យុគសម័យ - នៅទីក្រុងប៉េកាំង នាថ្ងៃទី ២៧ ខែវិច្ឆិកា សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានអញ្ជើញទទួលជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Le Hoai Trung។
ទិដ្ឋភាពនៃជំនួបរវាងសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាងយី (ស្ដាំ) និងអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Le Hoai Trung នៅទីក្រុងប៉េកាំងនាថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០១៩ (រូបថតៈស៊ីនហួ)
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានរាយការណ៍ថា នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានអបអរសាទរចំពោះលទ្ធផលដែលទទួលបានក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូទាំងពីរក្នុងការចរចាថ្នាក់រដ្ឋាភិបាលស្តីពីព្រំដែនចិន - វៀតណាម ក៏ដូចជា កិច្ចពិគ្រោះយោបល់រវាងអនុរដ្ឋមន្រ្តីក្រសួងការបរទេសទាំងពីរ។
មានប្រសាសន៍សំដៅទៅលើព្រឹត្តិការណ៍នៅឆ្នាំ ២០២០ ដែលជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងវៀតណាមនោះ លោក វ៉ាងយី បាននិយាយថា ភាគីទាំងពីរចាំបាច់ត្រូវបន្តនូវចំណងមិត្តភាពជាប្រពៃណីនិងទន្ទេញនូវទីតាំងយុទ្ធសាស្រ្តនៃទំនាក់ទំនងទ្វេភាគីនេះ។
លោករូបនេះបានអំពាវនាវឱ្យភាគីទាំងពីរ ប្រកាន់ខ្ជាប់នូវការមូលមតិគ្នាដ៏សំខាន់ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ឈានដល់ការបង្កើនការជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងត្រឹមត្រូវ ក៏ដូចជាយកព្រឹត្តិការណ៍ខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត ធ្វើជាឱកាសសម្រាប់លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន - វៀតណាមឡើងកម្រិតថ្មីមួយ។
អញ្ជើញជាការឆ្លើយតប លោក Le Hoai Trung បានមានប្រសាសន៍ថា ភាគីវៀតណាមបានត្រៀមខ្លួនជាស្រេច ដើម្បីរក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់រវាងប្រទេសទាំងពីរ លើកកម្ពស់គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ ស្របជាមួយក្របខ័ណ្ឌនៃ “ច្រករបៀងពីរនិងខ្សែក្រវ៉ាត់មួយ” ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី៕
(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន