នៅថ្ងៃទី ២ ខែសីហា ក្នុងកិច្ចប្រជុំការងារតាមប្រព័ន្ធវីដេអូជាមួយអ្នកវិទ្យាសាស្ត្រស្តីពីការស្រាវជ្រាវនិងផលិតវ៉ាក់សាំង Nano Covax លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Tran Van Thuan អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមនិងប្រធានក្រុមការងារពិសេសស្តីពីការស្រាវជ្រាវពិសោធន៍វ៉ាក់សាំង Covid-19 បានស្នើឲ្យក្រុមហ៊ុនភាគហ៊ុនជីវបច្ចេកវិទ្យាឱសថ Nanogen (ហៅកាត់ថា ក្រុមហ៊ុន Nanogen) បញ្ជូនរបាយការណ៍ស្តីពីទិន្នន័យស្រាវជ្រាវមកក្រសួងសុខាភិបាលមុនថ្ងៃទី ១៥ ខែសីហា។ តាមរយៈនោះ ក្រសួងសុខាភិបាលមានទិន្នន័យដាក់ជូនទៅក្រុមប្រឹក្សាក្រមសីលធម៌និងក្រុមប្រឹក្សាផ្ដល់អាជ្ញាប័ណ្ណរបស់ក្រសួងសុខាភិបាលដើម្បីពិចារណាផ្តល់អាជ្ញាប័ណ្ណក្នុងគ្រាអាសន្ន។
![]() |
![]() |
យោងតាមរាយការណ៍នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រុមហ៊ុន Nanogen បានឲ្យដឹងថា បច្ចុប្បន្ន ការធ្វើតេស្តវ៉ាក់សាំង Nano Covax បានមានលទ្ធផលវិជ្ជមាន ដោយមានមនុស្សប្រហែល ១៣,០០០ នាក់ ត្រូវបានចាក់វ៉ាក់សាំងដែលក្នុងនោះកំពុងធ្វើតេស្ដដំណាក់កាលទី ៣ ហើយមិនមានករណីប្រតិកម្មធ្ងន់ធ្ងរនោះទេ គ្រាន់តែគ្រុនស្រាលបន្តិច។
![]() |
លោក Tran Van Thuan ធ្វើការជាមួយក្រុមហ៊ុន Nanogen (រូបថត៖ ក្រសួងសុខាភិបាលវៀតណាម) |
បន្ទាប់ពីស្តាប់របាយការណ៍របស់អ្នកឯកទេស លោកអនុរដ្ឋមន្រ្តី Tran Van Thuan បានបញ្ជាក់ថា ក្រសួងសុខាភិបាលតែងតែគាំទ្រនិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ក្រុមហ៊ុននិងបុគ្គលដែលចូលរួមក្នុងដំណើរការផលិតវ៉ាក់សាំង Covid-19 ដូច្នេះ ក្រសួងសុខាភិបាលបានប្រមូលអ្នកវិទ្យាសាស្ត្រឈានមុខគេជាច្រើនរបស់ប្រទេសចូលរួមវាយតម្លៃនិងស្រាវជ្រាវ។ ក្រសួងសុខាភិបាលសង្ឃឹមថានឹងមានវ៉ាក់សាំងផលិតនៅក្នុងស្រុកដើម្បីការពារសុខភាពប្រជាជន និងកាត់បន្ថយការពឹងផ្អែកលើវ៉ាក់សាំងនាំចូល។
ទាក់ទងនឹងបញ្ហាផ្តល់អាជ្ញាប័ណ្ណប្រើវ៉ាក់សាំងក្នុងគ្រាអាសន្ន លោក Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាមបានឲ្យដឹងថា “នៅក្នុងគ្រាអាសន្នដូចជាជំងឺរាតត្បាត Covid-19 ប្រទេសមួយអាចសម្រេចចិត្តលើការផ្ដល់អាជ្ញាប័ណ្ណដែលថានេះជាករណីពិសេសដើម្បីផ្ដល់អាជ្ញាប័ណ្ណប្រើវ៉ាក់សាំងជាបន្ទាន់។ សម្រាប់វ៉ាក់សាំងថ្មីនោះ ចាំបាច់ត្រូវពិចារណានិងវាយតម្លៃយ៉ាងហ្មត់ចត់អំពីប្រសិទ្ធភាពសុវត្ថិភាពនិងគុណភាព” ។
យោងតាមព័ត៌មានដែលយើងបានដឹងថា អង្គការ និងអាជីវកម្មប្រហែល ៣០ មកពីប្រទេសជាច្រើនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យានិងចែកចាយវ៉ាក់សាំង Nano Covax៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន