មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ២០ ម៉ឺនដូសជូនរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ដែលវ៉ាក់សាំងទាំងនេះនឹងធ្វើការប្រគល់ដល់មន្ត្រីនៃប្រទេសវៀតណាមនៅថ្ងៃទី ២៩ ខែតុលា ខាងមុខនេះ នៅព្រំដែនបាវិត-ម៉ុកបាយ ក្នុងខេត្តស្វាយរៀង។
![]() |
![]() |
![]() |
រាជរដ្ឋាភិបាលកម្ពុជាផ្ដល់វ៉ាក់សាំងកូវីដឱ្យរដ្ឋាភិបាលវៀតណាម ២០ ម៉ឺនដូស ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩។ រូបថត Cambodia Airways |
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃទី ២៦ ខែតុលាថា ការផ្តល់ជូននេះនឹងធ្វើឡើងក្រោមអធិបតីរបស់លោកស្រីផ្ទាល់ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រីបានថ្លែងថា៖ «ការរៀបចំពិធីប្រគល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមនឹងធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែតុលាខាងមុខនេះនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង»។
កាលពីពេលថ្មីៗកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងកូវីដ ១៩ ចំនួន ២០ ម៉ឺនដូស កាលពីចុងខែកញ្ញាកន្លងមកនេះ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែតុលាថា ការផ្តល់នេះជាការបង្ហាញនូវស្មារតីនៃការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ក្នុងស្ថានភាពអាសន្ន ថ្វីដ្បិតប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានវ៉ាក់សាំងសម្បូរបែបយ៉ាងណាក៏ដោយ។
លោកថ្លែងថា៖ «ទោះជាយ៉ាងណាប្រទេសយើងក៏មានលទ្ធភាពទិញ និងទទួលបានជំនួយវ៉ាក់សាំងច្រើនគួរសម ដែលអាចធ្វើឱ្យប្រទេសយើងអាចចែករំលែកទៅដល់ប្រទេសដែលកំពុងតែជួបបញ្ហា។ វាជាចំណុចមួយបង្ហាញពីការជួយគ្នាទៅវិញទៅមក»។
លោក គិន ភា បានបន្ថែមថា ការជួយទៅដល់ប្រទេសផ្សេងៗតាមរយៈការផ្តល់វ៉ាក់សាំងកូវីដ ១៩ នេះ សម្រាប់ប្រទេសកម្ពុជាមិនមែនជារឿងថ្មីទេ ប៉ុន្តែកន្លងមកកម្ពុជាបានជួយលើការងារសម្បុរសធម៌នេះច្រើនដែរ ក្នុងនោះក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់អ្នកដំណើរក្នុងនាវា Westerdam ដែលនេះជាបេះដូងមនុស្សធម៌របស់ថ្នាក់ដឹកនាំកម្ពុជា។
លោកបានប្រាប់ថា៖ «មួយវិញទៀត យើងអាចនិយាយបានថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការទូតសាធារណៈ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជាតាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ»។
គួររំឭកផងដែរថា នេះមិនមែនជាលើកទី ១ ដែលកម្ពុជាផ្តល់វ៉ាក់សាំងដល់ប្រទេសវៀតណាមនោះទេ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ធ្លាប់បានផ្តល់វ៉ាក់សាំង និងថវិកាមួយចំនួនដល់រដ្ឋាភិបាលវៀតណាមនាពេលកន្លងមកផងដែរ។
កម្ពុជាក៏ធ្លាប់បានផ្តល់វ៉ាក់សាំងកូវីដ ១៩ ថវិកា និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៅដល់ប្រទេសផ្សេងៗទៀតដែររួមមានប្រទេសមីយ៉ាន់ម៉ា ឡាវ ទីម័រ និងប្រទេសនេប៉ាល់ថែមទៀត៕
Postkhmer
មតិពីមិត្តអ្នកអាន