ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជកម្ម-វិនិយោគ ចិន - អាស៊ាន

14:16 | 22/09/2019

យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន នាថ្ងៃទី ២១ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកកាតាំងពិព័រណ៍និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម-វិនិយោគ ចិន-អាស៊ាន លើកទី ១៦ (CAEXPO និង CABIS) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (Guangxi Zhuang Autonomous Region) នៃសាធារណរដ្ឋប្រជាមានិតចិន។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានថ្លែងនៅក្នុងពិធីបើកសម្ពោធពិព័រណ៍ CAEXPO (រូបថតៈ អ្នកយកព័ត៌មានវៀតណាមប្រចាំនៅចិន)

យោងតាមអ្នកយកព័ត៌មានវៀតណាមជូនព័ត៌មានពីទីក្រុងណាននីងថា អញ្ជើញថ្លែងនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CAEXPO និង CABIS ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអាស៊ាននិងចិន ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមតែងតែរួមដំណើរជាមួយអាស៊ាននិងដៃគូនានាជានិច្ច ក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់អាជីវកម្ម ការវិនិយោគនិងការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋានធានានូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាជាតិ ក៏ដូចជាគោរពតាមច្បាប់អន្តរជាតិ រួមចំណែកទៅក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពក្នុងតំបន់និងពិភពលោក។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីបានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Han Zheng ឧបនាយករដ្ឋមន្រ្តីចិន និងទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិននៃតំបន់ស្វយ័ត Guangxi Zhuang លោក Lu Xinshe ផងដែរ។

ក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍភាពជាអ្នកជិតខាងប្រកបដោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន ព្រមទាំងស្នើរអោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ គាំទ្រនិងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិ បត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងតំបន់ជាប់ព្រំដែន។ ម្យ៉ាងវិញទៀត លោកក៏បានអំពាវនាវអោយចិនចាត់វិធានការដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់វៀតណាម ក៏ដូចជាដោះស្រាយឱ្យបានសមស្របនូវបញ្ហាលេចធ្លោនៅក្នុងគម្រោងនានា ដែលមានការចូលរួមពីអាជីវកម្មចិន ហើយសាធារណជនវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញលើកច្បាស់ពីគោលជំហររបស់វៀតណាម ចំពោះបញ្ហាសមុទ្រខាងកើត ដោយស្នើអោយចិន គោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនិងមិនធ្វើអោយស្ថានភាពនៅសមុទ្រកាន់តែស្មុគស្មាញឡើង។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញបើកសម្ពោធពន្លាជាតិវៀតណាម (រូបថតៈ TTXVN)

លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានវាយតម្លៃខ្ពស់ ចំពោះរាល់ការវិវឌ្ឍន៍ថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមជាមួយតំបន់ស្វយ័តជនជាតិ Guangxi Zhuang (ចិន)។ ទន្ទឹមជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមក៏បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដោយមានផលប្រយោជន៍ទៅវិញទៅមក រវាងតំបន់នានានៃប្រទេសទាំងពីរ ជាពិសេសគឺតំបន់ព្រំដែន និងមានបំណង ចង់អោយខេត្ត Guangxi បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ននានារបស់វៀតណាម ដើម្បី រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ចំណែកឯមន្ត្រីចិនទាំងពីររូបក៏បានបញ្ជាក់ផងដែរ នូវការគោរពរបស់ប្រទេសខ្លួន ចំពោះភាពជាអ្នកជិតខាងដ៏រួសរាយរាក់ទាក់និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

ឧបនាយករដ្ឋមន្រ្តីចិន លោក Han Zheng បានកត់សម្គាល់នូវទស្សនៈរបស់វៀតណាមអំពីឱនភាពពាណិជ្ជកម្ម និងការនាំចេញកសិផលទៅកាន់ប្រទេសចិន រួមជាមួយនឹងបញ្ហាដែលទាក់ទងនឹងគម្រោងធំមួយចំនួននៅវៀតណាមផងដែរ។ លោកបានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរ បន្តធ្វើការជាមួយគ្នាដើម្បីពង្រីកនិងធ្វើឱ្យប្រសើរឡើងនូវកិច្ច សហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។

ឧបនាយករដ្ឋមន្រ្តី លោក​ Vu Duc Dam អញ្ជើញទស្សនាស្តង់ទំនិញវៀតណាម (រូបថតៈអ្នកយកព័ត៌មានវៀតណាមប្រចាំនៅចិន)

ក្នុងអំឡុងពេលស្នាក់នៅនិងចូលរួមក្នុងកម្មវិធី CAEXPO និង CABIS ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានចូលរួមពិធីបើកសម្ពោធពន្លាជាតិរបស់ខេត្ត An Giang ក្រោមប្រធានបទ “ទីក្រុងនៃមន្តស្នេហ៍” នៃប្រទេសវៀតណាមនិងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មវៀតណាមផងដែរ។

សូមជម្រាបថា CAEXPO និង CABIS គឺជាពិព័រណ៍ពាណិជ្ជកម្មកំពូលមួយក្នុងចំណោមពិព័រណ៍កំពូលទាំង ១០ នៅប្រទេសចិនដែលបានប្រារព្ធធ្វើជាប្រចាំនៅទីក្រុងណាននីងចាប់តាំងពីឆ្នាំ ២០០៤ មក។ ឆ្លងកាត់ការរៀបចំចំនួនជាង ១៥ លើកប្រកបដោយជោគជ័យនោះ CAEXPO និង CABIS បានក្លាយជាព្រឹត្តិការណ៍សំខាន់ និងជាកន្លែងជួបជុំសម្រាប់អាជីវកម្មក្នុងតំបន់និងជានិមិត្តរូបនៃភាពជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាស៊ាន - ចិន៕

(ដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក

អានច្រើនបំផុត