រាល់បទអន្តរាគមន៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម នៅទីក្រុងហាណូយនាព្រឹកថ្ងៃទី ៩ ខែមករា សុទ្ធតែបានចាត់ទុកថា៖ សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ បានឆ្លងកាត់ឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់សមិទ្ធផលការទូតរួមរបស់ប្រទេសជាតិ។
![]() |
![]() |
![]() |
សន្និបាតបូកសរុបការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ឆ្នាំ២០២៣៖ សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន |
អង្គសន្និបាតនេះបានប្រព្រឹត្តទៅក្នុងទម្រង់ជាប្រព័ន្ធអនឡាញរួម ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។
អង្គសន្និបាតបានឯកភាពវាយតម្លៃថា នៅឆ្នាំ២០២៣ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានដឹកនាំ និងណែនាំការអនុវត្តកិច្ចការសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិស្របតាមគោលនយោបាយ និងគោលការណ៍ណែនាំអំពីមាគ៌ាការបរទេសរបស់បក្ស និងរដ្ឋ ជាមួយនឹងការផ្លាស់ប្តូរថ្មីៗប្រកបដោយភាពច្នៃប្រឌិត សម្រេចបានលទ្ធផលទូលំទូលាយទាំងកម្រិតទ្វេភាគី និងពហុភាគី។ ដោយហេតុនេះ ការទូតការពារជាតិ បន្តបង្ហាញថា ខ្លួនឯងជាសសរស្តម្ភមួយនៃសសរស្តម្ភការទូតរបស់បក្ស ការទូតរដ្ឋ និងការទូតរវាងប្រជាជន និងប្រជាជន។ ស្ថាប័ន អង្គភាពនានាបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្រាវជ្រាវ វាយតម្លៃ ហើយផ្តួចផ្តើមគំនិត ភ្លាមៗជូនទៅគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដើម្បីផ្តល់ប្រឹក្សាជូនបក្ស រដ្ឋ ដោះស្រាយរាល់បញ្ហាស្មុគស្មាញពាក់ព័ន្ធនឹងវិស័យយោធា និងការពារជាតិ ការពារព្រំដែនទឹកដី ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសផ្សេងៗ មិនទុកឱ្យធ្លាក់ក្នុងភាពអកម្ម ឬភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយ។
ទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមជាមួយនឹងយន្តការជាច្រើនដូចជា កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី និងការពិគ្រោះយោបល់ការពារជាតិទ្វេភាគីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការងារការទូតតាមព្រំដែនបន្តជាចំណុចភ្លឺស្វាង សម្រេចបាននូវប្រសិទ្ធភាពខ្ពស់ រួមចំណែកជាក់ស្តែងក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ ជិតស្និទ្ធ សាមគ្គីភាព មិត្តភាព និងទំនុកចិត្តជាមួយប្រទេសជិតខាង ធានាបានរឹងមាំនូវខ្សែបន្ទាត់សន្តិសុខភ្លាមៗរបស់ប្រទេស។ វៀតណាមបានសម្របសម្រួលសហការជាមួយឡាវ និងកម្ពុជា រៀបចំការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ឡាវ-កម្ពុជា ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកទីមួយប្រកបដោយជោគជ័យ រួមចំណែកបង្កើតសន្ទុះថ្មី និងជំរុញបន្ថែមទៀតនូវទំនុកចិត្តនយោបាយ ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបីនិយាយរួម និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងបី ជាពិសេស រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងបីក្នុងតំបន់ព្រំដែន។
