សមិទ្ធិផលសំខាន់ៗដែលសម្រេចបាននៅក្នុងប្រទេសនីមួយៗ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពក្នុងអំឡុង ៥៥ ឆ្នាំកន្លងទៅគឺជាសារដ៏ច្បាស់លាស់ ជាក់លាក់ និងរស់រវើកបំផុតអំពីទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា។
![]() |
![]() |
![]() |
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២១ (រូបថត៖ baoquocte) |
កាលពី ៥៥ ឆ្នាំមុន (២៤ មិថុនា ១៩៦៧) វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ហើយថ្ងៃនេះបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បើកទំព័រថ្មីក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយចងភ្ជាប់ជោគវាសនានៃប្រទេសជិតខាងទាំងពីរ។
ទោះបីមានការឡើងចុះនៃប្រវត្តិសាស្ត្រ និងការប្រែប្រួលនៃសម័យកាលក៏ដោយ ក៏ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែស្អិតរមួត និងរឹងមាំ ដែលត្រូវបានពូនជ្រំ ថែរក្សាជានិច្ច ដោយជំនាន់ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។
រយៈពេល ៥៥ ឆ្នាំ វាមិនយូរប៉ុន្មានទេ បើធៀបនឹងប្រវត្តិសាស្ត្រដ៏យូរលង់នៃទំនាក់ទំនងរវាងប្រជាជនទាំងពីរ ប៉ុន្តែវាគឺជារយៈពេលដែលមានសារៈសំខាន់ពិសេសបំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នោះគឺជាសម័យកាលដែលប្រជាជនវៀតណាម និងប្រជាជនកម្ពុជាតែងតែប្រកៀកស្មាគ្នាក្នុងបុព្វហេតុរំដោះជាតិ និងរួមគ្នាកសាងប្រទេសមានសន្តិភាព ប្រជាជនមានសេចក្តីសុខ និងរីកចម្រើន។
ចំណងសាមគ្គីភាព ក្តីស្រលាញ់ និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជនទាំងពីរ គឺជាកម្លាំងចលករ និងកម្លាំងដ៏ខ្លាំងក្លាដើម្បីប្រទេសទាំងពីរប្រកៀកស្មាគ្នាយកឈ្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យប្រទេសកម្ពុជារស់ឡើងវិញ និងទំនាក់ទំនងនៃប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងដូចសព្វថ្ងៃនេះ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឲ្យដឹងថា កិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាព និងការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រាប់កម្ពុជា មានតម្លៃជាប្រវត្តិសាស្ត្រជារៀងរហូត ហើយគ្មានអ្វីអាចលុបចោលបានឡើយ។ ជំនួយរបស់វៀតណាមចំពោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមានសារៈសំខាន់ណាស់ ដែលរួមចំណែកក្នុងការផ្តួលរំលំរបបខ្មែរក្រហម និងកសាងប្រទេសកម្ពុជាឡើងវិញ។
សមិទ្ធិផលដែលវៀតណាម និងកម្ពុជាសម្រេចបានរួមគ្នាក្នុងអំឡុង ៥៥ ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាជ័យជំនះនៃការតស៊ូរំដោះជាតិប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញឱ្យឃើញក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យក្នុងការតស៊ូរំដោះជាតិ ការកសាង និងអភិវឌ្ឍន៍ប្រទេសទៀតផង។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បើទោះបីជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗក៏ដោយ ក៏ទំនាក់ទំនងវៀតណាម-កម្ពុជា ត្រូវបានជម្រុញដោយឥតឈប់ឈរ ប្រទេសទាំងពីរបានរួមដៃគ្នាទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព និងជួយគ្នាទៅវិញទៅមកតាមទម្រង់ជាច្រើន ទាំងខាងស្មារតី និងសម្ភារៈ។ ប្រទេសទាំងពីរតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធ ចែករំលែកព័ត៌មានទាន់ពេលវេលា និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ។
ជាមួយនឹងការរក្សា និងពូនជ្រំរបស់ប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-កម្ពុជានាបច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ក្រោមពាក្យស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង”។
![]() |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang បានអះអាងថា យើងបន្តជំរុញកិច្ចសហប្រតិបត្តិការរឹងមាំក្នុងវិស័យនយោបាយ ដើម្បីធានាបាននូវទិសដៅទាំងមូលក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ជម្រុញការអប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនជំនាន់ក្រោយអំពីតួនាទី សារៈសំខាន់ និងអត្ថន័យជាយុទ្ធសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជា ក៏ដូចជាអត្ថន័យរស់ស្លាប់នៃទំនាក់ទំនងនេះ តាមរយៈនោះ យើងបន្តពង្រឹង និងលើកកំពស់ការជឿទុកចិត្តផ្នែកនយោបាយ បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ការលើកកម្ពស់ និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងកិច្ចការបរទេស។ ទាំងនេះគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកថែរក្សាបរិស្ថានសម្រាប់ការអភិវឌ្ឍប្រទេសិជាត។ ហើយសំខាន់គឺជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើតកម្លាំងជំរុញថ្មី និងបង្កើតប្រភពធនធានដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។
ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី ដែលភ្ជាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងកម្ពុជាក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផលរបស់ប្រទេសនិមួយៗ ហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរបន្តពង្រីកនាពេលបច្ចុប្បន្ន និងអនាគត។ ទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែបានកំណត់យ៉ាងរឹងមាំក្នុងនិន្នាការនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយត្រូវបានរក្សា និងលើកកំពស់ដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ត្រូវបានយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់យ៉ាងច្បាស់លាស់ ហើយបន្តរីកចម្រើនថែមទៀត។
Sum So Phonl អតីតនិស្សិតនៃសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា៖ «ចំណងមិត្តភាពបានជួយប្រទេសយើងទាំងពីរឲ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ប្រទេសជិតខាងត្រូវជួយគាំទ្រគ្នាទៅវិញទៅមក ទើបមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ យុវជនដូចពួកយើងខ្ញុំនេះត្រូវមានទំនួលខុសត្រូវ ដើម្បីរក្សាទំនាក់ទំនងពិសេសនេះ”។
សមិទ្ធិផលសំខាន់ៗនៅក្នុងប្រទេសនីមួយៗ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក គឺជាសារដ៏ច្បាស់លាស់ ជាក់ស្តែង និងរស់រវើកបំផុតអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា៕
មតិពីមិត្តអ្នកអាន