នាថ្ងៃទី ២៤ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo។
![]() |
![]() |
![]() |
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ដោយចាត់ទុកនេះជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចំបងក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ការពង្រឹង និងពង្រីកទំនាក់ទំនង វៀតណាម-ចិន ពិតជាមានសារៈសំខាន់ណាស់ចំពោះជោគជ័យរបស់ប្រទេសនីមួយៗ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់បន្ដថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាព ស្វ័យភាព ពហុភាគី និងចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ហើយជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្ដរជាតិ។ វៀតណាមមិនចងសម្ព័ន្ធមិត្តជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
នាពេលខាងមុខនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានបំណងចង់ឲ្យភាគីទាំងពីរពង្រឹងការជឿទុកចិត្តផ្នែកនយោបាយរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតាមរយៈបក្ស រដ្ឋ ការពារជាតិ សន្តិសុខ និងមូលដ្ឋាននានា។ ព្រមទាំងវៀតណាមរំពឹងថា ចិននឹងជួយបន្តផ្ដល់វ៉ាក់សាំងបន្ថែមទៀត និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺកូវីដ ១៩ ជូនវៀតណាម។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងដោះស្រាយបញ្ហានាំចូលលើសការនាំចេញរបស់វៀតណាម និងរំពឹងថា ចិននឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការចរាចរទំនិញវៀតណាមចូលកាន់ប្រទេសចិន មិនទុកឲ្យអាក់ខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញ និងបង្កើនការនាំចូលទំនិញពីវៀតណាមចូលកាន់ទីផ្សារចិន។
ទាក់ទងនឹងបញ្ហាសមុទ្រ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាព និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រក្នុងស្មារតីយោគយល់គ្នា និងតាមកិច្ចព្រមព្រៀងអំពីគោលការណ៍ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាសមុទ្រ និងគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ព្រមទាំងខិតខំប្រឹងប្រែងរួមជាមួយអាស៊ានអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចរចាដើម្បីបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។
លោកឯកអគ្គរដ្ឋទូត Xiong Bo បានបញ្ជាក់ថា បក្ស និងរដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយតាមរយៈជំនួបថ្នាក់ជាន់ខ្ពស់។ លោកឯកអគ្គរដ្ឋទូត Xiong Bo បានឱ្យដឹងថា បន្ទាប់ពីការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ លានដូសរួចមកនេះ ចិននឹងត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាបន្តគាំទ្រវ៉ាក់សាំងដល់វៀតណាមបន្ថែមទៀត។ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកឯកអគ្គរដ្ឋទូត Xiong Bo បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយបញ្ហានាំចូល និងនាំចេញ ព្រមទាំងពិចារណាលើការបើកទីផ្សារសម្រាប់ទំនិញមានគុណភាពខ្ពស់របស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Xiong Bo បានបញ្ជាក់ថា ចិនមានបំណងចង់រួមជាមួយវៀតណាមដោះស្រាយការខ្វែងគំនិតគ្នា និងដោះស្រាយយ៉ាងសមរម្យបញ្ហានៅសមុទ្រតាមការយោគយល់គ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន