នារសៀលថ្ងៃទី ១១ ឧសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ។
![]() |
![]() |
![]() |
លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ vnanet.vn) |
នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរវិធានការជាក់លាក់ជាច្រើនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងឯកភាពថាក្រសួង និងស្ថាប័ននានានៃប្រទេសទាំងពីរគួរតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ ជាពិសេសការថែរក្សាយន្តការផ្លាស់ប្តូរ ការជម្រុញគម្រោងសំខាន់ៗ និងការតំរង់ទិសជាអាទិភាពលើវិស័យនានា ដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត វិស័យសន្តិសុខការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល ការដឹកជញ្ជូន អាវកាស និងអាកាសចរណ៍ បរិស្ថាន វប្បធម៌ ការអប់រំបណ្តុះបណ្តាល ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្នើឱ្យប្រធានាធិបតី E.Macron ជួយគាំទ្រ និងជួយសម្រួលដល់សហគមន៍វៀតណាមនៅបារាំង ដែលជួយឲ្យជីវភាពរស់នៅរបស់ពួកគេមានស្ថិរភាព និងធានាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះបារាំងដែលបានជួយគាំទ្រជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ជាពិសេសការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ព្រមទាំងសង្ឃឹមថារដ្ឋសភាបារាំងនឹងសម្រេចការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - អ៊ីអ៊ែរ (EVIPA) ក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាម និងសហភាពអឺរ៉ុប និងស្នើឱ្យភាគីទាំងពីររួមគ្នាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មបារាំង និងវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ។
លោកប្រធានាធិបតី E. Macron វាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសការដែលវៀតណាមសម្រេចបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២០ ហើយកំពុងបន្តបំពេញតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ន។ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានាធិបតី E. Macron បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួរតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរឹតបន្តឹងថែមទៀតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបារាំងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកដែលកំពុងលេចចេញ ជាពិសេសក្នុងការជម្រុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ក៏ដូចជាការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ធានានូវការគោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
*នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide។
ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរ និងការជួបជុំគ្នានៅគ្រប់លំដាប់ថ្នាក់ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទាំងឡាយ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ពង្រឹងការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរលើការវិនិយោគ និងពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការងារ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៣។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ក្នុងបរិបទដែលវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន - ជប៉ុនក្នុងដំណាក់កាលឆ្នាំ ២០១៨-២០២១ នោះ ប្រទេសទាំងពីរចាំបាច់ត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងអាស៊ាន ហើយនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ - ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន