នារសៀលថ្ងៃទី ១១ ខែមីនា លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Jargalsaikhan Banzragch ប្រធានមហាអយ្យការម៉ុងហ្គោលី។
![]() |
![]() |
![]() |
លោក Vo Van Thuong ទទួលជួបលោក Jargalsaikhan Banzragch |
លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យខ្លាំងណាស់ ជាពិសេសក្នុងឱកាសឆ្នាំ ២០២៤ ជាពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។ លោកប្រធានរដ្ឋជឿជាក់ថា ជោគជ័យនៃដំណើរទស្សនកិច្ចលើកនេះនឹងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការអយ្យការរវាងវៀតណាម-ម៉ុងហ្គោលី។
អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លោក Jargalsaikhan Banzragch បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៤ មហាអយ្យការប្រជាជនកំពូលវៀតណាម និងមហាអយ្យកាម៉ុងហ្គោលី បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ ដោយផ្អែកលើការវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ១០ ឆ្នាំ ថ្នាក់ដឹកនាំមហាអយ្យការប្រជាជនកំពូលវៀតណាម និងមហាអយ្យការម៉ុងហ្គោលី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មសន្តិសុខឆ្លងដែន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត... ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូអយ្យការទាំងថ្នាក់មជ្ឈិម និងមូលដ្ឋាន។
លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការជម្រុញសកម្មភាពសហប្រតិបត្តិការអន្តរជាតិនៃមហាអយ្យការប្រជាជនកំពូលវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការជាមួយមហាអយ្យការម៉ុងហ្គោលី។ លោកប្រធានរដ្ឋសង្ឃឹមថា ភាគីទាំងពីរនឹងសហការយ៉ាងសកម្មបន្ថែមទៀត ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការបំពេញភារកិច្ចក្នុងវិស័យអយ្យការរបស់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរគប្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូអយ្យការនៅគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការផ្លាស់ប្តូរ ការចែករំលែកបទពិសោធន៍ការងារ និងលើកកំពស់ជំនាញ៕
មតិពីមិត្តអ្នកអាន