ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានអាស៊ានឆ្នាំ២០២២ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Pham Minh Chinh ក្នុងនាមជានាយករដ្ឋមន្ត្រីវៀតណាម មានអត្ថន័យធំធេងក្នុងទិដ្ឋភាពជាច្រើន។ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសវៀតណាម ក្នុងបទសម្ភាសន៍មួយមុនពេលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅបំពេញទស្សនកិច្ចនៅកម្ពុជាបានមានប្រសាសន៍បែបនេះ។
![]() |
![]() |
![]() |
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសវៀតណាម។ |
អ្នកយកព័ត៌មាន៖ តើមួយណាជាចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះរបស់លោកនាយករដ្ឋមន្ត្រី ជាពិសេសក្នុងបរិបទក្រោយរយៈពេល៣ឆ្នាំនៃការរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ?
លោក Nguyen Minh Vu ៖ វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាង មានព្រំដែនជាប់គ្នា និងមានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជាលើកនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Pham Minh Chinh ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយមានអត្ថន័យសំខាន់ៗជាច្រើនវិស័យ។
ដំណើរទស្សនកិច្ចលើកនេះបានធ្វើឡើងក្នុងអំឡុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ២០២២” ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះជាឱកាសសម្រាប់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរួម ។ ផ្ដើមចេញពីនេះនឹងកំណត់នូវកម្លាំងចលករថ្មី សក្ដានុពលថ្មី និងវិធានការថ្មី ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានចូលដំណាក់កាលថ្មីប្រកបដោយប្រសិទ្ធភាព និងមានទំនុកចិត្តជាងទៀត។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងសំខាន់ៗជាច្រើនក្នុងវិស័យផ្សេងៗនឹងត្រូវបានចុះហត្ថលេខា។
អ្នកយកព័ត៌មាន៖ បើតាមលោកអនុរដ្ឋមន្ត្រី តើកិច្ចសហប្រតិបត្តិការលើវិស័យណាខ្លះដែលរំពឹងទុកជាងគេក្នុងដំណើរទស្សនកិច្ចនេះ?
លោក Nguyen Minh Vu៖ ក្នុងទំនាក់ទំនងទូលំទូលាយលើវិស័យជាច្រើន បណ្តាញជាច្រើន និងកម្រិតជាច្រើន ហើយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយដ៏ល្អនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ-ព្រំដែន នឹងបន្តត្រូវបានជម្រុញយ៉ាងខ្លាំងនៅក្នុងពេលខាងមុខ។
ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចលើកនេះ គឺការដែលនាយករដ្ឋមន្រ្តីទាំងពីរនឹងរួមគ្នាចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ដែលបង្ហាញពីចំណាប់អារម្មណ៍ពិសេសចំពោះសហគមន៍ធុរកិច្ច និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគី។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ-ព្រំដែន រំពឹងថា ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មគ្រឿងញៀន។ បន្តសម្របសម្រួលដើម្បីដោះស្រាយឱ្យបានហ្មត់ចត់នូវស្ថានភាពដែលពលរដ្ឋវៀតណាមត្រូវបង្ខំឱ្យធ្វើការដោយខុសច្បាប់នៅតាមអាជីវកម្មសេវាកម្សាន្តក្នុងប្រទេសកម្ពុជា ផ្លាស់ប្តូរវិធានការលើកកំពស់គតិយុត្ត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាក្នុងការរស់នៅ និងរកស៊ីប្រកបដោយស្ថិរភាព និងភាពងាយស្រួល។ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន ជំរុញការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន កសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃអំពីអត្ថន័យ និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាយ៉ាងដូចម្តេច? តើកិច្ចពិភាក្សានឹងផ្តោតលើបញ្ហាអ្វីខ្លះ រួមទាំងការរំពឹងទុកអំពីលទ្ធផលនៃកិច្ចពិភាក្សាទាំងនេះយ៉ាងដូចម្តេចដែរ?
លោក Nguyen Minh Vu៖ កិច្ចប្រជុំកំពូលអាស៊ានទាំងឡាយ តែងតែមានសារៈសំខាន់ដែរ ប៉ុន្តែខ្ញុំគិតថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកនេះ នឹងមានអត្ថន័យពិសេសជាង។
នេះគឺជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ានជាមួយដៃគូ រួមទាំងមហាអំណាចជាច្រើននៅក្នុង និងក្រៅតំបន់ បន្ទាប់ពីរយៈពេលបីឆ្នាំនៃការរីករាលដាលជំងឺរាតត្បាត។ ក្នុងរយៈពេលកន្លងមក បណ្តាប្រទេសអាស៊ានបានជំនះការលំបាក ដែលបង្ហាញពីភាពរឹងមាំ និងភាពខ្លួនទីពឹងខ្លួនដ៏ខ្លាំងក្លារបស់អាស៊ាន។
ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះ ទាំងស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក កំពុងតែត្រូវការមេដឹកនាំអាស៊ាន និងពិភពលោក ពិភាក្សាជាបន្ទាន់ដើម្បីស្វែងរកដំណោះស្រាយដ៏សមស្រប សំដៅស្តារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយបញ្ហាវិបត្តិសន្តិសុខនាពេលបច្ចុប្បន្ន។ នេះជាបញ្ហាប្រឈម ប៉ុន្តែក៏ជាឱកាសសម្រាប់អាស៊ានបន្តបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់ខ្លួន ក៏ដូចជាសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហារួម។
អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងអាស៊ានយ៉ាងដូចម្តេច រួមទាំងនិងគំនិតផ្តួចផ្តើម និងការរួមចំណែករបស់វៀតណាមក្នុងការកសាងសហគមន៍អាស៊ាន និងរក្សាជំហររបស់អាស៊ាននៅលើឆាកអន្តរជាតិ?
