នាព្រឹកថ្ងៃទី២៤ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
![]() |
![]() |
![]() |
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រី លោក ជំទាវម៉ែន សំអន |
ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្វាគមន៍ឧបនាយករដ្ឋមន្ត្រីកម្ពុជា ម៉ែន សំអន ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងតំណាងឱ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា; អបអរសាទរសមិទ្ធិផលសំខាន់ៗ ដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ការបើកចំហ និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានត្រឡប់មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមវិញ ហើយមានកិត្តិយសក្នុងការថ្លែងសុន្ទរកថាក្នុងនាមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ; អរគុណរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់ការស្វាគមន៍យ៉ាងគោរពដល់គណៈប្រតិភូកម្ពុជា។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន បានចែករំលែកការពេញចិត្តចំពោះការអភិវឌ្ឍនាពេលថ្មីៗនេះ នៃទំនាក់ទំនងមិត្តភាពជាអ្នកភូមិផងរបងជាមួយគ្នា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា ជាពិសេសភាគីទាំងពីរបានរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់។
ពាណិជ្ជកម្មទ្វេភាគីរក្សាសន្ទុះនៃការអភិវឌ្ឍន៍វិជ្ជមាន; វៀតណាមរក្សាជំហរឈានមុខគេក្នុងអាស៊ាន និងក្នុងក្រុម៥ប្រទេសដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ត្រូវបន្តលើកកម្ពស់។
ឧបនាយករដ្ឋមន្ត្រីទាំងពីររូបឯកភាពថា ភាគីទាំងពីរគួរតែសម្របសម្រួល ជំរុញ និងអនុវត្តន៍ឱ្យបានល្អនូវដំណើរទស្សនកិច្ចជាន់ខ្ពស់ និងសកម្មភាពសំខាន់ៗផ្សេងទៀតក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២”; លើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសក្នុងឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន ក៏អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងជួបជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung រួមទាំងជួបសំណេះសំណាលជាមួយប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh ផងដែរ៕
មតិពីមិត្តអ្នកអាន