ក្នុងឱកាសដែលប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្ដរសភាអាស៊ានលើកទី ៤២ (AIPA-42) លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានផ្ញើសារអបអរសាទរចំពោះ AIPA-42។ កាសែតកងទ័ពប្រជាជនសូមចុះផ្សាយសារអបអរសាទររបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ។
![]() |
![]() |
![]() |
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc (រូបថត៖ VGP) |
សូមគោរពជូនលោក Abdul Rahman Taib Pehin Orang Kaya Seri Lela ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេ ប្រធានមហាសន្និបាត AIPA-42 ។
តាងនាមរដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោកប្រធាន AIPA-42 និងប្រធានរដ្ឋសភាទាំងឡាយ រួមទាំងប្រធានគណៈប្រតិភូសភាចូលរួមមហាសន្និបាតអន្ដរសភាអាស៊ានលើកទី ៤២ ដែលរៀបចំដោយក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេតាមប្រព័ន្ធវីដេអូ។
មហាសន្និបាត AIPA-42 ត្រូវបានរៀបចំឡើងក្នុងបរិបទដែលពិភពលោកនិងតំបន់កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត Covid-19 ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅក្នុងបណ្ដាប្រទេស រួមទាំងបញ្ហាប្រឈមនានាដូចជាសន្ដិសុខប្រពៃណីនិងមិនមែនប្រពៃណីដែលគំរាមកំហែងដល់បរិយាកាសសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ ។ ជាងពេលណាៗទាំងអស់ អាស៊ានចាំបាច់ត្រូវបង្ហាញនូវចក្ខុវិស័យត្រឹមត្រូវ អត្តសញ្ញាណនៃសាមគ្គីភាព ការរួបរួមគ្នានិងការខិតខំប្រឹងប្រែងនៃសហគមន៍ដើម្បីជំនះរាល់ការលំបាក។
ដំណើរអភិវឌ្ឍនៃសហគមន៍អាស៊ានមិនអាចខ្វះតួនាទីដ៏សំខាន់របស់ប្រព័ន្ធនីតិប្បញ្ញត្តិដែលតំណាងដោយ AIPA និងបណ្ដាសភាជាសមាជិកឡើយ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដ៏រឹងមាំរបស់ AIPA ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ក៏ដូចជាការរួមចំណែកនិងការគាំទ្រយ៉ាងសកម្មរបស់បណ្ដាសភាជាសមាជិក AIPA ចំពោះរដ្ឋាភិបាលនៃប្រទេសអាស៊ាន សំដៅរក្សាបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព ហើយប្រកាន់យកប្រជាជនជាមជ្ឈភាព។
ក្នុងស្មារតីនោះ ខ្ញុំវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ឆ្នាំនេះ គឺ “ការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាក្នុងវិស័យឌីជីថលបរិយាប័ន្នដើម្បីឈានឆ្ពោះទៅរកសហគមន៍អាស៊ានឆ្នាំ ២០២៥”។ ប្រធានបទបានបង្ហាញពីភាពចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការសភាអាស៊ាន និងលើកកម្ពស់តួនាទីនៃប្រព័ន្ធនីតិបញ្ញត្តិរួមដំណើរជាមួយប្រព័ន្ធនីតិប្រតិបត្តិក្នុងការជំរុញការបំលែងឌីជីថលនិងកសាងខឿនសេដ្ឋកិច្ចឌីជីថល បង្រួមគម្លាតឌីជីថលនិងវិសមភាពឌីជីថលដើម្បីឆ្ពោះទៅរកឌីជីថលបរិយាប័ន្ននៅក្នុងសហគមន៍អាស៊ាន ។
ក្នុងដំណាក់កាលលំបាកនិងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ ខ្ញុំសូមសង្កត់ធ្ងន់លើសារសំខាន់នៃប្រព័ន្ធនីតិប្បញ្ញត្តិនៃបណ្តាប្រទេសអាស៊ាន តាមរយៈ AIPA និងបណ្ដាសភាជាសមាជិកដូចជាសសរស្ដម្ភមួយដែលជួយបណ្ដាប្រទេសពង្រឹងកម្លាំងរួមរបស់អាស៊ានយកឈ្នះខ្យល់ព្យុះ និងបន្តអនុវត្តគោលដៅកសាងសហគមន៍ប្រកបដោយជោគជ័យ។
ដោយមានជំនឿនោះ ខ្ញុំសូមបញ្ជាក់ថា វៀតណាមសន្យាក្នុងការបន្តចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគីទាំងក្នុងទិដ្ឋភាពនីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ។ ខ្ញុំជឿជាក់ថា រដ្ឋសភាវៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ AIPA និងការរីកចម្រើននៃសហគមន៍អាស៊ានដែលជាដំបូលផ្ទះតែមួយរបស់ប្រជាពលរដ្ឋចំនួនជាង ៦៥០ លាននាក់ នៅក្នុងតំបន់របស់យើង។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមអធិបតីភាពរបស់លោកប្រធាន AIPA ការត្រៀមរៀបចំយ៉ាងហ្មត់ចត់នៃក្រុមប្រឹក្សានីតិប្បញ្ញត្ដិព្រុយណេ រួមជាមួយការសម្របសម្រួលយ៉ាងជិតស្និទ្ធពីបណ្ដាសភាជាសមាជិក AIPA លេខាធិការដ្ឋាន AIPA និងមហាសន្និបាត AIPA លើកទី ៤២ នឹងទទួលបានជោគជ័យ ។
ជាថ្មីម្តងទៀត សូមលោកប្រធាន AIPA-42 និងអង្គមហាសន្និបាត AIPA-42 ទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ!៕
មតិពីមិត្តអ្នកអាន