យុគសម័យ- ក្នុងរយៈពេល ២ ឆ្នាំកន្លងមកទំនាក់ទំនងរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូងបានបន្តរីកចម្រើនបានយ៉ាងល្អប្រសើរ ជាមួយការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គ្រប់កម្រិតដែលបង្កើតឱ្យមានសន្ទុះសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa នៅខាងក្រៅសន្និសីទ G7 ដែលប្រព្រឹត្តទៅនៅប្រទេសកាណាដានាពេលកន្លងទៅ (រូបថតៈ Thong Nhat/TTXVN)
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Vu Van Dung បាននិយាយថា ទំនាក់ទំនងរវាងវៀតណាម និងអាហ្រ្វិកខាងត្បូង បានរីកចម្រើនឥតឈប់ឈរដោយមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដែលបានជួយបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានភាពខ្លាំងក្លា និងមានប្រសិទ្ធ ភាព។
លោក Vu Van Dung បានសង្កត់ធ្ងន់ទៅលើជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ក្នុងក្របខណ្ឌនៃសន្និសីទកំពូលមេដឹកនាំ G7 នាពេលថ្មីៗនេះ នៅប្រទេសកាណាដា ក្នុងអំឡុងពេលដែលភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិធានការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
ទាក់ទងទៅនឹងសកម្មភាពរបស់ស្ថានទូតនៅក្នុងឆ្នាំ ២០១៨ ឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី ២៥ នៃទំនាក់ទំនងទ្វេភាគី។ ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកបានរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗ រួមទាំងការបើកការតាំងពិព័រណ៌គំនូរប្រេង ដែលបង្ហាញពីទឹកដី និងប្រជាជនវៀតណាម ព្រមទាំងចូលរួមនៅក្នុងសិក្ខាសាលាលើកកម្ពស់ពាណិជ្ជកម្ម នៅក្នុងទីក្រុងJohannesburg និងទីក្រុង Cape។ នៅថ្ងៃទី ១៥ ខែសីហា ខាងមុខនេះ ស្ថានទូតនេះនឹងសម្របសម្រួលជាមួយក្រសួងការបរទេសអាហ្រ្វិកខាងត្បូង និងស្ថានទូតម៉ាឡេស៊ី ថៃ និងហ្វីលីពីន ក្នុងការរៀបចំពិធីអបអរទិវារំលឹកខួប។
ស្ថានទូតនឹងបន្តតួនាទីរបស់ខ្លួនជាស្ពានមួយ ក្នុងការជួយដល់ការិយាល័យពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាបញ្ចប់ និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងមូលដ្ឋានច្បាប់សម្រាប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបង្កាឧក្រិដ្ឋកម្ម និងការធ្វើបត្យាប័នព្រហ្មទណ្ឌ និងការបញ្ជូនអ្នកទោស។ យោងតាមលោកឯកអគ្គរដ្ឋទូតរូបនេះថា ការទូតផ្នែកសេដ្ឋកិច្ច គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃកិច្ចការការទូតរបស់ស្ថានទូត ដែលត្រូវបានបង្កើនក្នុងទម្រង់ផ្សេងៗ ដើម្បីរួមចំណែកថែរក្សាពាណិជ្ជកម្មទ្វេភាគីឱ្យបានជាង ១ពាន់លានដុល្លារអាម៉េរិក។
លើសពីនេះទៀត ដោយយល់ច្បាស់នូវតួនាទីនៃការទូតវប្បធម៌នៅក្នុងសម័យនៃការធ្វើសមាហរណកម្មជ្រៅនេះ ស្ថានទូតបានម្ចាស់ការជម្រុញសកម្មភាពផ្សព្វផ្សាយ អំពីទឹកដីនិងមនុស្ស វប្បធម៌វៀតណាមតាមរយៈសកម្មភាពជួបប្រាស្រ័យកីឡានិងវប្បធម៌ជាច្រើនផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន