សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងបន្តសម្របសម្រួល និងសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីពង្រីកទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
![]() |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត។ |
នាថ្ងៃទី ១១ ខែតុលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ ត្រូវបានបង្កើតឡើង។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាកម្ពុជានីតិកាលទី ៧ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang សម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធិផលដ៏អស្ចារ្យក្នុងកិច្ចការក្នុងស្រុក និងការបរទេស ដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមការគ្រប់គ្រងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតំលៃខ្ពស់ និងអបអរសាទរកម្ពុជាក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រធាន AIPA-43 រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទីប្រាំ ដោយជោគជ័យ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ស៊ីហ្គេមទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមទី ១២។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍរបស់វៀតណាម ដែលសង្កត់ធ្ងន់លើអត្ថន័យនៃទំនាក់ទំនង និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសេចក្តីសោមនស្សរីករាយ ដែលទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ ដោយឥតឈប់ឈរ តាមរយៈការរក្សាបាននូវការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ជាប្រចាំ ការជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងការបង្កើតភាពស្អិតរមួតក្នុងទំនាក់ទំនងរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។
ដោយសម្តែងការសប្បាយរីករាយចំពោះការផ្លាស់ប្តូរជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យភាគីទាំងពីរបន្តជំរុញសមិទ្ធិផលដែលសម្រេចបាន ពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ អនុវត្តរាល់ខ្លឹមសារដែលបានឯកភាពរវាងភាគីទាំងពីរ ដើម្បីរួមចំណែកជាក់ស្តែងក្នុងការពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននានារបស់កម្ពុជា នឹងបន្តសម្របសម្រួល និងសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានពិភាក្សាអំពីខ្លឹមសារមួយចំនួនទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងតាមបណ្តាញនានា ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មាន បន្តជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងយន្តការសហប្រតិបត្តិការត្រីភាគីរវាងវៀតណាម-ឡាវ-កម្ពុជា។
ភាគីទាំងពីរក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ពិចារណាលើការពង្រីកវិស័យដែលមានសក្តានុពល និងស្វែងរកកាលានុវត្តភាពថ្មី និងយន្តការសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ៕
មតិពីមិត្តអ្នកអាន