Trending now

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់ប្រទេសវៀតណាម

17:37 | 14/02/2025 វិច្ឆិកា

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ក្នុងជំនួបនេះ លោក Nguyen Minh Vu បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង មហាកិត្តិយស និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកនិងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើ​ទឹកដីកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ សម្តេចតេជោចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និងចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ លោកបានសម្តែងនូវក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។

លោក Nguyen Minh Vu និងសម្ដេចតេជោ ហ៊ុន សែន
លោក Nguyen Minh Vu និងសម្ដេចតេជោ ហ៊ុន សែន

លោកឯកអគ្គរដ្ឋទូត បានពាំនាំជូនសម្ដេចតេជោនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់លោកអគ្គលេខាបក្ស លោកប្រធានរដ្ឋ លោកប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តីវៀតណាម។ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។

ឆ្លៀតនៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោអំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់លោកនៅកម្ពុជា ដូចជាការបន្តលើកកម្ពស់កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាមក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាមមកកម្ពុជាបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោអំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនិសវៀតណាមនៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Nguyen Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូតនៅលើ​ទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាមចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរលោកឯកអគ្គរដ្ឋទូត និងសហការីក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាមដែលទើបបានកន្លងផុតទៅផងដែរ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេសការជួយរបស់កម្ពុជាដល់ប្រទេសវៀតណាម និងការជួយឧបត្ថម្ភរបស់វៀតណាមដល់រូបសម្តេច និងកម្ពុជាឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង ២/៣ នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចំរើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។

សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលលោកឯកអគ្គរដ្ឋទូត បានដាក់ចេញនៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនលោកឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចតេជោ បានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែនតែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។

សម្តេចតេជោក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។

ជាចុងក្រោយ សម្តេចតេជោបានជូនពរលោក Nguyen Minh Vu ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម​ (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ។

គណៈប្រតិភូជាន់ខ្ពស់វៀតណាម - កម្ពុជាទស្សនាបណ្តុំសំណង់អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គណៈប្រតិភូជាន់ខ្ពស់វៀតណាម - កម្ពុជាទស្សនាបណ្តុំសំណង់អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

នារសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu (ស្រុក Loc Ninh ខេត្ត Binh Phuoc) បានប្រព្រឹត្តទៅពិធីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកចូលរួមកិច្ចប្រជុំមិត្តភាព និងសហប្រតិបត្តិការប្រជាជនវៀតណាម-កម្ពុជាលើកទី ៥។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