ក្នុងឱកាសដែលការិយាល័យនយោបាយប្រកាសសេចក្តីសន្និដ្ឋានលេខ ១២-KL/TW ស្តីពីការងារជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងស្ថានភាពថ្មី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានអំពីការសន្និដ្ឋាននេះ។
![]() |
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន |
អ្នកយកព័ត៌មាន៖ តើអត្ថន័យសំខាន់ៗនៃសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការងារជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងស្ថានភាពថ្មីយ៉ាងដូចម្តេចលោករដ្ឋមន្រ្តី?
លោក រដ្ឋមន្ត្រី Bui Thanh Son៖ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន និងជាធនធានដ៏សំខាន់មួយរបស់សហគមន៍ជនជាតិវៀតណាមទាំងមូល។ ជាមួយនឹងការអនុវត្តយ៉ាងត្រឹមត្រូវនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ សហគមន៍ជនជាតិវៀតណាម នៅក្រៅប្រទេសដោយមានប្រជាជនប្រមាណ ៥.៣ លាននាក់នៅជាង ១៣០ ប្រទេស និងតំបន់ដែនដីនោះមានជីវភាពរស់នៅកាន់តែមានស្ថិរភាព ការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម និងរួមចំណែកយ៉ាងសំខាន់ៗក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ។
មហាសន្និបាតបក្សលើកទី ១៣ បានកំណត់ភារកិច្ច “អនុវត្តឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងខ្លាំងក្លានូវការងារជនជាតិវៀតណាមនៅក្រៅប្រទេស” ជួយជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងការពង្រឹងឋានៈស្របច្បាប់ឱ្យបានរឹងមាំ មានការអភិវឌ្ឍ និងធ្វើសមាហរណកម្មទៅក្នុងសង្គមនៃប្រទេសសាម៉ីខ្លួនឯង ព្រមទាំងរួមចំណែកយ៉ាងសកម្មចូលក្នុងការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។
ដូច្នេះផ្អែកលើការវាយតម្លៃលទ្ធផល ៥ ឆ្នាំនៃការអនុវត្តនូវសារាចរណែនាំលេខ ៤៥ នៃការិយាល័យនយោបាយស្តីពីការបន្តពន្លឿនការអនុវត្តនូវសេចក្តីសម្រេចលេខ ៣៦ របស់ការិយាល័យនយោបាយអាណត្តិទី ៩ ស្តីពីការងារជនជាតិវៀតណាមនៅក្រៅប្រទេស បានជាការិយាល័យនយោបាយទើបតែចេញនូវសេចក្តីសន្និដ្ឋានលេខ ១២ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ស្តីពីការងារជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងស្ថានភាពថ្មី។ សេចក្តីសន្និដ្ឋាននេះមានសារៈសំខាន់យ៉ាងខ្លាំងណាស់ដូចជា៖
ទីមួយបន្តបញ្ជាក់ពីគោលការណ៍ណែនាំ និងគោលនយោបាយដាច់ណាត់ ត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម អំពីការពង្រឹងមហាសាមគ្គីភាពជាតិដែលក្នុងនោះសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយមិនអាចបំបែកបាននៃសហគមន៍ប្រទេសជាតិវៀតណាមទាំងមូល។
ទីពីរ លើកកម្ពស់ការអនុវត្តការងារជនជាតិវៀតណាមនៅក្រៅប្រទេសឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងខ្លាំងក្លាក្នុងស្មារតីនៃសេចក្តីសម្រេចរបស់មហាសន្និបាតជាតិលើកទី ១៣ អាស្រ័យហេតុនោះផ្តោតលើការជួយគាំទ្រជនជាតិវៀតណាមនៅក្រៅប្រទេសឱ្យមានឋានៈស្របច្បាប់ មានការអភិវឌ្ឍ និងធ្វើសមាហរណកម្មទៅក្នុងសង្គមរបស់ប្រទេសសាម៉ី ជួយជនជាតិវៀតណាមនៅក្រៅប្រទេសបន្តលើកតម្កើងមោទនភាពជាតិ និងឆ្ពោះទៅរកមាតុភូមិ ព្រមទាំងមានគោលនយោបាយសមស្របសម្រាប់ជនរួមជាតិ រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី។
ទីបីបន្តបង្ហាញយ៉ាងច្បាស់នូវការស្រឡាញ់ និងការទទួលខុសត្រូវរបស់បក្ស និងរដ្ឋ ក្នុងការថែទាំសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស បំពេញបានតាមសេចក្តីប្រាថ្នាស្របច្បាប់ លើកទឹកចិត្តជនរួមជាតិឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីក្រោកឡើង លើកកម្ពស់សក្តានុពលដ៏ធំធេង និងឆ្ពោះទៅមាតុភូមិ និងប្រទេសជាតិ។
អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីអាចចែករំលែកអំពីការរួមចំណែករបស់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសចំពោះការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ក្នុងរយៈពេលកន្លងមកបានទេ?
