នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងចាត់ទុកប្រព័ន្ធសន្និសីទវីដេអូ របស់ក្រុមហ៊ុនមិត្តហ្វូន ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន និងនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងពិធីប្រគាល់។
ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រគល់ប្រព័ន្ធវីដេអូសន្និសីទ ដល់កងរាជអាវុធហត្ថកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «គោលបំណងរបស់យើងដែលបំពាក់ប្រព័ន្ធសន្និសីទវីដេអូតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺដើម្បីថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងដើម្បីរួមចំណែកលើវិធានការរបស់ក្រសួងសុខាភិបាល ដែលបានហាមមិនឲ្យមានការជួបជុំគ្នាច្រើន និងដើម្បីបញ្ចូលនូវបច្ចេកវិទ្យាព័ត៌មាន ក្នុងការងារជំនាញរបស់កងរាជអាវុធហត្ថ ជាជាងយើងប្រើប្រាស់មនុស្សច្រើន។ បច្ចុប្បន្ននេះការអភិវឌ្ឍនូវបច្ចេកវិទ្យា វាបានបង្កនៅភាពងាយស្រួលយ៉ាងច្រើន ឲ្យមនុស្សប្រើប្រាស់ ដើម្បីសេដ្ឋកិច្ច វប្បធម៌ នយោបាយការទូត និងការងារផ្សេងៗជាច្រើន»។
លោកក៏នឹងត្រូវលើកកម្ពស់កងរាជអាវុធហត្ថឲ្យយល់ដឹង និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន ដោយមិនត្រឹមតែអនុវត្តត្រឹមតួនាទី ឬភារកិច្ចទេ តែក៏ជាការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ផងដែរ។
លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន តាងនាមតំណាងឲ្យក្រុមហ៊ុនលោកបានថ្លែងអំណរគុណ និងមោទនភាពក្រៃលែងដែលក្រុមហ៊ុនមិត្តហ្វូនបានសហការជាមួយរាជរដ្ឋាភិបាល ដើម្បីដាក់ ដំណើរការប្រព័ន្ធវីដេអូសន្និសីទរបស់ក្រុមហ៊ុនមិត្ដហ្វូន ជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៨គ្រឿង ព្រមទាំងផ្តល់ជូនសេវា Leased Line ដែលមានគុណភាពខ្ពស់ សម្រាប់ការតភ្ជាប់ក្នុងអង្គភាពថែមទៀត។
លោកបញ្ជាក់ថា «ប្រព័ន្ធវីដេអូសន្និសីទនេះ គឺជាបច្ចេកវិទ្យាទំនាក់ទំនងពីចម្ងាយដ៏ល្អបំផុតមួយ ដែលមាននៅខណៈពេលនេះ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ Covid 19 និងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃបច្ចេកវិទ្យា ដំណោះស្រាយវីដេអូ គឺជាជម្រើសដ៏ល្អ មានប្រសិទ្ធភាព និងជឿនលឿនបំផុតសម្រាប់ការរៀបចំការប្រជុំ សិក្ខាសាលា និងការសន្ទនាពីចម្ងាយដោយមិនចាំបាច់ជួបផ្ទាល់ និងនៅតែធានាបាននូវការបញ្ជូនព័ត៌មាន យ៉ាងពេញលេញនិងរស់រវើក»។
លោកបញ្ជាក់ទៀតថា បុគ្គលិកមិត្តហ្វូនបានផ្តល់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងនេះ ទោះបីជាពេលវេលាកំណត់មានភាពតឹងរឹងក៏ដោយ ហើយសូមថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថកម្ពុជា ដែលបានផ្តល់គម្រោងនេះ ដល់មិត្តហ្វូនសម្រាប់ការអនុវត្ត។ ប្រព័ន្ធសន្និសិទវីដេអូខនហ្វ្រេននេះ មានគុណប្រយោជន៍ជាច្រើនរួមមាន៖ រហ័ស និងងាយស្រួលក្នុងការចាប់ផ្តើមការប្រជុំ ការតម្រង់ទិសដៅផ្សេងៗ ការទំនាក់ទំនងជាសំលេង និងគុណភាពរូបភាពយ៉ាងរលូនជាមួយរូបភាពកម្រិត HD/FullHD និងអនុញ្ញាតឲ្យថតកិច្ចការប្រជុំទុកបាន លើសពីនេះរាល់ព័ត៌មានប្រជុំទាំងអស់ ត្រូវបានរក្សាជាការសម្ងាត់តាមដែលអាចធ្វើទៅបាន។ ក្រៅពីនេះ មិត្តហ្វូនប្តេជ្ញាជួយដោះស្រាយបញ្ហារហូតដល់ ២៤ម៉ោង/៧ថ្ងៃ នឹងឆ្លើយតបមិនយឺតជាង២ម៉ោងបន្ទាប់ពីទទួលបានរបាយការណ៍បញ្ហា ដើម្បីធានាបទពិសោធន៍ថែទាំអតិថិជនឲ្យបានល្អបំផុត។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិត្តហ្វូនក៏បានផ្តល់នូវដំណោះស្រាយវីដេអូខនហ្វ្រេននេះ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងអប់រំយុវជន និងកីឡាកាលពីខែមីនា ដើម្បីដាក់ដំណើរការប្រព័ន្ធអេកូឡូស៊ី Smart Education នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា eLearning eBook និងការផ្តល់ជូនអ៊ីនធឺណិតទៅសាលារៀនដោយឥតគិតថ្លៃ និងកិច្ចការជាច្រើនទៀត។ ដំណោះស្រាយទាំងនេះ ត្រូវបានគេជឿជាក់ថានឹងអនុវត្តសម្រាប់កិច្ចប្រជុំកំពូលៗ ដូចជាកិច្ចប្រជុំកំពូលអាស៊ានអំពីជំងឺ Covid 19 នៅក្នុងខែមេសាកន្លងទៅក្រោមប្រធាន នៃប្រមុខរដ្ឋទាំង១១ប្រទេសនៃសមាជិកអាស៊ាន។ មិត្តហ្វូនក៏បានជួយគាំទ្រដល់ការិយាល័យរដ្ឋាភិបាលដទៃទៀតផងដែរ ដោយផ្តល់នូវប្រព័ន្ធសន្និសីទវីដេអូខនហ្វ្រេន ដោយឥតគិតថ្លៃ ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid 19នេះ៕
(យោងតាម Freshnews)

មតិពីមិត្តអ្នកអាន