លោក Nguyen Minh Vu៖ ក្រឡេកទៅមើលដំណើរ ២៧ ឆ្នាំនៃការចូលរួម និងចូលជាសមាជិកអាស៊ាន ចាប់តាំងពីឆ្នាំ ១៩៩៥ ដោយឆ្លងកាត់ការឡើងចុះ និងភាពប្រែប្រួលជាច្រើនក្នុងពិភពលោក និងក្នុងតំបន់ យើងអាចនិយាយដោយមោទនភាពថា យើងបានបង្ហាញយ៉ាងច្បាស់នូវទិសស្លោកស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម-ទទួលខុសត្រូវ-ច្នៃប្រឌិត-សុខដុមរមនា ក្នុងការចូលរួមអាស៊ាន។ នោះក៏ជាអាថ៌កំបាំងនៃភាពជោគជ័យរបស់វៀតណាមក្នុងអាស៊ាន ហើយទទួលបានការគាំទ្រ និងការគោរពពីបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូនានា។
ក្នុងនាមជាអ្នកចូលរួមក្រោយគេ តែវៀតណាមបានជម្រុញយ៉ាងសកម្ម និងរួមចំណែកសំខាន់ក្នុងការបង្កើតសេចក្តីសម្រេចចិត្តសំខាន់ៗរបស់អាស៊ាន រួមទាំងការធ្វើឱ្យអាស៊ានក្លាយជា "ដំបូលរួម" នៃប្រទេសចំនួន ១០ ក្នុងតំបន់ កសាងធម្មនុញ្ញអាស៊ាន ផែនទីបង្ហាញផ្លូវកសាងសហគមន៍អាស៊ាន ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥...
វៀតណាមមិនត្រឹមតែជាសមាជិកដែលមានទំនួលខុសត្រូវក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសន្យារបស់ប្លុកប៉ុណ្ណោះទេ ថែមទាំងជាប្រទេសឈានមុខគេមួយក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង និងដំណោះស្រាយដើម្បីបញ្ជាក់ពីការទទួលខុសត្រូវ និងការរួមចំណែករបស់អាស៊ានចំពោះបញ្ហារួមរបស់ពិភពលោក និងតំបន់។ នេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងលទ្ធផលដ៏ទូលំទូលាយ និងស៊ីជម្រៅនៃឆ្នាំអាស៊ាន ដែលវៀតណាមធ្វើជាប្រធានក្នុងឆ្នាំ ២០១០ និង ២០២០។
ជាមួយនឹងវិធីសាស្រ្តប្រកបដោយតុល្យភាព និងចុះសម្រុងគ្នា វៀតណាមតែងតែត្រូវបានមើលឃើញថាដើរតួនាទីជា “ស្ពាន” ដើម្បីជួយបង្រួមភាពខុសគ្នា និងបង្កើនភាពស្រដៀងគ្នារវាងបណ្តាប្រទេសអាស៊ាន ក៏ដូចជារវាងអាស៊ាន និងដៃគូខាងក្រៅ។ នេះជាប្រពៃណីនៃនយោបាយការបរទេសរបស់វៀតណាម ដូចដែល លោក Nguyen Phu Trong អគ្គលេខាបក្ស បាននិយាយថា “ការទូតដើមឬស្សីរបស់វៀតណាម” ដែលមានលក្ខណៈបត់បែនតាមគោលការណ៍ ប៉ុន្តែថែមទាំងមានអត្ថន័យថែមទៀតក្នុងបរិបទនៃការប្រែប្រួលដ៏ស្មុគស្មាញជាច្រើននាពេលបច្ចុប្បន្ននេះ។ យើងតែងតែរក្សាជំហរប្រកបដោយតុល្យភាព ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការ និងដោះស្រាយភាពខុសគ្នា ការខ្វែងគំនិត និងជម្លោះស្របតាមច្បាប់អន្តរជាតិ។
អ្នកយកព័ត៌មាន៖ អរគុណលោកអនុរដ្ឋមន្ត្រី!

មតិពីមិត្តអ្នកអាន