នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុង Kon Tum ខេត្ត Kon Tum វៀតណាម និងខេត្តរតនគិរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ដំណាក់កាល ២០២៣ - ២០២៨។
![]() |
ថ្នាក់ដឹកនាំខេត្ត Kon Tum និងខេត្តរតនគិរី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើនទំនាក់ទំនងសហប្រតិបត្តិការដំណាក់កាល ២០២៣ - ២០២៨ |
នៅកិច្ចប្រជុំនេះ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ខេត្តទាំងពីរបានពិភាក្សា និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការ ដំណាក់កាល ២០២៣-២០២៨។
តាមនោះ ខេត្តទាំងពីរនឹងបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើវិស័យនយោបាយ និងការបរទេសយ៉ាងស៊ីជម្រៅ ជិតស្និទ្ធ ជឿទុកចិត្ត និងសម្រេចបាននូវប្រសិទ្ធភាពល្អ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃខេត្តទាំងពីរ កិច្ចសហប្រតិបត្តិការរវាងមន្ទីរ និងស្រុកទាំងឡាយនៃខេត្តទាំងពីរ ហើយអនុវត្តឲ្យបានល្អនូវកិច្ចព្រមព្រៀង ពិធីសារ និងឯកសារសហប្រតិបត្តិការរវាងរដ្ឋ ក្រសួង និងស្ថាប័នមជ្ឈិមនៃប្រទេសទាំងពីរ ជំរុញការផ្សព្វផ្សាយ និងអប់រំក្នុងប្រជាជន ជាពិសេសគឺយុវជនជំនាន់ក្រោយនៃខេត្តទាំងពីរ អំពីប្រវត្តិសាស្ត្រប្រពៃណីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា និយាយរួម រវាងខេត្ត Kon Tum និងខេត្តរតនគិរី និយាយដោយឡែក បង្កើនសកម្មភាពផ្លាស់ប្តូរ ការចងសម្ព័ន្ធមេត្រីភាព និងការគាំទ្រសុខុមាលភាពសង្គមរវាងខេត្តទាំងពីរ។
ខេត្តទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-សង្គម ដែលផ្តោតលើការបង្កើតលក្ខខណ្ឌអំណោយផល និងការលើកទឹកចិត្តអ្នកវិនិយោគនៅខេត្តនីមួយៗ ក្នុងការស្វែងរកឱកាសវិនិយោគ និងអនុវត្តគម្រោង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ការគ្រប់គ្រង និងការការពារព្រៃឈើនៅតំបន់ព្រំដែន ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខេត្ត Kon Tum ក្នុងការងារស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម។
ភាគីទាំងពីរក៏បន្តសហការយ៉ាងជិតស្និទ្ធដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមតាមខេត្តនីមួយៗ ចូលរួមចំណែកកសាងខ្សែព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពិធីសារស្ដីពីខ្សែព្រំដែនរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ៕
មតិពីមិត្តអ្នកអាន