម្លៃ ឯកភាពលើភាពចាំបាច់នៃការប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្ត ដើម្បីធ្វើស្ថាប័នូបនីយកម្ម និងដាក់ឱ្យអនុវត្តនូវសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ចុះថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ឱ្យបានទាន់ពេលវេលា។
យោងតាមលោក Vinh សេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះគឺស្របតាមរដ្ឋធម្មនុញ្ញ; ក្តាប់ជាប់នូវស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ និងបណ្តាគោលការណ៍របស់គណៈកម្មាធិការកណ្តាលបក្ស ការិយាល័យនយោបាយ និងគណៈលេខាធិការ អំពីវិស័យវប្បធម៌ កីឡា និងទេសចរណ៍; ស្របតាមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក; ធានាបាននូវវិស័យការពារជាតិ សន្តិសុខ សមភាពយេនឌ័រ និងគោលនយោបាយជនជាតិ។ សំណុំឯកសារនៃគម្រោងសេចក្តីសម្រេចចិត្តត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់ ធានាបាននូវឯកសារ លំដាប់លំដោយ និងនីតិវិធីគ្រប់គ្រាន់តាមបទប្បញ្ញត្តិ។
លោក Vinh បានបញ្ជាក់ថា៖ "គណៈកម្មាធិការជាមូលដ្ឋានយល់ស្របនឹងក្រុមគោលនយោបាយធំៗទាំង ១០ ដែលត្រូវបានកំណត់ជាក់ស្តែងនៅក្នុងបណ្តាមាត្រាចាប់ពីមាត្រា ២ ដល់មាត្រា ១១ នៃសេចក្តីព្រាងសេចក្តីសម្រេចចិត្ត"។
ទោះជាយ៉ាងនេះក្តី ស្ថាប័នត្រួតពិនិត្យ ក៏បានស្នើឱ្យយកចិត្តទុកដាក់លើខ្លឹមសារមួយចំនួនដែលត្រូវបង្ហើយឱ្យបានល្អឥតខ្ចោះ។ ជាក់ស្តែង គណៈកម្មាធិការឯកភាពលើការកំណត់យកថ្ងៃទី ២៤ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំជា "ទិវាវប្បធម៌វៀតណាម" ដែលអ្នកពលកម្មត្រូវបានឈប់សម្រាកពីការងារ និងទទួលបានប្រាក់ឈ្នួលពេញលេញ ប៉ុន្តែស្នើឱ្យស្ថាប័នរៀបចំសេចក្តីព្រាង បន្តសិក្សាស្រាវជ្រាវ និងលើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាថ្ងៃបុណ្យ និងថ្ងៃអនុស្សាវរីយ៍ធំៗរបស់ជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណី ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវតម្លៃវប្បធម៌ និងលើកកម្ពស់ស្មារតីថែរក្សា និងពង្រីកអត្តសញ្ញាណជាតិនៅក្នុងជីវភាពសង្គម។
ស្ថាប័នត្រួតពិនិត្យ ក៏ជាមូលដ្ឋានឯកភាពលើគោលការណ៍ទាក់ទាញ និងបើកចរន្តប្រភពធនធានវិនិយោគសម្រាប់ការអភិវឌ្ឍវប្បធម៌ ប៉ុន្តែស្នើឱ្យស្ថាប័នរៀបចំសេចក្តីព្រាង សិក្សាស្រាវជ្រាវ និងបញ្ជាក់ឱ្យច្បាស់នូវអត្ថន័យ និងកំណត់នូវគោលការណ៍អនុវត្តគោលនយោបាយផ្តល់អាទិភាពពិសេស ដើម្បីធានាបាននូវមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ ក្នុងការទាក់ទាញប្រភពធនធានវិនិយោគអភិវឌ្ឍន៍វប្បធម៌ប្រកបដោយប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងយន្តការផ្តល់អាទិភាពវិនិយោគក្នុងវិស័យវប្បធម៌ យោងតាមស្ថាប័នត្រួតពិនិត្យ ការកំណត់អំពីការលើកលែង ឬកាត់បន្ថយថ្លៃជួលដី និងថ្លៃជួលអចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រដ្ឋ ចំពោះរោងពុម្ព មូលដ្ឋានផលិតភាពយន្តឯកសារ និងវិទ្យាសាស្ត្រដែលមានដើមទុនរដ្ឋ ១០០% គឺមានភាពចាំបាច់; ទោះជាយ៉ាងនេះក្តី ស្នើឱ្យត្រួតពិនិត្យឡើងវិញ ដើម្បីធានាឱ្យស្របតាមច្បាប់ស្តីពីដីធ្លី និងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ; បញ្ជាក់ឱ្យច្បាស់នូវលក្ខណៈវិនិច្ឆ័យ លក្ខខណ្ឌអនុវត្ត និងវិសាលភាពនៃការផ្តល់អាទិភាព។
ចំពោះគោលនយោបាយលើកទឹកចិត្ត និងអភិវឌ្ឍន៍ទេពកោសល្យ និងធនធានមនុស្សពិសេសខាងវិជ្ជាជីវៈក្នុងវិស័យវប្បធម៌ និងកីឡា លោក Vinh បានសង្កត់ធ្ងន់ថា ស្ថាប័នត្រួតពិនិត្យ ជាមូលដ្ឋានឯកភាព ប៉ុន្តែស្នើឱ្យពិនិត្យមើលឱ្យបានដិតដល់នូវបណ្តាក្រុមមុខសញ្ញាដែលទទួលបានគោលនយោបាយអំពីប្រាក់ឧបត្ថម្ភអាទិភាពវិជ្ជាជីវៈ របបលើកទឹកចិត្តក្នុងការហ្វឹកហាត់ និងការសម្តែង ដើម្បីធានាបាននូវការប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព ជៀសវាងការខ្ជះខ្ជាយ; បញ្ជាក់ឱ្យច្បាស់នូវនិយមន័យនៃប្រភេទរូបភាព "សិល្បៈសម្តែងប្រពៃណី" និង "សិល្បៈសម្តែងបុរាណ"។
ស្ដីពីការផ្សព្វផ្សាយ ជំរុញ និងអភិវឌ្ឍន៍ផលិតផល និងទីផ្សារឧស្សាហកម្មវប្បធម៌ លោក Vinh បានឱ្យដឹងថា គណៈកម្មាធិការក៏ជាមូលដ្ឋានឯកភាពផងដែរ។ ទោះជាយ៉ាងនេះក្តី តាមស្ថាប័នត្រួតពិនិត្យ ការកំណត់គោលនយោបាយសងវិញនូវចំណាយស្របច្បាប់ដែលកើតឡើងនៅវៀតណាម សម្រាប់អង្គការ និងបុគ្គលបរទេសដែលប្រើប្រាស់សង្វាក់ផលិតកម្ម នៅវៀតណាម រួមមានទាំង "ចំណាយក្រោយផលិតកម្ម ចំណាយលើការស្នាក់នៅ និងចំណាយស្របច្បាប់ផ្សេងៗទៀតតាមបទប្បញ្ញត្តិនៃច្បាប់" គឺមានលក្ខណៈទូលំទូលាយពេក៕
យុគសម័យ - ដើម្បីបម្រើតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យរំលឹកគុណស្តេច Hung និងឱកាសថ្ងៃទី ៣០ មេសា - ១ ឧសភា ឆ្នាំ ២០២៦ គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh ទើបតែបានចេញផ្សាយនូវលិខិតបង្គាប់ការ ដោយតម្រូវឱ្យបណ្តាអង្គភាព និងមូលដ្ឋាន ផ្តោតលើការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយសំខាន់ៗជាច្រើន។ |
យុគសម័យ - តំបន់ Mui Ne របស់ប្រទេស វៀតណាម កំពុងលេចធ្លោឡើងជាចំណុចដៅមួយក្នុងចំណោមចំណុចដៅដែលគួរឱ្យកត់សម្គាល់បំផុតនៅលើសកលលោកក្នុងឆ្នាំ ២០២៦ នៅពេលដែលនិន្នាការទេសចរណ៍អន្តរជាតិ កាន់តែឆ្ពោះទៅរកបទពិសោធន៍ប្លែកៗ ធម្មជាតិដើម និងបណ្តាចំណុចដៅតំបន់ឆ្នេរដែលកំពុងលេចធ្លោថ្មីៗ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីអាមេរិក Travel and Tour World (TTW) ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន