អាជ្ញាធរជាតិអប្សរា បានជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
![]() |
អាជ្ញាធរប្រកាសពីការរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នៅពាក់កណ្ដាលខែធ្នូនេះ |
តាមសេចក្ដីជូនដំណឹងចេញផ្សាយថ្ងៃទី២ ខែធ្នូ អាជ្ញាធរជាតិអប្សរាជម្រាបដល់សាធារណជនថា ការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរនៅពាក់កណ្ដាលខែធ្នូនេះ ក្នុងបំណងដើម្បីចូលរួមអបអរសាទរខួបជិត៣០ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ តាមការអាជ្ញាធរជាតិអប្សរា ការចុះបញ្ជីអង្គរវត្តនេះ ជានិមិត្តរូបជាតិ វឌ្ឍនភាពជាតិ សាមគ្គីភាព និងសុខសន្ដិភាព។
ក្នុងន័យដើម្បីរំលឹកគុណដល់បុព្វបុរស និងបុព្វការីជនខ្មែរគ្រប់ជំនាន់ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីបុណ្យ រំលឹកគុណអង្គរ នៅក្នុងរមណីយដ្ឋានអង្គរ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ខាងលើនេះ នឹងមានការប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងការដាក់បាតព្រះសង្ឃនាព្រឹកថ្ងៃទី១៤ ខែធ្នូ និងមានការសម្ដែងល្ខោនស្បែកធំនាពេលរាត្រី និងការរៀបចំស្ដង់ពិព័រណ៍សមិទ្ធផល និងសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាបើកការទស្សនាការដ្ឋានជួសជុលនានាក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចូលទស្សនាផងដែរ។
ដោយឡែក មុនការប្រារព្ធពិធីនេះ ក៏មានការប្រារព្ធពិធីសាសនា និងការសម្ដែងសិល្បៈ ជាពិសេសការសម្ដែងល្ខោនបាសាក់ ឧបត្ថម្ភគាំទ្រដោយវិស័យឯកជន ពីថ្ងៃទី១២ ដល់ទី១៣ ខែធ្នូ នៅបរិវេណប្រាសាទភ្នំបាខែង និងទីលានជល់ដំរី ក្រុងអង្គរធំ៕
Khmertimes
មតិពីមិត្តអ្នកអាន