ឆ្នាំ ២០២២ គឺជាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ ដំណើរជាងកន្លះសតវត្សគឺជាភស្តុតាងរស់រវើសនៃទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង" រវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ចំណុចលេចធ្លោមួយ នៃទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា គឺទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
![]() |
![]() |
![]() |
ក្រុមសមាជិកសភាមិត្តភាពវៀតណាម - កម្ពុជាបានជួបប្រជុំជាមួយសមាជិកក្នុងឱកាសនៃសម័យប្រជុំលើកទី ៣ នៃរដ្ឋសភាលើកទី XV នាខែមិថុនា ឆ្នាំ ២០២២។ |
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងអញ្ជើញមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។ នេះជាសកម្មភាពនយោបាយ ការបទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា ក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីទិសដៅ និងវិធានការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដូចគ្នា ជាពិសេសការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
គួររំលឹកថា នាខែធ្នូ ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាអំណោយពីបក្ស រដ្ឋ និងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋ និងប្រជាជនកម្ពុជា។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានថ្លែងនៅពេលនោះថា អគារនេះនឹងក្លាយទៅជា "និមិត្តរូបនៃចំណងមិត្តភាពរវាងប្រជាជនទាំងពីរ ដែលជាមិត្តភាពយូរអង្វែង និងជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ហើយប្រជាជាតិទាំងពីរនឹងខិតខំរក្សាជារៀងរហូត"។
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា រួមទាំងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ ទំនាក់ទំនងនោះក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកត្រូវបានពូនជ្រំដោយឥតឈប់ឈ តាមរយៈសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព។
ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា (លើកដំបូងនៅខែមេសា ឆ្នាំ ២០០៧ បន្ទាប់មកគឺការចុះហត្ថលេខាថ្មីនៅខែកក្កដា ឆ្នាំ ២០១២ និង ខែឧសភា ឆ្នាំ២០១៩) រដ្ឋសភានៃប្រទេសទាំងពីរបានរក្សាជាប្រចាំនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍ការងារ ការផ្លាស់ប្តូរនៅកម្រិតគណៈកម្មការ និងការផ្លាស់ប្តូររវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរជំនាញវិជ្ជាជីវៈក្នុងវិស័យនិតិបញ្ញត្តិ ការឃ្លាំមើល និងការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ។ រដ្ឋសភាទាំងពីរក៏បានឯកភាពរួមគ្នាពង្រឹងការសម្របសម្រួល ត្រួតពិនិត្យ និងជម្រុញក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។
ព្រឹត្តិការណ៍ដ៏គួរឲ្យចងចាំមួយនោះ គឺក្នុងឱកាសនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០១២ ពោលគឺនៅខែសីហា កាលពីឆ្នាំ២០១២ រដ្ឋសភានៃប្រទេសទាំងពីរបានបើកកិច្ចប្រជុំស្ដីពី “ទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជា” នៅទីក្រុងហូជីមិញ។ នៅកិច្ចប្រជុំនេះ ប្រទេសទាំងពីរបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា និងរដ្ឋាភិបាលទៅចូលរួម។ អង្គប្រជុំបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយដែលបញ្ជាក់ពីការបន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។
កាលពីខែតុលា ឆ្នាំ ២០១៣ ប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិតទៅប្រធានរដ្ឋសភាកម្ពុជា ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលបានបណ្តាលឲ្យបាត់បង់ជីវិត និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ ក្នុងឱកាសនេះ រដ្ឋសភា និងប្រជាជនវៀតណាម បានឧបត្ថម្ភអង្ករចំនួន ១.០០០ តោន ដើម្បីជួយប្រជាជនកម្ពុជាដែលរងគ្រោះដោយទឹកជំនន់។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នពាក់ព័ន្ធ ខុទ្ទកាល័យរដ្ឋសភាវៀតណាមបន្តការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន និងការបកប្រែនៅប្រទេសវៀតណាមសម្រាប់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិកម្ពុជា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។
នៅវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិទាំងឡាយ (IPU, AIPA, APF, APPF, ASEP...) គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ គាំទ្រគ្នាទៅវិញទៅមក បង្កើនការផ្លាស់ប្តូរ ពិគ្រោះយោបល់ និងសម្របសម្រួលគោលជំហរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
បច្ចុប្បន្ន គណៈកម្មការកិច្ចការបរទេស និងគណៈកម្មការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាវៀតណាម មានយន្តការសម្របសម្រួលជាមួយគណៈកម្មការស្មើឋានៈនៃរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ ដើម្បីរៀបចំកិច្ចប្រជុំតាមប្រធានបទជាប្រចាំអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV); គណៈកម្មការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភាវៀតណាម មានយន្តការសម្របសម្រួលជាមួយគណៈកម្មការស្មើឋានៈនៃរដ្ឋសភា ព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ និងមីយ៉ាន់ម៉ា លើកិច្ចសហប្រតិបត្តិការ CLMV ។
ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នាខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា ប្រទេសទាំងពីរបានរួមគ្នាកសាង និងសម្រេចបានសមិទ្ធិផលជាច្រើនក្នុងវិស័យការទូតសភា តាមរយៈការជំរុញ និងគាំទ្រទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរដ្ឋទាំងពីរ និងរដ្ឋសភាទាំងពីរនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា៖ គ្មានអ្វីអាចរារាំងទំនាក់ទំនងល្អរវាងមេដឹកនាំនៃប្រទេសទាំងពីរបានឡើយ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធនេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ៕
មតិពីមិត្តអ្នកអាន