ការងារជំនះផលវិបាកពីសង្គ្រាមត្រូវបានអនុវត្តតាមផែនទីបង្ហាញផ្លូវ ជាពិសេសគឺការរៀបចំប្រគល់ដីស្អាតដែល បានឆ្លងកាត់ការបន្សាបឌីអុកស៊ីតនៅតំបន់ភាគនិរតីនៃអាកាសយានដ្ឋាន Bien Hoa។ ការសម្របសម្រួលក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម (MIA) ត្រូវបានរក្សាទៅតាមផែនការដែលបានដាក់ចេញ។ ការទូតការពារជាតិពហុភាគីបន្តត្រូវបានសង្កត់ធ្ងន់ និងសកម្មក្នុងការរួមចំណែកលើកកម្ពស់គំនិតផ្តួចផ្តើមដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការពារអធិបតេយ្យភាពទឹកដី ហើយត្រូវបានទទួលស្គាល់និងវាយតំលៃខ្ពស់ដោយប្រទេសនានា។ ចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ-យោធា-សន្តិសុខ ដែលដឹកនាំដោយអាស៊ាន ក៏ដូចជាវេទិកាសន្តិសុខអន្តរជាតិ។ ការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះមានពិធីជូនដំណើរសម្រាប់ក្រុមទ័ពជាងលេខ២ និងកងពេទ្យកម្រិត២ លេខ៥ ទៅទទួលបេសកកម្ម នៅអង្គការសហប្រជាជាតិ។
មានប្រសាសន៍នៅសន្និបាតនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet អនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានវាយតម្លៃថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលការធ្វើសមាហរណកម្ម និងការទូតការពារជាតិ នឹងទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗជាច្រើន។ ព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់ និងអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគីដែលបានអនុវត្តក្នុងឆ្នាំកន្លងទៅ បានបញ្ជាក់ពីការទទួលខុសត្រូវដ៏ធំធេង គុណភាព ភាពក្លាហាន និងធនធានមនុស្សដ៏ធំរបស់កងទ័ពប្រជាជនវៀតណាមក្នុងការអនុវត្តកិច្ចសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា ហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ជោគជ័យគឺគ្រប់ស្ថាប័ន និងអង្គភាព ក្នុងជួរកងទ័ពទាំងមូលបានយល់យ៉ាងជ្រាលជ្រៅនូវស្មារតីដឹកនាំទូទៅអំពីកិច្ចការបរទេសដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។
សម្តែងនូវការឯកភាពដ៏ខ្ពស់ជាមួយនឹងការវាយតម្លៃរបស់លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ពីរាល់បញ្ហាជាកាលានុវត្តភាព និងបញ្ហាប្រឈមនានា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកឡើងយ៉ាងច្បាស់នូវការងារមួយចំនួនដែលស្ថាប័ន និងអង្គភាពក្នុងជួរកងទ័ពទាំងមូល ជាពិសេសគឺអ្នកពាក់ព័ន្ធផ្ទាល់នឹងកិច្ចការសមាហរណកម្ម និងការទូតការពារជាតិ គឺត្រូវតែផ្តោតការយកចិត្តទុកដាក់លើការអនុវត្តក្នុងឆ្នាំ ២០២៤។ តាមនោះ ស្ថាប័ន និងអង្គភាពនានានៃកងទ័ពទាំងមូល ត្រូវតែបន្តក្តាប់ឱ្យបានជ្រាប និងអនុវត្តប្រកបដោយជោគជ័យនូវទស្សនៈ មាគ៌ាការទូតដែលបានកំណត់ក្នុងសេចក្តីសម្រេចរបស់បក្ស រដ្ឋ កងទ័ព អំពីការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ យកចិត្តទុកដាក់លើការវិនិយោគធនធាន និងការកសាងជួរកម្មាភិបាល បម្រើការក្នុងវិស័យការទូតការពារជាតិ ដើម្បីបំពេញតម្រូវការ និងភារកិច្ចក្នុងស្ថានភាពថ្មី។ ហើយនិងម្ចាស់ការអនុវត្តសកម្មភាពកិច្ចការបរទេសសំខាន់ៗក្នុងឆ្នាំ២០២៤ ដោយផ្តោតលើសកម្មភាពកិច្ចការបរទេសជាបន្តបន្ទាប់ ដើម្បីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម…
មតិពីមិត្តអ្នកអាន