លោករដ្ឋមន្ត្រី Bui Thanh Son៖ ចាប់តាំងពីជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងនៅលើពិភពលោកចាប់ពីដើមឆ្នាំ ២០២០ ទោះបីជាក្នុងប្រទេសនៅតែជួបការលំបាកជាច្រើនក៏ដោយ ក៏បក្ស និងរដ្ឋ របស់យើងនៅតែចាប់អារម្មណ៍យ៉ាងខ្លាំងដល់សហគមន៍ជនជាតិវៀតណាមនៅបរទេស។ រដ្ឋាភិបាលបានអនុវត្តនូវគោលនយោបាយ និងវិធានការជាច្រើនដើម្បីការពារប្រជាពលរដ្ឋ អនុវត្តការគាំទ្រ និងការលើកទឹកចិត្តជនរួមជាតិឱ្យអនុវត្តតាមរាល់វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃប្រទេសសាម៉ីដើម្បីជម្នះការលំបាកពីការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ក្រសួងការបរទេស និងទីភ្នាក់ងារតំណាងវៀតណាមនៅក្រៅប្រទេសបានចលនាយ៉ាងសកម្មដល់អាជ្ញាធរដែនដីនៃប្រទេសសាម៉ីឱ្យយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត។
ទោះបីជាមានការលំបាកជាច្រើន និងប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ បងប្អូនជនរួមជាតិវៀតណាមនៅក្រៅប្រទេសបានរួបរួមគ្នា ចែករំលែកជាមួយជនរួមជាតិនៅក្នុងប្រទេស ចូលរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19។
រហូតមកដល់ពេលនេះ ជនជាតិវៀតណាមនៅក្រៅប្រទេសបរិច្ចាគថវិកាបានជាង ៥០ ពាន់លានដុង រួមជាមួយឧបករណ៍ និងសម្ភារៈវេជ្ជសាស្ត្រជាច្រើនដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំង និងបង្ការ គ្រប់គ្រងជំងឺរាតត្បាតនៅក្នុងប្រទេស។ អាណិកជនវៀតណាមជាច្រើនបានសហការយ៉ាងសកម្មក្នុងការផ្ទេរបច្ចេកវិទ្យាដើម្បីស្រាវជ្រាវ និងធ្វើតេស្តវ៉ាក់សាំង ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងគ្រប់គ្រងការរាតត្បាតជាមួយប្រទេសជាតិ។ លើសពីនេះទៅទៀត អាណិកជនវៀតណាមនៅប្រទេសជាច្រើនក៏បានសហការយ៉ាងសកម្មជាមួយទីភ្នាក់ងារតំណាងវៀតណាមនៅក្រៅប្រទេសដើម្បីដាក់ពង្រាយការទូតវ៉ាក់សាំង ចលនាប្រទេសសាម៉ីដើម្បីគាំទ្រវ៉ាក់សាំង និងផលិតផលវេជ្ជសាស្ត្រសម្រាប់វៀតណាមទៀតផង។
អាចនិយាយបានថា តាមរយៈការលើកកម្ពស់ស្នេហាជាតិ និងប្រពៃណីល្អរបស់ជាតិក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាល Covid-19 នោះ ជនរួមជាតិរបស់យើងនៅក្រៅប្រទេសបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងផែនមហាសាមគ្គីភាពជាតិដ៏ធំធេង លើកកំពស់មុខមាត់ និងកិត្យានុភាពរបស់ប្រទេស និងឋានៈរបស់សហគមន៍វៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ។
បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេសតែងតែកោតសរសើរ វាយតំលៃខ្ពស់ចំពោះទឹកចិត្ត ការគាំទ្រ និងការចែករំលែកដ៏ថ្លៃថ្លារបស់ជនរួមជាតិដែលនៅឆ្ងាយពីមាតុភូមិចំពោះប្រទេសជាតិ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅតែមានការលំបាកជាច្រើនក្តី ដូច្នេះយើងខ្ញុំសង្ឃឹមថា ជនរួមជាតិរបស់យើងនៅក្រៅប្រទេសបន្តគាំទ្រនូវគោលការណ៍ណែនាំ គោលនយោបាយ និងការអំពាវនាវរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រកៀកស្មាជាមួយប្រជាជនក្នុងប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 រួមគ្នាដើម្បីប្រទេសវៀតណាមប្រកបដោយវិបុលភាព និងសុខសាន្ត។
អ្នកយកព័ត៌មាន៖ អរគុណច្រើនលោករដ្ឋមន្ត្រី!
មតិពីមិត្តអ្នកអាន