វ៉ាក់សាំងការពារ Covid-19 ជាង ៣ លានដូសដែលឧបត្ថម្ភដោយអាមេរិក ត្រូវបានបញ្ជូនទៅវៀតណាមនៅថ្ងៃទី ២៤ ខែកក្កដា។ ក្នុងឱកាសនេះ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម បានជួបសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិក លោក Ha Kim Ngoc។
![]() |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិក លោក Ha Kim Ngoc (រូបថត៖ vov.vn) |
អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្ដេចចំពោះចំនួនវ៉ាក់សាំងការពារ Covid-19 លើកទី ២ ដែលបានបញ្ជូនទៅឲ្យវៀតណាមតាមរយៈយន្តការ COVAX ក្រោមការជួយឧបត្ថម្ភដោយអាមេរិក?
លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc៖ ដូចដែលយើងបានដឹងហើយថា កាលពីថ្ងៃទី ១០ ខែកក្កដា រដ្ឋាភិបាលអាមេរិកបានផ្តល់វ៉ាក់សាំង Moderna ចំនួន ២ លានដូសដំបូងដើម្បីឧបត្ថម្ភដល់វៀតណាមតាមរយៈកម្មវិធី COVAX។ ក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅវៀតណាម រដ្ឋាភិបាលអាមេរិកបានសំរេចចិត្តបន្តផ្តល់វ៉ាក់សាំង Moderna ជាង ៣ លានដូសបន្ថែមទៀតជូនវៀតណាម ហើយចំនួនវ៉ាក់សាំងលើកទី ២ នេះទើបតែបានបញ្ជូនមកកាន់វៀតណាមកាលពីថ្ងៃទី ២៤ ខែកក្កដា។ មកទល់បច្ចុប្បន្ននេះ អាមេរិកបានឧបត្ថម្ភវ៉ាក់សាំងចំនួន ៥ លានដូសដល់វៀតណាមហើយ ក្នុងចំណោមចំនួនសរុប ២៣ លានដូសសំរាប់ប្រទេស និងដែនដីចំនួន ២០ នៅអាស៊ី។ ភាគីអាមេរិកក៏បានឲ្យដឹងថា អាមេរិកកំពុងពិចារណាផ្ដល់ជំនួយបន្ថែមទៀតដល់វៀតណាមនាពេលខាងមុខ។ នេះគឺជាការចែករំលែកទាន់ពេលវេលា និងមានអត្ថន័យសម្រាប់វៀតណាម។
បច្ចុប្បន្ននេះ តំរូវការរបស់ប្រទេសនានាសំរាប់ប្រភពវ៉ាក់សាំងពីអាមេរិកគឺមានសម្បើមណាស់។ អាមេរិកកំពុងដាក់ពង្រាយជំនួយដល់ប្រទេស និងដែនដីចំនួនជិត ៥០ នៅលើពិភពលោក។ ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងនេះដល់ដៃគូរបស់ខ្លួនឱ្យបានឆាប់បំផុត ភាគីអាមេរិកបានជ្រើសរើសបណ្តាញចែកចាយជាផ្លូវការតាមរយៈយន្តការ COVAX ដូចដែលអាមេរិកបាន និងកំពុងធ្វើជាមួយវៀតណាម។
អ្នកយកព័ត៌មាន៖ យោងតាមលោកឯកអគ្គរដ្ឋទូត តើមានអ្វីខ្លះដែលគួរចាប់អារម្មណ៍នៅពេលដែលស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យពីអាមេរិក សម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19?
លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc៖ ក្នុងការអនុវត្តជាបន្ទាន់ និងយ៉ាងប្តូរផ្តាច់នូវការស្វែងរកប្រភពវ៉ាក់សាំង ក៏ដូចជាសម្ភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ស្ថានទូតវៀតណាមប្រចាំអាមេរិកបានទទួលការយកចិត្តទុកដាក់ ការបញ្ជារណែនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងការបរទេស ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានាក្នុងស្រុក។ យើងក៏ទទួលបានការគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីសហគមន៍ធុរកិច្ចអាមេរិកនៅវៀតណាម។ បុគ្គល និងអង្គការវៀតណាមជាច្រើននៅអាមេរិកក៏បានខិតខំប្រឹងប្រែង ក្នុងការជំរុញការទទួលប្រភពវ៉ាក់សាំង ថ្នាំព្យាបាល និងសម្ភារៈបរិក្ខារពេទ្យរបស់ប្រទេសសាមី។
ស្តីពីការគ្រប់គ្រង និងចែកចាយវ៉ាក់សាំង ភាគីអាមេរិកចាត់ទុកវ៉ាក់សាំងគឺជាបញ្ហាសន្តិសុខជាតិ ដូច្នេះវ៉ាក់សាំងត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងពីផលិតកម្ម និងការចែកចាយនៅអាមេរិក ក៏ដូចជាការផ្គត់ផ្គង់ទៅប្រទេសដទៃទៀត។ ក្នុងរយៈពេលកន្លងមក ស្ថានទូតវៀតណាមបានកៀរគរប្រភពផ្គត់ផ្គង់វ៉ាក់សាំងជាច្រើន រួមទាំងប្រភពមកពីរដ្ឋ និងមូលដ្ឋានដទៃទៀត សប្បុរសជន សមាគម ក្រុមហ៊ុនឈ្មួញជើងសា និងបុគ្គលដែលពាក់ព័ន្ធនានា។ល។ ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះ គ្មានប្រភពណាមួយដែលពោលខាងលើនាំមកនូវលទ្ធផលឡើយ។
មូលហេតុគឺដោយសារតែគោលនយោបាយគ្រប់គ្រងដោយឯកភាពរបស់អាមេរិក ដែលខ្ញុំលើកឡើងមិនបានការអនុញ្ញាតឱ្យទាក់ទងដោយផ្ទាល់ជាមួយដៃគូបរទេសទេ ទោះបីពួកគេមានវ៉ាក់សាំងជាច្រើនក៏ដោយ។ រាល់ការផ្គត់ផ្គង់វ៉ាក់សាំងទាំងអស់ទៅប្រទេសនានា ត្រូវតែឆ្លងកាត់ចំនុចប្រសព្វតែមួយគឺក្រសួងការបរទេសអាមេរិក។
ស្តីពីសម្ភារៈបរិក្ខារពេទ្យ និងថ្នាំព្យាបាល ស្ថានទូតវៀតណាមកំពុងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ព្រមទាំងអំពាវនាវឲ្យសហគមន៍ធុរកិច្ចអាមេរិក និងសមាគមអាណិកជនវៀតណាមនៅអាមេរិកខិតខំប្រឹងប្រែងកៀរគរ និងទទួលបានការផ្គត់ផ្គង់។ នៅពេលខាងមុខ ភាគីអាមេរិកកំពុងពិភាក្សាជាបន្ទាន់ជាមួយដៃគូវៀតណាមដើម្បីបញ្ចប់នីតិវិធីក្នុងការដឹកជញ្ជូនទៅកាន់វៀតណាមនូវឧបករណ៍ធ្វើតេស្តរហ័ស CUE COVID-19 និងឧបករណ៍ត្រជាក់ផ្ទុកវ៉ាក់សាំងចំនួន ៧៥ គ្រឿង។
អ្នកយកព័ត៌មាន៖ សូមថ្លែងអរគុណលោកឯកអគ្គរដ្ឋទូត!
មតិពីមិត្តអ្នកអាន