អង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ ខែឧសភានេះ ប្រារព្ធទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាព ដោយលើកឡើងពីតួនាទីរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព (Women in Peacekeeping, A Key to Peace)។ ក្នុងទិវានេះ លោកអង់តូនីញ៉ូ ហ្គូតែរ៉េស អគ្គលេខាUN បានថ្លែងការដឹងគុណ ផងដែរទៅដល់ទៅដល់កងរក្សាសន្តិសុខដែលជាយោធា នគរបាល និងមន្ត្រីស៊ីវិល ចំនួន៩ម៉ឺន៥ពាន់នាក់ដែលកំពុងចុះប្រតិបត្តិការ ក្នុងបេសកកម្មចំនួន១៣នៅជុំវិញពិភពលោក។
ស្ត្រីក្នុងកងកម្លាំងរក្សាសន្តិភាព។រូបភាព UN។
ក្រោមប្រធានបទ «ស្ត្រីក្នុងការរក្សាសន្តិភាព ជាគន្លឹះទៅកាន់សន្តិភាព» លោកហ្គូតែរ៉េស ប្រមុខUN បានលើកឡើងថា ស្ត្រីជាញឹកញាប់ បានចូលរួមច្រើនក្នុងសហគមន៍ដែលយើងបានបម្រើ ដោយនាំឲ្យយើងអាចពង្រឹងការការពារដល់ជនស៊ីវិល ផ្សព្វផ្សាយពីសិទ្ធមនុស្ស និងពង្រឹងការអនុវត្តប្រតិបត្តិការរបស់យើង។ ទោះជាស្ត្រីបានបំពេញតួនាទីសំខាន់យ៉ាងនេះក្តី លោកហ្គូតែរ៉េស បានកត់សម្គាល់ផងដែរថា ស្ត្រីតំណាងត្រឹមតែ៦%នៃមន្ត្រីយោធា នគរបាល យុត្តិធម៍ និងអប់រំកែតម្រូវ ក្នុងបេសកកម្មតាមទីវាល។ក្នុងទិវានេះ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ ក៏បានជូនរង្វាន់សសើរ Military Gender Advocate of the Year Award ដល់ស្ត្រីដែលបំរើការក្នុងបេសកកម្មរក្សាសន្តិសុខចំនួន២រូប ដោយបានទៅលោកស្រី Carla Monteiro de Castro Araujo សញ្ជាតិប្រេស៊ីលដែលកំពុងបម្រើការក្នុងបេសសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល(MINUSCA) និងលោកស្រី Suman Gawani សញ្ជាតិឥណ្ឌា ដែលកំពុងបំពេញបេសសកម្មនៅស៊ូដង់ខាងត្បូង(UNMISS)។
ស្ត្រីក្នុងកងកម្លាំងរក្សាសន្តិភាព។រូបភាព UN។
រង្វាន់ខាងលើនេះ ត្រូវបានប្រគល់ជូនដល់កងកម្លាំងថែរក្សាសន្តិភាពរូបណា ដែលបំពេញការងារក្នុងការផ្សព្វផ្សាយគោលការណ៍របស់សេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ លេខ១៣២៥ ស្តីពីស្ត្រី សន្តិភាព និងសុវត្ថិភាព។
«យើងត្រូវធ្វើការងារបន្ថែមទៀតដើម្បីឲ្យស្ត្រីអាចតំណាងដោយស្មើភាព នៅគ្រប់ផ្នែកទាំងអស់នៃសន្តិភាព និងសុវត្ថិភាព» នេះជាការសង្កត់បន្ថែមរបស់លោកហ្គូតែរ៉េស ក្នុងការរំលឹកខួបទី២០ឆ្នាំនៃការអនុម័តសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ លេខ១៣២៥ ស្តីពីស្ត្រី សន្តិភាព និងសុវត្ថិភាព។
បេសកកម្មរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨ ដើម្បីពិនិត្យមើលបទឈប់បាញ់រវាងអ៊ីស្រាអែល និងបណ្តារដ្ឋអារ៉ាប់។គិតមកដល់ពេលនេះ មានកងកំលាំងជាង១លាននាក់ ធ្លាប់បានបម្រើក្នុងបេសកកម្ម និងបាត់បង់ជីវិតចំនួន៣,៩០០នាក់ ក្នុងបេសកកម្មចំនួន៧២នៅទូទាំងពិភពលោក ៕
(ប្រភពព័ត៌មាន: thmeythmey.com)
មតិពីមិត្តអ្នកអាន