ក្នុងការធ្វើដំណើរទៅស្វែងយល់នៅតំបន់តីង្វៀន (Tay Nguyen) ខាងត្បូង អញ្ជើញមកជាមួយនឹងខេត្តដាក់ណុង (Dak Nong) ទៅដល់បឹងតាដុង (Ta Dung) ដែលជាទីកន្លែងកំពុងបានភ្ញៀវទេសចរស្រឡាញ់ចូលចិត្ត ដោយសារទេសភាពស្រស់អស្ចារ្យនៃធម្មជាតិ ដែលនៅរក្សាបានលក្ខណៈរហោស្ថាន និងនៅមានដំណាលរឿងព្រេងបុរាណ អំពីតំបន់ទឹកដីដ៏មនោរម្យ។
 |
បឹងតាដុង (Ta Dung) ថ្មីៗនេះ ក្លាយជាទីកន្លែងអេកូទេសចរណ៍ថ្មីថ្មោង ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ ប្រៀបដូចបឹងទឹកនៅលើភ្នំ និងប្រៀបដូចបឹងមួយដេកនៅលើតំបន់ខ្ពង់រាប ចម្រុះរវាងប្រព័ន្ធអេកូឡូស៊ីតីង្វៀន (Tay Nguyen) ខាងត្បូង និងតំបន់ទិសអាគ្នយ៍នៃភូមិភាគខាងត្បូងវៀតណាម ផ្នែកខាងចុងនៃដងភ្នំទ្រឿងសើន (Truong Son) នៃទិសខាងត្បូង។ (ប្រភព៖ internet) |
បឹងតាដុង (Ta Dung) នៅចំណុះឃុំដាក់ផ្លាវ (Dak Plao) និងដាក់សំ (Dak Som) ស្រុកដាក់ក្រុង (Dak Glong) ខេត្តដាក់ណុង (Dak Nong) (នៅចម្ងាយពីទីក្រុងយ៉ាងងៀ - Gia Nghia ខេត្តដាក់ណុង - Dak Nong ៤៨គីឡូម៉ែត្រ) ជាបឹងទឹកសាបដែលមានផ្ទៃទឹកប្រហែល២២.១០៣ហិកតា។ ក្នុងបទដ្ឋានកសាងទំនប់វារីអគ្គិសនីដុងណាយ (Dong Nai) ទី៣ ពួកគាត់បានរាំងទប់ខ្សែទឹកហូរនៃដៃព្រែកដុងណាយ (Dong Nai) បង្កើតបានជាបឹងតាដុង (Ta Dung) ធំធេង អស្ចារ្យនេះ។ បឹងមានជម្រៅមធ្យមលើ២០ម៉ែត្រ ក្នុងបឹងមានកោះតូចធំរាប់ពាន់ ដើមឈើគ្របដណ្តប់ខៀវស្រងាត់។ ផ្តើមពីទេសភាពនោះ មនុស្សគ្រប់គ្នានៅប្រៀបបឹងតាដុង (Ta Dung) ដូចជាឈូងសមុទ្រហាឡុង (Ha Long) បម្រួញតូច ស្ថិតនៅលើតំបន់ខ្ពង់រាប។
ភ្ញៀវទេសចរតែងធ្វើដំណើរទៅកាន់បឹងតាដុង (Ta Dung) នៅអំឡុងពេលខែវិច្ឆិកាឆ្នាំមុន រហូតដល់ខែមករា ខែកុម្ភៈ ឆ្នាំក្រោយ។ នៅចុងរដូវវស្សា ទឹកបឹងឡើងខ្ពស់ ដើមឈើនៅលើកោះខៀវស្រងាត់ ធ្វើឱ្យបឹងតាដុង (Ta Dung) ពេលនេះ ដូចជាផ្ទាំងគំនូរធម្មជាតិរហោស្ថាននៃទឹកដីមនោរម្យ។ពេលពន្លឺអរុណរះព្រឿងៗ នៅបឹងតាដុង (Ta Dung) ជាកាលៈទេសៈធម្មជាតិដ៏ស្អាតបំផុតក្នុងមួយថ្ងៃ។ ភ្ញៀវទេសចរនឹងឃើញផ្ទាល់ពពករសាត់មានរូបរាងគ្រប់បែបយ៉ាង ជួនកាលនៅមានពពកអណ្តែតបន្ទាបនៅពីលើកោះក្នុងបឹង។ ពពកហោះហើរគ្រប់ទិសទី លើទីធ្លា លើចម្ការ តាមដងផ្លូវ ថ្នាលកាហ្វេ ផ្កាឈូករត្នព្រៃជាដើម។ ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ដូចជា វង្វេងនៅលើស្ថានសួគ៌ាអញ្ចឹង។ នៅតំបន់អេកូទេសចរណ៍តាដុង (Ta Dung) នៅមានរចនាស្ពានកញ្ចក់ប្រវែង ៥០ម៉ែត្រ សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។
