Trending now

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀត​ណាម ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

23:05 | 08/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ទទួលជួបប្រធានគណៈប្រតិភូប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ទទួលជួបប្រធានគណៈប្រតិភូប្រជាជនកម្ពុជា
ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានសារៈសំខាន់ក្នុងទិដ្ឋភាពជាច្រើន
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ (រូបថត៖​baochinhphu.vn)
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជានាពេលកន្លងមក។ ឆ្លងកាត់ការលំបាកនិងឧបសគ្គដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ -១៩ ទំនាក់ទំនងនយោបាយ-ការទូតរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងកាន់តែជិតស្និទ្ធ និងមានទំនុកចិត្តតាមរយៈការរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ លើកកម្ពស់ប្រសិទ្ធភាពនៃយន្ដការសហប្រតិបត្ដិការទ្វេភាគី។

ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ដោយសង្កត់ធ្ងន់លើគោលការណ៍​មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរបស់ភាគីម្ខាងដើម្បីបង្កឡើងការខូចខាតដល់សន្តិសុខនិងផលប្រយោជន៍​របស់ភាគីម្ខាងទៀត ព្រមទាំងបញ្ជាក់ថា ការសម្របសម្រួលនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង និងយន្តការដែលមានស្រាប់ដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម​និងសុវត្ថិភាពនៅប្រទេសនីមួយៗ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស ការដឹកជញ្ជូននិងជួញដូរគ្រឿងញៀន ជំរុញកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខបណ្តាញអុីនធឺណិត និងការគាំពារពលរដ្ឋ។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តខិតខំប្រឹងប្រែងក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា និងជំរុញការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាពីវៀតណាមមកកម្ពុជាវិញ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដោយឃើញថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ សម្រេចបានជាង ៩.៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៨០% បើធៀបនឹងឆ្នាំ ២០២០ ។ ទំហំពាណិជ្ជកម្មក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២២ សម្រេចបាន ៨.៤៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ គិតមកទល់បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគចំនួន ១៩៨ គម្រោងដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២.៩២ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ១ ក្នុងអាស៊ាន និងស្ថិតក្នុងក្រុមប្រទេសចំនួន ៥ ប្រទេសដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង ក៏ដូចជាច្បាប់ គោលនយោបាយ គាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាពនៅប្រទេសនីមួយៗ ព្រមទាំងធានាការធ្វើ​សមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងមានប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែននិងច្រកទ្វារព្រំដែន; សំដែងនូវការពេញចិត្ដចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាសម្រាប់ចុះហត្ថលេខាក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើរាជរដ្ឋាភិបាលកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់​សហគ្រាសវៀតណាមចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជាប្រកបដោយស្ថិរភាព និងយូរអង្វែង ដោយឈរលើមូលដ្ឋាននៃការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

ទាក់ទងនឹងការងារព្រំដែន ភាគីទាំងពីរបានឯកភាពគ្នាគោរព និងអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ហើយបន្តជំរុញការចរចានិងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដែលសមស្របចំពោះការបោះបង្គោលព្រំដែនគោកនៅសល់ ១៦ ភាគរយទៀត។ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាដែលកើតឡើងបន្ថែមក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព រួមចំណែកកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការ (រូបថត៖​baochinhphu.vn)
នាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការ (រូបថត៖​baochinhphu.vn)

នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល ដឹកជញ្ជូន កសិកម្ម-រុក្ខាប្រមាញ់-នេសាទ ព័ត៌មាននិងផ្សព្វផ្សាយ ហិរញ្ញវត្ថុ-ធនាគារ វប្បធម៌និងទេសចរណ៍ ការជួបប្រាស្រ័យប្រជាជននិងប្រជាជន កីឡា...។

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងមានបំណងចង់ឲ្យភាគីកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់សហគមន៍វៀតណាមរស់នៅ និងធ្វើការប្រកបដោយស្ថិរភាពនិងស្របច្បាប់នៅកម្ពុជា រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃប្រទេសសាមី និងរួមចំណែករឹតបន្ដឹងទំនាក់ទំនងមិត្តភាពប្រទេសជិតខាងរវាងប្រជាជាតិទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដោយសង្កត់ធ្ងន់លើបរិបទនៃស្ថានភាពពិភពលោកនិងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានឡើយ។ វៀតណាមនិងកម្ពុជាគប្បីពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ; រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព ការឯកភាព និងការលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន រួមវិភាគទានជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាចរណ៍ ពង្រឹងការកសាងទំនុកចិត្ត មិនគំរាមកំហែង ឬ ប្រើប្រាស់កម្លាំងយោធា គោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); គាំទ្រភាគីនានាអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាជំរុញការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ។

បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការចំនួន ១១ រវាងប្រទេសទាំងពីរ ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