ដោយមានគោលដៅកាត់បន្ថយគ្រួសារក្រីក្រចំនួន ១៥០០ គ្រួសារ ព្រមទាំងកាត់បន្ថយគ្រួសារធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ និងគ្រួសារក្រីក្រថ្មីកើនឡើង នាពេលថ្មីៗនេះ ស្រុក Meo Vac (ខេត្ដ Ha Giang ភាគខាងជើងវៀតណាម) បានមានដំណោះស្រាយជាច្រើនដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រដំណាក់កាល ២០២១-២០២៥។
![]() |
![]() |
![]() |
រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រែងឲ្យរួចផុតពីភាពក្រីក្រតាមរយៈកម្មវិធីឧបត្ថម្ភកាត់បន្ថយភាពក្រីក្រ |
នៅចុងឆ្នាំ ២០២២ ស្រុក Meo Vac មានគ្រួសារក្រីក្រជាង ១០០០០ គ្រួសារ (ស្មើនឹង ៥៧.៦១%) និងគ្រួសារកៀកនឹងបន្ទាត់ភាពក្រីក្រជាង ១៦០០ គ្រួសារ (ស្មើនឹង ៩.៤៦%)។ មូលហេតុដែលនាំមកភាពក្រីក្រគឺជនរួមជាតិគ្មានដីធ្លី គ្មានដើមទុន គ្មានឧបករណ៍ដើម្បីផលិតកម្ម... ដើម្បីជួយប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ ស្រុក Meo Vac បានមានដំណោះស្រាយជាច្រើនដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រដំណាក់កាល ២០២១- ២០២៥ ។ ដើម្បីអនុវត្តកម្មវិធីនោះ ក្នុងដំណាក់កាល ២០២១-២០២៥ ស្រុក Meo Vac ត្រូវបានផ្តល់ថវិកាជាង ១៩៣.១ ពាន់លានដុង ក្នុងនោះ ថវិកាវិនិយោគអភិវឌ្ឍន៍មានជាង ១១៩ ពាន់លានដុង ថវិការដ្ឋមានជាង ៧៤ ពាន់លានដុង។
មកទល់ពេលនេះ សម្រាប់គម្រោងគាំទ្រការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ស្រុក Meo Vac បានវិនិយោគសាងសង់សំណង់ចំនួន ២៤ រួមមានផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត ការអប់រំនិងវប្បធម៌។ អនុវត្តគំរូកាត់បន្ថយភាពក្រីក្រសម្រាប់គ្រួសារចំនួន ២៧៥ គ្រួសារ។ គាំទ្រដល់ការអភិវឌ្ឍន៍ផលិតកម្ម ព្រមទាំងបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់មនុស្ស ៦៥០ នាក់ ក្រៅពីនេះ ឧបត្ថម្ភសាងសង់ផ្ទះថ្មីចំនួន ៥៥០ ខ្នង និងជួសជុលផ្ទះជូនប្រជាពលរដ្ឋចំនួន ១០៧ គ្រួសារ…។
សំណេះសំណាលជាមួយយើងខ្ញុំ លោក Ha Van Thanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Niem Son បានឲ្យដឹងថា៖ “ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិទាំង ៣ ជាពិសេសកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រ យើងខ្ញុំបានបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីឱ្យពួកគេយល់ដឹងនិងចូលរួមយ៉ាងសកម្ម។ បច្ចុប្បន្ន ឃុំកំពុងអនុវត្តគម្រោងដូចជា៖ ចិញ្ចឹមក្របី ចិញ្ចឹមជ្រូក គាំទ្រការផលិត និងកែលម្អអាហារូបត្ថម្ភក្នុងការចិញ្ចឹមជ្រូក ដោយមានទឹកប្រាក់សរុបចំនួន ១,១ ពាន់លានដុង។ ដោយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងគម្រោងទាំងនេះ ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែមានភាពប្រសើរឡើង"។
ដើម្បីជួយប្រជាពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រ នាពេលខាងមុខ អាជ្ញាធរស្រុក Meo Vac នឹងបន្តបង្កើនការឃោសនា អប់រំ និងលើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវរបស់កម្មាភិបាលនិងបក្ខជន ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងស្ថាប័ននានាក្នុងការកាត់បន្ថយភាពក្រីក្រ ទន្ទឹមនឹងនោះ លើកទឹកចិត្ដដល់គ្រួសារក្រីក្រ និងគ្រួសារកៀកនឹងបន្ទាត់ភាពក្រីក្រឲ្យរួចផុត ពីភាពក្រីក្រ រួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រ៕
មតិពីមិត្តអ្នកអាន