ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា ។ ក្នុងនោះ អំឡុងពេលដំណើរទស្សនកិច្ចមកកម្ពុជា ក៏ដូចជាប្រទេស ៣ ផ្សេងទៀតលោក វ៉ាង យី នឹងធ្វើការទំនាក់ទំនងយុទ្ធសាស្ត្រស៊ីជម្រៅ បង្កើនកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងជំរុញការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ។
![]() |
រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា ។ |
ប្រភពស្ថានទូតចិនបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ផាម ប៊ិញមិញ(Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី វៀតណាម និងឯកឧត្តម ប៊ូ ថាញ់ សន(Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម, ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឯកឧត្តម Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ឯកឧត្តមទីប្រឹក្សារដ្ឋ Wang Yi រដ្ឋមន្ត្រីការបរទេសចិននឹងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១០ដល់១៥ ខែកញ្ញា។ ឯកឧត្តម Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣នៃគណៈកម្មាធិការបញ្ជាការកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាមជាមួយឯកឧត្តម Pham Binh Minh។
ប្រភពស្ថានទូតបានបន្ថែមថា ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងសុទ្ធតែជាប្រទេសជិតខាងនិងជាដៃ គូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ប្រឈមមុខជាមួយជំងឺវីរុសកូវីដ១៩ចិននិងប្រទេសជិតខាងបានជួយគ្នាទៅវិញទៅមករួមសុខរួមទុក្ខជាមួយគ្នាបានបោះជំហានទៅមុខក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកលនិងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិនជូនចំពោះប្រទេសទាំងបួនក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសនៃការបំពេញទស្សនកិច្ច ឯកឧត្តម Wang Yi នឹងពិភាក្សាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិននិងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់និងផ្លូវ”និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួនជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈររួមគ្នាការពារពហុភាគីនិយមនិងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិបញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក៕
rasmeinews/kampucheathmey
មតិពីមិត្តអ្នកអាន