ក្នុងក្របខ័ណ្ឌនៃការជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទីមួយ នៅថ្ងៃទី១៤ ខែធ្នូ នៅទីក្រុង Kon Tum ខេត្ត Kon Tum បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។
![]() |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ |
គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណៈប្រតិភូឡាវដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា៖ វៀតណាម ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងជិតខាងបី ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា មានប្រភពចេញពីការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងដណ្តើមបានឯករាជ្យជាតិ ហើយត្រូវបានពូនជ្រំ និងអភិវឌ្ឍតាមរយៈសម័យកាលតស៊ូបដិវត្តន៍។ នេះគឺជាចំណងសាមគ្គីភាព ជាការជំនឿទុកចិត្តដ៏ស្មោះត្រង់ ដែលប្រជាជាតិទាំងបីមានជូនចំពោះគ្នាទៅវិញទៅមក និងជាការជួយគាំទ្រគ្នាដោយអស់ពីចិត្តដើម្បីបំពេញភារកិច្ចបដិវត្តន៍ប្រកបដោយជោគជ័យ បង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាព ការអភិវឌ្ឍន៍របស់ប្រជាជាតិទាំងបី។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យ និងកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា គឺជាការបង្ហាញដ៏រស់រវើកនៃការប្តេជ្ញាចិត្តផ្នែកនយោបាយដើម្បីពង្រឹង និងជម្រុញទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងបីនៅឥណ្ឌូចិនឡើងកម្រិតកម្ពស់ថ្មីមួយទៀត។ បង្គោលព្រំដែនរួមនៃប្រទេសទាំងបីនាពេលនេះបានក្លាយទៅជាបង្គោលនៃប្រវត្តិសាស្ត្រ បង្គោលនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងជាបងប្អូន ដែលមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។
![]() |
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ |
រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានសង្កត់ធ្ងន់ថា បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងបីបានពង្រឹង និងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព វៀតណាម-ឡាវ-កម្ពុជា។ សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យ និងកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជា។
បើតាមលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath វៀតណាម ឡាវ កម្ពុជា គឺជាប្រទេសបីដែលមានព្រំដែនជាប់គ្នា ហើយប្រជាជននៃប្រទេសទាំងបីមានប្រពៃណីជួយគ្នាទៅវិញទៅមក និងតស៊ូប្រយុទ្ធនឹងសត្រូវរួម។ ប្រទេសទាំងបីមិនអាចបំបែកចេញពីគ្នាបានទេ។ អាស្រ័យហេតុនេះ កងទ័ពនៃប្រទេសទាំងបីត្រូវតែជាកម្លាំងស្នូលក្នុងការកសាង ការពារ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ថ្លៃថ្លារវាងប្រទេសទាំងបី។
ចំណែកលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម ឡាវកម្ពុជា លើកទី១ គឺជាឱកាសដើម្បីរួមគ្នាវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងបីនាពេលថ្មីៗនេះ ហើយទន្ទឹមនឹងនោះ បញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពអ្នកជិតខាងល្អ ដើម្បីនាំមកនូវផលប្រយោជន៍រួមជូនប្រជាជននៃប្រទេសទាំងបី។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងកងទ័ព នៃប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅតាមតំបន់ព្រំដែន ព្រមទាំងរួមចំណែកកសាងសហគមន៍អាស៊ានផងដែរ។
![]() |
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ |
ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីបានវាយតម្លៃថា នាពេលថ្មីៗនេះ ក្រសួងការពារជាតិ នៃប្រទេសទាំងបីតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបីលើកិច្ចសហប្រតិបត្តិការយោធាការពារជាតិ ដោយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ គួរកត់សម្គាល់ថាគឺការរក្សាប្រកបដោយប្រសិទ្ធភាពនៃយន្តការកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី (ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១២); កងទ័ពនៃប្រទេសទាំងបីបានរៀបចំការហាត់សមស្វែងរក និងជួយសង្គ្រោះរួមគ្នានៅប្រទេសឡាវក្នុងឆ្នាំ២០២២ និងការហាត់សមយោធារួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនជាប្រពៃណីនៅក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពនេះ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងបី ស្ថានភាពព្រំដែននាពេលថ្មីៗនេះត្រូវបានរក្សាស្ថិរភាព ខ្សែបន្ទាត់ព្រំដែន និងប្រព័ន្ធបង្គោលព្រំដែនជាតិត្រូវបានរក្សាយ៉ាងរឹងមាំ សន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនត្រូវបានធានា ហើយករណីកើតឡើងត្រូវបានរកឃើញភ្លាមៗនិងដោះស្រាយបានល្អ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមត្រូវបានផ្សារភ្ជាប់ទៅនឹងការធានាការពារជាតិ និងសន្តិសុខនៅតាមតំបន់ព្រំដែន។
ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីបានឯកភាពថានឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ទីមួយគឺពង្រឹងមូលដ្ឋាននៃការទុកចិត្តផ្នែកនយោបាយ បង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បន្តដាក់ពង្រាយយន្តការនានាប្រកបដោយប្រសិទ្ធភាពដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី ការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី បង្កើនការជួបប្រជុំរវាងថ្នាក់ដឹកនាំខ្ពស់នៅខាងក្រៅព្រឹត្តិការណ៍ និងវេទិកាពហុភាគី...
ទីពី បន្តផ្សព្វផ្សាយ និងអប់រំកងទ័ព និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងបី អំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃចំណងសាមគ្គីភាពនៃប្រទេសទាំងបី និងកងទ័ពទាំងបី ជាពិសេសនៅឆ្នាំ២០២៤ ក្នុងឱកាសមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលនឹងប្រព្រឹត្តទៅដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤) ខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនឡាវ (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៩ - ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤) និង ខួបលើកទី ៤៥ ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។
ទីបីគឺធ្វើពិពិធកម្មសកម្មភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងបី ដោយផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែន កងឯកភាពទ័ពនៅជាប់ព្រំដែននៃប្រទេសទាំងបី តាមរយៈយន្តការសហប្រតិបត្តិការជាក់ស្តែងដូចជា ការយាមល្បាតរួមគ្នា ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង និងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បង្កើនការរៀនភាសាគ្នាទៅវិញទៅមករវាងអង្គភាពដែលឈរជើងនៅតំបន់ព្រំដែន រៀបចំសកម្មភាពរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបីដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី...
ទីបួនបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអន្តរជាតិ និងតំបន់ ជាពិសេសយន្តការនានាក្នុងអាស៊ាន ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) គាំទ្រក្រសួងការពារជាតិឡាវ ដើម្បីធ្វើជាប្រធាននៃកិច្ចប្រជុំយោធាការពារជាតិអាស៊ានឆ្នាំ ២០២៤ ដោយជោគជ័យ។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ និងកងទ័ព នៃប្រទេសទាំងបី តែងតែសាមគ្គីភាពគ្នា និងបន្តរួមចំណែកយ៉ាងសកម្មក្នុងតួនាទីមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាជំហររួមរបស់អាស៊ានលើបញ្ហាសន្តិសុខក្នុងតំបន់។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath លោកនាយឧត្តមសេនីយ៍ ទៀ សីហា និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិឡាវ និងកម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ ត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិវៀតណាមក្នុងខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ៕
មតិពីមិត្តអ្នកអាន