យុគសម័យ - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីពិធីបើកឲ្យដំណើរការមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និង ២៨ ខែ កុម្ភៈ ក៏ដូចជាសកម្មភាពទ្វេភាគីពាក់ព័ន្ធផងដែរ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh: វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង (រូបថតៈ VGP / Nhat Bac)
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថាការត្រៀមរៀបចំរបស់វៀតណាមបានបង្ហាញនូវកិច្ចប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ជួរកម្មាភិបាលនៃក្រសួង ស្ថាប័ននានា និងតំបន់ពាក់ព័ន្ធ ដែលក្នុងរយៈពេលខ្លីប្រហែលពីរសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែបានបញ្ចប់ទាំងស្រុងការងារត្រៀមរៀបចំ អំពីសន្តិសុខ ទទួលភ្ញៀវ ភស្តុភារនិងជាពិសេសមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិនេះតែម្តង។
ដោយមានមធ្យោយបាយ និងបានបំពាក់សម្ភារៈទំនើបបំផុត មជ្ឈមណ្ឌលសារព័ត៌មាននឹងធានាឲ្យអ្នកសារព័ត៌មាន នូវលក្ខណៈពេញលេញ រហ័សបំផុតនិងមានប្រសិទ្ធភាពបំផុត សម្រាប់ព្រឹត្តិការណ៍ទាំងអស់ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខ។
ស្តីពីអត្ថន័យនៃកិច្ចប្រជុំកំពូលដែលបានប្រព្រឹត្តទៅនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានលើកឡើងថា យ៉ាងណាមិញ ការជ្រើសរើសប្រទេសណាមួយដើម្បីរៀបចំកិច្ចប្រជុំសំខាន់មួយទាក់ទងនឹងសន្តិភាព គឺប្រទេសនោះត្រូវតែមានគោលមាគ៌ា គោលនយោបាយដែលរួមចំណែកចំពោះសន្តិភាពនិងស្ថិរភាពជាមិនខាន ហើយជាការពិត វៀតណាមតែងតែចង់រួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅលើពិភពលោក។ ឈរលើស្ថានភាពជាក់ស្តែងបង្ហាញថា វៀតណាមជានិច្ចកាលមានបំណងរួមវិភាគទានសម្រាប់សន្តិភាព ស្ថិរភាពនៅលើពិភពលោក ជាពិសេសគឺនៅលើឧបទ្វីបកូរ៉េ។
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញឆ្លើយសំភាសន៍សារព័ត៌មាន (រូបថតៈ VGP/Hai Minh)
ក្រៅពីនេះ ប្រទេសដែលត្រូវបានជ្រើសរើសក៏ត្រូវតែធានានូវបញ្ហាសន្តិសុខ ភ័ស្តុភារ សម្ភារៈនិងការចាត់ចែងនានា ដើម្បីកិច្ចប្រជុំកំពូលទទួលបានជោគជ័យទាំងស្រុង។
ប្រទេសវៀតណាមឆ្លើយតបនូវតម្រូវការទាំងអស់ពោលខាងលើ ហើយមិត្តទាំងអស់ នឹងឃើញជាក់ស្តែងនៅប៉ុន្មានថ្ងៃខាងមុខ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh ដែលអះអាងជាមួយអ្នកកាសែត៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន