Trending now

ពលរដ្ឋ​អ៊ីតាលី​ច្រៀង​រាំ​​តាម​បង្អួច​រាន​ហាល សម្រាល​ភាព​តានតឹង​នៃ​ជំងឺ​ឆ្លង​

10:52 | 18/03/2020 (ហេង វុធ្ធី)

ពលរដ្ឋ​អ៊ីតាលី ដែល​កំពុង​​សម្ងំ​ក្នុង​ផ្ទះ​ ក្រោម​​បម្រាម​​ដើរ​ហើរ​​​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​វីរុស​កូរ៉ូណា​បាន​បង្វែរ​ភាព​ភ័យ​ខ្លាច​ ដោយ​​ការ​​អើត​​​តាម​បង្អួច និង​ខ្លះ​ឈរ​រាំ​ច្រៀង​នៅ​រាន​ហាល​មុខ​ផ្ទះ​យ៉ាង​ស្រុះ​គ្នា។ សកម្មភាព​សប្បាយ​រំសាយ​ទុក្ខ​​ធំ​​របស់​ពួក​គេ​ត្រូវ​បាន​ថត​វីដេអូ នឹង​មាន​ចំនួន​ទស្សនា​រាប់​សិប​ពាន់​ដង​​លើ​អនឡាញ។

ប្រជាជន​អ៊ីតាលីខ្លះ​​យក​រានហាល ជាទី​​ច្រៀងរាំ​រំសាយអារម្មណ៍តានតឹង​ (រូបថត AFP)

ចាប់​តាំង​ពី​សប្ដាហ៍​មុន រដ្ឋាភិបាល​អ៊ីតាលី​បាន​កម្រិត​ការ​ដើរ​ហើរ​​របស់​ពលរដ្ឋ ដោយ​អនុញ្ញាត​ឲ្យ​​​ចេញ​ក្រៅ​ផ្ទះ​តែ​ក្នុង​​ករណី​ចាំបាច់​​ប៉ុណ្ណោះ។ ខណៈ​ព្រឹត្តិការណ៍​ទាំង​អស់​ត្រូវ​បាន​ផ្អាក ហើយ​អាជីកម្ម​ជា​ច្រើន​បាន​បិទ​ទ្វារ តារា​សិល្បៈ​​នៅ​អ៊ីតាលី​​នាំ​គ្នា​សម្ដែង​តាម​អនឡាញ ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ដល់​ទស្សនិកជន​នៅ​ផ្ទះ។

ទំនោរ​នេះ​ត្រូវ​បាន​​យក​ទៅ​អនុវត្ត​បន្ត ដោយ​ពលរដ្ឋ​​នៅ​តាម​ផ្ទះ​​មួយ​ចំនួន​បាន​យក​មាត់​បង្អួច ធ្វើ​ជា​ទី​រាំ​ច្រៀង​​​កម្សាន្ត​​បន្ធូរ​អារម្មណ៍​។ វីដេអូ​មួយ​ដែល​ត្រូវ​បាន​ថត​នៅ​ក្រុង​ Tuscan មាន​ចំនួន​ទស្សនា​តាម​បណ្ដាញ​ ​Twitter ជិត ​១ ​លាន​ដង។ ពលរដ្ឋ​ខ្លះ​នាំ​គ្នា​ច្រៀង​បទ​ប្រពៃណី Canto della Verbena បង្ហើរ​សំនៀង​តាម​មាត់​បង្អួច ដោយ​មាន​អ្នក​ជិត​ខាង​ច្រៀង​បន្ទរ​​ស្រុះ​គ្នា។

ប្រជាជន​អ៊ីតាលីខ្លះ​​យក​រានហាល ជាទី​​ច្រៀងរាំ​រំសាយអារម្មណ៍តានតឹង​ (រូបថត AFP)

រីឯ​តារា​ចម្រៀង​អ៊ីតាលី Andrea Sannino បាន​បង្ហោះ​កម្រង​វីដេអូ​​ពលរដ្ឋ​អ៊ីតាលី​នៅ​ទីក្រុង​​ភាគ​ខាង​ត្បូង Naples ជា​ស្រុក​កំណើត​របស់​លោក ដោយ​សរសេរ​ថា៖ «ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ប្រាប់​កូន​ចៅ​របស់​ខ្ញុំ​ថា យើង​ធ្លាប់​ឆ្លង​វេលា​នេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ជោរជន់»។

វីដេអូ​មួយ​ទៀត​ដែល​ត្រូវ​បាន​ថត​នៅ​​អគារ​អាផាតមិន​ទីក្រុង​ភាគ​ខាង​ជើង Turin បាន​បង្ហាញ​សកម្មភាព​ប្រជាជន​អ៊ីតាលី​ឈរ​នៅ​រានហាល​មុខ​ផ្ទះ ហើយ​​នាំគ្នា​ច្រៀង​រាំ​យ៉ាង​រន្ថាន់​តាម​បទ​អេស្ប៉ាញ​​ដ៏​ល្បីល្បាញ ម៉ាការ៉េណ យ៉ាង​ស្រុះ​គ្នា​តែ​ម្ដង។ ពលរដ្ឋ​មួយ​ចំនួន​មាន​ចង​ទង់ជាតិ​អ៊ីតាលី និង​ខ្លះ​ទៀត​អម​ដោយ​គំនូរ ព្រម​ទាំង​សំណេរ​កូន​ក្មេង​សិស្ស​សាលា ដែល​តម្រូវ​ឲ្យ​នៅ​ផ្ទះ​ ខណៈ​បណ្ដា​សាលា​រៀន​​នានា​បិទ​ទ្វារ។ គិត​ត្រឹម​ចុង​សប្ដាហ៍ ប្រទេស ​អ៊ីតាលី ​មាន​ករណី​ឆ្លង​ជាង ២៤ ០០០ និង​ចំនួន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ប្រមាណ​ ១ ៨០០ នាក់៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: postkhmer.com)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី