យុគសម័យ - នាថ្ងៃទី១១ ខែមេសារ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពី កាតព្វកិច្ចក្នុងការទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលតម្រូវឲ្យបុគ្គលគ្រប់រូបត្រូវតែមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។
![]() |
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យមួយស្ដីពី កាតព្វកិច្ចក្នុងការទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលតម្រូវឲ្យបុគ្គលគ្រប់រូបត្រូវតែមកទទួលការចាក់វ៉ាក់សាំង |
រាជរដ្ឋាភិបាលនៅថ្ងៃអាទិត្យនេះបានចេញអនុក្រឹត្យមួយស្ដីពី កាតព្វកិច្ចក្នុងការទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលតម្រូវឲ្យបុគ្គលគ្រប់រូបត្រូវតែមកទទួលការចាក់វ៉ាក់សាំង លើកលែងតែករណីបុគ្គលមានការបញ្ជាក់ផ្លូវការថា មានបញ្ហាសុខភាពមិនអាចចាក់បាន។
អនុក្រឹត្យដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការចាក់វ៉ាក់សាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អនុក្រឹត្យបានសរសេរថា៖ «កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវអនុវត្តចំពោះ មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និងចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័នតុលាការ»។
យ៉ាងណាកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ត្រូវអនុវត្តផងដែរចំពោះបុគ្គលមួយចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះតាមការកំណត់របស់ក្រសួងសុខាភិបាល។
អនុក្រឹត្យបន្តថា៖ «កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងខាងលើ មិនអនុវត្តចំពោះបុគ្គលដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច»។
ជាមួយនឹងការកំណត់យ៉ាងដូច្នេះ រដ្ឋាភិបាលក៏បានកំណត់អំពីទណ្ឌកម្មខាងវិន័យ ចំពោះអ្នកដែលគេចវេះមិនចាក់វ៉ាក់សាំងនេះផងដែរ។
រដ្ឋាភិបាលបានឲ្យដឹងថា៖ «ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយស្ថាប័នសាមី ចំពោះបុគ្គលដែលគេចវេះមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូចមានចែងក្នុងជំពូកទី ២ នៃអនុក្រឹត្យនេះ និងតម្រូវឱ្យបុគ្គលនោះត្រូវអនុវត្តកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារកូវីដ១។ ក្នុងករណីនៅតែបន្តគេចវេះមិនអនុវត្តកាតព្វកិច្ចនេះដដែល ស្ថាប័នសាមីអាចសម្រេចដាក់ទណ្ឌកម្មខាងវិន័យផ្សេងទៀត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន»៕
Vietnamplus
មតិពីមិត្តអ្នកអាន