Trending now

ប្រជាជននៅសៀមរាប ចាប់ផ្ដើមពេញនិយមការជិះកង់ ជំនួសឡាន ម៉ូតូ ថែរក្សាបរិស្ថាន

10:28 | 29/04/2020

ក្រសួងទេសចរណ៍ បានបង្ហាញពីការផ្លាស់ប្ដូរនូវមធ្យោបាយទេសចរណ៍ថ្មីមួយ បានលេចឡើងនៅអង្គរ-សៀមរាប ដោយគេឃើញមានប្រជាពលរដ្ឋ និង ភ្ញៀវទេសចរភាគច្រើនបាននាំគ្នាជិះកង់ហាត់ប្រាណ ឬ រត់ហាត់ប្រាណកម្សាន្តនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកមួយនេះយ៉ាងពេញនិយម ព្រមទាំងជួយថែរក្សាបរិស្ថានផងដែរ ។

ក្រសួងទេសចរឱ្យដឹងថា ពួកគេជិះកង់ចេញពីក្រុងសៀមរាបឆ្ពោះទៅឧទ្យានអង្គរ ដោយភាគច្រើនកាត់តាមមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ចូលក្រុងអង្គរធំតាមខ្លោងទ្វារទន្លេអុំ ប្រាសាទបាយ័ន្ត ប្រាសាទបាពួន ព្រះលានជល់ដំរី ។ អ្នកខ្លះទៀតក៏បន្តដំណើរតាមផ្លូវវង់តូច ដោយកាត់តាមខ្លោងទ្វារជ័យ សួនបណ្ដុះកូនឈើរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទតាកែវ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ស្រះស្រង់ ប្រាសាទក្រវាន់ជាដើម ។

ចំណែកឯអ្នកខ្លះក៏បន្តពីព្រះលានជល់ដំរីទៅតាមផ្លូវវង់ធំកាត់តាមខ្លោងទ្វារដីឆ្នាំង ប្រាសាទក្រោលរមាស ប្រាសាទព្រះខ័ន បារាយណ៍ខាងជើង ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្ដាល ប្រាសាទក្រោលគោ ប្រាសាទតាសោម បារាយណ៍ខាងកើត និងប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ស្រះស្រង់ជាដើម និងបន្តមកដល់កសិន្ធុខាងកើតប្រាសាទអង្គរវត្ត។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍សៀមរាប បានឱ្យដឹងថា ឱ្យតែដល់ម៉ោង៤ទៀបភ្លឺឡើង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចាប់ផ្ដើមជិះកង់ និងរត់ហាត់ប្រាណរហូតដល់ម៉ោង ៧-៨ ព្រឹក ក៏នៅតែមានអ្នកជិះកង់ដែរ ហើយនៅពេលល្ងាចវិញ គេឃើញមានអ្នកជិះកង់ចាប់ពីម៉ោង ៤ រហូតដល់ព្រលប់ក៏មាន។ ភ្ញៀវទេសចរដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប ខណៈអ្នកខ្លះជាគ្រូបង្រៀន អ្នកជំនួញ អាជីវករ បុគ្គលអង្គការក្រៅរដ្ឋាភិបាលជាដើម ៕


(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