នារសៀលថ្ងៃទី១៣ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Thomas Gass ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធស្វីសប្រចាំវៀតណាម ក្នុងឱកាសទទួលបេសកកម្មនៅវៀតណាម។
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Thomas Gass ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធស្វីសប្រចាំវៀតណាម |
នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពិពិធកម្ម និងពហុភាគីក្នុងទំនាក់ទំនងបរទេស ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទូលំទូលាយ និងស៊ីជម្រៅ ជាមិត្ត ជាដៃគូដែលមានទំនុកចិត្ត និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ក្នុងស្មារតីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយស្វីស។ លោកបានសម្តែងនូវជំនឿថា ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក។
លោកនាយករដ្ឋមន្ត្រីវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ស្វីសកំពុងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលបង្កើតកម្លាំងចលករពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោកនាយករដ្ឋមន្ត្រីបានស្នើប្រទេសស្វីសបង្កើតលក្ខខណ្ឌអំណោយផល និងគាំទ្រធុរកិច្ចស្វ៊ីសឲ្យចូលមកបណ្តាក់ទុនធ្វើអាជីវកម្មរយៈពេលវែងប្រកបដោយគុណភាពខ្ពស់នៅវៀតណាម ដោយផ្តោតលើវិស័យដែលស្វ៊ីសមានឧត្តមភាព ហើយវៀតណាមផ្តល់អាទិភាព ដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង សេដ្ឋកិច្ចរង្វង់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កសិកម្មបច្ចេកវិទ្យាខ្ពស់ ធនាគារ-ហិរញ្ញវត្ថុ សុខាភិបាល។ លើសពីនេះ ភាគីទាំងពីរគួរតែបន្តជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EFTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឱ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយហេតុនោះ រួមចំណែកជួយវៀតណាមក្នុងការលើកកំពស់គុណភាពធនធានមនុស្ស ក៏ដូចជាបង្កើនការយោគយល់គ្នារវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត Thomas Gass បានអះអាងថា វៀតណាមជាដៃគូសេដ្ឋកិច្ចកាន់តែសំខាន់ចំពោះស្វីស ហើយភាគីទាំងពីរនៅតែមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ ឈរលើមូលដ្ឋាននោះ ស្វីសមានបំណងជំរុញដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕
មតិពីមិត្តអ្នកអាន