ខែមេសា ជារៀងរាល់ឆ្នាំ ជាពេលវេលាកំពូលនៃរដូវប្រាំង ជនរួមជាតិជនជាតិ Ede នៅភូមិ Ky សង្កាត់ Thanh Nhat ទីក្រុង Buon Ma Thuot ខេត្ត Dak Lak តែងតែប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងប្រកបដោយអធឹកអធម។ នេះជាពិធីបុណ្យប្រពៃណី ដែលបង្កប់នូវគុណតម្លៃមនុស្សាស្ត្រដ៏ជ្រាលជ្រៅ បង្កប់នូវអត្ថន័យពិសេសខាងវិញ្ញាណ ជាមួយនឹងសេចក្តីប្រាថ្នា សូមព្រះ (yang) ប្រសិទ្ធិពរជ័យឲ្យមានអាកាសធាតុអំណោយផល ដំណាំដាំដុះរីកលូតលាស់បានល្អ ជីវភាពធូធារ ប្រជាជនក្នុងភូមិរស់នៅប្រកបដោយសាមគ្គីភាពនិងសិរីមង្គល។
![]() |
![]() |
![]() |
ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Ede (វៀតណាម) |
តាំងពីព្រឹកព្រលឹម ទីធ្លាមួយនៅមុខផ្ទះសហគមន៍ភូមិ Ky មានមនុស្សមកចូលរួមពិធីបុណ្យយ៉ាងច្រើនកុះករ។ បុរសៗជួយសិប្បកររៀបចំគងឃ្មោះ សម្អាតតុ កៅអី។ ស្ត្រីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរួមគ្នាត្រៀមរៀបចំពិធីសែន... ក្រោមម្លប់ដើមឈើចំណាស់នៅកណ្តាលភូមិ ប្រជាជនបានត្រៀមរៀបចំខ្ទម Puk ចំនួន២ ជាមួយរបស់របរសម្រាប់ប្រារព្ធពិធីបួងសួងសុំទឹកភ្លៀង។ ខ្ទម Puk (Sang Yang) មានពីរជាន់ ជាន់លើ (ជាន់មេឃ) សម្រាប់សក្ការៈបូជាព្រះនិងទេវៈ; ជាន់ក្រោមគឺជាឃ្លាំងស្រូវដែលតំណាងឱ្យភាពសម្បូរធូធារ។ នៅក្បែរនោះ មានគ្រឿងសំណែនថ្វាយព្រះ yang ដូចជា ស្រាពាង មាន់ ឧបករធ្វើពីឬស្សី និងរូបចម្លាក់ឈើតូចៗនៃសត្វព្រៃនានាដូចជា ដំរី កាំប្រមា និងខ្លា។
![]() |
ការផឹកស្រាពាងគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងពិធីការនានារបស់ជនជាតិ Ede។ |
នៅមុខខ្ទម Puk នៅពេលដែលស្នូរសំឡេងគងលាន់លឺឡើង គ្រូសែនចាប់ផ្ដើមធ្វើពិធីសែន ដោយបួងសួងសុំឲ្យ Yang (មេឃ ដី និងព្រះភ្លៀង) ចាក់ទឹកភ្លៀងចុះឲ្យប្រជាជនមានទឹកដាំដុះដំណាំ ស្រូវរីកលូតលាស់បានល្អ រដូវអំណោយផល ស្រូវពេញឃ្លាំង គ្រប់គ្រួសារក្នុងភូមិសម្បូរធូធារ បណ្តេញសត្វព្រៃគ្រោះថ្នាក់និងភាពអាក្រក់ចេញពីភូមិ។ អ្នកស្រី H'By La Byă នៅភូមិ Ky បានចែករំលែកថា៖
“នេះជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបួងសួងសុំទឹកភ្លៀង ដូច្នេះខ្ញុំមិនដឹងច្រើនទេ ប៉ុន្តែខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដោយមានកិត្តិយសចូលរួមពិធីនេះ។ ពិធីបួងសួងសុំទឹកភ្លៀងនេះមានលក្ខណៈពិសេសជាច្រើនរបស់ជនជាតិ Ede”។
បន្ទាប់នោះ គ្រូសែនយកចានស្រាលាយនឹងឈាមជ្រូក ប្រោះព្រុំលើកន្ត្រកស្រូវ ឧបករណ៍ការងារ ហើយប្រោះព្រុំលើវាលស្រែ ដើម្បីអញ្ជើញព្រះមកពិសាស្រាជាមួយអ្នកភូមិ។ បញ្ចប់ពិធី មនុស្សរាល់គ្នាស្រែកកញ្ច្រៀវ ដោយបង្ហាញពីការស្រុះចិត្តគំនិតនិងការប្តេជ្ញាចិត្តឈានចូលរដូវធ្វើស្រែចម្ការថ្មី។ ចូលរួមពិធីបួងសួងសុំទឹកភ្លៀង លោកយាយ H’Luech Hdok អាយុ ៦៥ឆ្នាំ បានចែករំលែកថា៖
![]() |
ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Ede នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak |
“ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំងណាស់។ ខ្ញុំឃើញថា ការរៀបចំពិធីឡើងវិញតាមប្រពៃណីរបស់ជនជាតិ Ede ដែលប្រារព្ធឡើងម្តងជារៀងរាល់ឆ្នាំ មុនពេលបេះពោត ច្រូតស្រូវបែបនេះ មានអត្ថន័យច្រើនណាស់។ រំលឹកពីអតីតកាលកាលពីកុមារភាព ខ្ញុំធ្លាប់បានចូលរួមពិធីនេះហើយ ឥឡូវនេះឃើញថានៅតែមានពិធីដដែល គឺខ្ញុំសប្បាយយ៉ាងក្រៃលែង”។
តាមព្រឹទ្ធាចារ្យភូមិ Y Bang Byă នៅភូមិ Ky សង្កាត់ Thanh Nhat ទីក្រុង Buon Ma Thuot ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការជួយឧបត្ថម្ភពីរដ្ឋ និងផ្នែកវប្បធម៌ ភូមិបានស្ដារឡើងវិញនូវពិធីបុណ្យប្រពៃណី រក្សាបាននូវលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត ឆ្ពោះទៅរកជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
![]() |
ការសាបព្រោះពូជស្រូវដំបូងបន្ទាប់ពីពិធីបួងសួងសុំទឹកភ្លៀង។ |
“តាមពិតទៅ ដើម្បីអភិរក្សទំនៀមទំលាប់របស់បងប្អូនជនរួមជាតិយើង គឺជាបញ្ហាលំបាកសម្រាប់ភូមិ Ky ប៉ុន្តែដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីសង្កាត់ Thanh Nhat ដែលបានផ្ដល់ថវិកាមួយផ្នែក សម្រាប់ភូមិប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនេះ។ ការបួងសួងសុំទឹកភ្លៀង មានន័យថា បួងសួងសុំឲ្យរដូវវស្សាឆ្នាំនេះ អំណោយផល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិក៏ដូចជាភូមិឃុំ Tay Nguyen នានាកាន់តែល្អប្រសើរឡើង”។
ពិធីបួងសួងសុំទឹកភ្លៀង គឺជាពិធីប្រពៃណីមួយ ដើម្បីក្រើនរំលឹកដល់កូនចៅជំនាន់ក្រោយ ឱ្យយល់ដឹងបន្ថែមអំពីវប្បធម៌ និងពិធីដ៏វិសេសវិសាលរបស់ជនជាតិខ្លួន ដែលបង្កប់នូវតម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅរបស់ជនរួមជាតិនៅតំបន់ Tay Nguyen៕
មតិពីមិត្តអ្នកអាន