ក្នុងដំណើរស្វែងរកអដ្ឋិធាតុយុទ្ធមិត្តនៅក្នុងប្រទេសកម្ពុជា កម្មាភិបាល និងយុទ្ធជន នៃក្រុម K73 (បញ្ជាការដ្ឋានយោធាខេត្ត Long An) តែងតែកង្វល់អំពីការដែលគ្មានកន្លែងសម្រាប់រក្សាទុក និងគោរពបូជាវិញ្ញាណក្ខន្ធយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម (រួមមានកងទ័ព និងអ្នកជំនាញការ) មុនពេលធ្វើមាតុភូមិនិវត្តន៍វិញ។ ដោយយល់ពីអារម្មណ៍របស់កម្មាភិបាល និងយុទ្ធជននៃក្រុម K73 នោះ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានទុកដីមួយផ្នែកក្នុងបរិវេណជំរំ ដើម្បីសាងសង់អគារគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម។
![]() |
![]() |
![]() |
ពិធីបើកការដ្ឋានសាងសង់អគារគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៃកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា |
បន្ទាប់ពីត្រឡប់មកប្រទេសវៀតណាមប៉ុន្មានថ្ងៃមក លោកវរសេនីយ៍ឯកបំរុង Tran Chi Cong និងយុទ្ធមិត្ត បានធ្វើដំណើរនាពេលយប់ ដើម្បីត្រៀមសាងសង់អគារគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តបាត់ដំបង។ យប់ងងឹត ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យមនុស្សទាំងអស់ព្រួយបារម្ភពីការងារ។ ទោះជាយ៉ាងនេះក្តី ពេលទៅដល់កន្លែងសាងសង់ នាយទាហាន និងពលទាហាន នៃតំបន់ប្រតិបត្តិករសឹករងបាត់ដំបង មិនខ្លាចការលំបាកទេ ដោយបានជួយគាំទ្រលើគ្រប់ជ្រុងជ្រោយទាំងអស់។ ធ្វើការទាំងថ្ងៃត្រង់ ញើសស្រក់ពេញឯកសណ្ឋាន ប៉ុន្តែនាយទាហាន និងពលទាហាននៃតំបន់ប្រតិបត្តិករសឹករងបាត់ដំបង នៅតែប្រញាប់ប្រញាល់ឈូសឆាយដីជាបន្ទាន់ រៀបចំតង់ រៀបចំតុ និងកៅអី ដើម្បីពិធីបើការដ្ឋានសាងសង់បានប្រព្រឹត្តទៅដោយរលូន។
នៅក្នុងពិធីបើកការដ្ឋាននេះ មនុស្សគ្រប់ៗគ្នារំភើបចិត្តយ៉ាងខ្លាំង នៅពេលស្តាប់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ និយាយអំពីការលះបង់ដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការជួយសង្គ្រោះប្រទេសកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រូបភាពនៃកងទ័ពស្ម័គ្រចិត្តវៀតណាម គឺជានិមិត្តសញ្ញាដ៏ថ្លៃថ្នូនៃស្មារតីអន្តរជាតិដ៏ស្មោះត្រង់។ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាក់ថា "រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងមិនភ្លេចមនោសញ្ចេតនារបស់ប្រទេសវៀតណាមដែលផ្តល់ចំពោះប្រជាជនកម្ពុជាឡើយ។ កងទ័ពស្ម័គ្រចិត្តវៀតណាមបានពលីជីវិតនៅទឹកដីកម្ពុជាគឺដើម្បីធ្វើឲ្យរស់ឡើងវិញប្រជាជាតិមួយ និងដើម្បីធ្វើឲ្យប្រទេសកម្ពុជាមួយស្រស់ស្អាតដូចសព្វថ្ងៃនេះ។ ដូច្នេះហើយ យើងតែងតែសហការយ៉ាងសកម្មជាមួយក្រុម K71, K72, និង K73 នៅក្នុងតំបន់ នៃយោធភូមិភាគទី៥ ដើម្បីស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រវៀតណាម។ អគារគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម នឹងក្លាយជាកន្លែងសម្រាប់ការអប់រំប្រពៃណីសម្រាប់នាយទាហាន នាយទាហានរង ពលទាហាន នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា ឲ្យបានយល់ដឹងកាន់តែជ្រាលជ្រៅថែមទៀតអំពីមនោសញ្ចេតនា និងការលះបង់ដ៏ថ្លៃថ្លារបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម"។
ក្នុងបរិយាកាសដ៏ឱឡារិកនៃពិធីនេះ មនុស្សម្នាក់ៗបានអុជធូប គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម។ ទប់អារម្មណ៍មិនបាន ទឹកភ្នែករបស់ប្រតិភូម្នាក់ៗក៏ហូរចុះមក។ លោកវរសេនីយ៍ឯកបំរុង Tran Chi Cong ប្រធានក្រុម K73 និយាយយ៉ាងរំភើបចិត្តថា "បំណងប្រាថ្នារបស់កម្មាភិបាល និងយុទ្ធជននៃក្រុម K73 បានសម្រេចហើយ។ នៅក្នុងការស្វែងរក ប្រមូលអដ្ឋិធាតុនាលើកក្រោយ ក្រុម K73 មានកន្លែងធំទូលាយសម្រាប់គោរពបូជាយុទ្ធជនពលីហើយ"។
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា៖ “ការងារស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាម គឺជាការងារសំខាន់ណាស់ ដែលបង្ហាញពីការដឹងគុណរបស់បក្ស និងរដ្ឋាភិបាលវៀតណាម ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ពេលវេលាកន្លងផុតទៅ ហើយសណ្ឋានដី ភូមិសាស្រ្ត បានផ្លាស់ប្តូរយ៉ាងខ្លាំង សាក្សីក៏តិចជាងមុន ដូច្នេះការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនឹងជួបការលំបាកជាច្រើន។ យ៉ាងណាមិញ ការសាងសង់អគារគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តបាត់ដំបង ជាការងារដ៏មានអត្ថន័យ និងជាទង្វើដ៏ថ្លៃថ្លា។ អាស្រ័យហេតុនេះ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕
មតិពីមិត្តអ្នកអាន