 |
ទូកនាំភ្ញៀវទេសចរទៅស្វែងយល់អំពីទឹករុក្ខជាតិ នៅបឹងតាដុង (Ta Dung)។ (ប្រភព៖ internet) |
ភ្ញៀវទេសចរអញ្ជើញមកកាន់បឹងតាដុង (Ta Dung) ប្រាកដនឹងបានធ្វើដំណើរនៅតាមទូកកម្សាន្តបឹងទឹក។ អ្នកធ្វើដំណើរត្រឡប់ទៅតាមផ្លូវជាតិលេខ២៨ រួចធ្វើដំណើរបន្ថែមប្រហែល១០គីឡូម៉ែត្រ ទៅកាន់ទិសតំបន់យីឡិញ (Di Linh) ឆ្លងកាត់ស្ពានដាក់ផ្លាវ (Dak Plao) មួយកំណាត់ខ្លី ភ្ញៀវទេសចរនឹងទៅដល់ចំណត់ទូកទេសចរណ៍បឹងតាដុង (Ta Dung) ទិញសំបុត្រ (តម្លៃ១០០.០០០ដុងក្នុងមួយសំបុត្រ) ហើយឡើងទៅកាន់ទូកទេសចរណ៍ទស្សនាបឹងទឹក។ ទូកអាចនាំភ្ញៀវទេសចរបានចំនួន២០នាក់ក្នុងមួយលើក ល្បឿនធ្វើដំណើរជាមធ្យមរសាត់នៅលើផ្ទៃទឹកដ៏ល្វឹងល្វើយ សងខាងគឺកោះមានដើមឈើលូតលាស់ខៀវស្រងាត់។ កោះទាំងនេះកាលពីដើម គឺជាតំបន់ខ្ពង់រាប ឥឡូវត្រូវលិចទឹកក្លាយជាកោះបៃតង។ លើទូកទេសចរណ៍ បងហូប៊ី (Ho Bi) ជនជាតិម៉ា (Ma) នឹងនិទានឱ្យភ្ញៀវទេសចរស្តាប់អំពីរឿងព្រេងភ្នំតាដុង (Ta Dung)។
 |
(ប្រភព៖ internet) |
 |
(ប្រភព៖ internet) |
 |
(ប្រភព៖ internet) |
 |
ភ្ញៀវទេសចរពិសោធន៍បរិយាកាលរហោស្ថានដ៏អស្ចារ្យ នៅបឹងតាដុង (Ta Dung) ។ (ប្រភព៖ internet) |
រឿងនិទានថា ភូមិប្នឹមកាលពីដើម ជាតំបន់ខ្ពង់រាបដ៏សម្បូរជីវជាតិមួយ តែដល់ពេលរដូវវស្សាម្តងៗ ភូមិតែងត្រូវទឹកលិច ជីវភាពរស់នៅសែនទុក្ខលំបាក។ មេភូមិ តាង ក្លៅកា ឃើញដូចនេះក៏ធ្វើដំណើរទាំងយប់ថ្ងៃ ទៅអញ្ជើញបងប្អូនអាទិទេពពីរនាក់ឈ្មោះយ៉ឹតនិងដ្រី ទៅប្រោសប្រជាជនក្នុងភូមិ។ អាទិទេពទាំងពីរព្រះអង្គ ទទួលសំណើ បានទៅជួបអាទិទេព កោតវង់ (អាទិទេពគ្រប់គ្រងមហាសមុទ្រ) ដើម្បីសុំភ្នំមួយចំនួន ទៅដាក់នៅក្បែរភូមិប្នឹម ដើម្បីឱ្យប្រជាជនមានទីកន្លែងជ្រកកោន ពេលមានព្យុះភ្លៀង ទឹកជំនន់។ ភ្នំដាក់ចុះមុនគេបង្អស់ ហៅថាភ្នំឪ ភ្នំដាក់ចុះបន្ទាប់ហៅថាភ្នំម៉ែ។ល។ បានអាទិទេពជួយប្រោសប្រទាន បងប្អូនរៀបចំពិធីសំណែនអរគុណនិងអញ្ជើញអាទិទេពគ្រប់គ្រងរស់នៅសប្បាយទាំងអស់គ្នា។ បងប្អូនរាំ គោះគងឃ្មោះនៅក្បែរផ្នុកភ្លើង នារាត្រីព្រៃភ្នំ ប៉ុន្តែពេលជិតភ្លឺមានព្យុះព្រឺល នៅភូមិប្នឹម គ្រឿងសំណែនទាំងអស់សុទ្ធតែប្រែក្លាយទៅជាថ្ម។ អ្នកភូមិបានអាទិទេពសៀងរូត យល់សប្តិឱ្យដឹងថា នោះជាកំហឹងរបស់អាទិទេព បាត្រាក់ ដោយសាយល់ថាប្រជាជនមានចេតនាបំភ្លេច មិនអញ្ជើញព្រះអង្គ ចូលមកកាន់ពិធីសំណែនអំណគុណនេះ។ ដូច្នេះអ្នកភូមិ ក៏រៀបចំពិធីឡើងម្តងទៀត ដើម្បីសូមខមាទោស។ បន្ទាប់ពិធីខមាទោស តំបន់ភ្នំឪបែរជាមានដុះដើមអំពៅយក្សមួយដើម មនុស្សបីបួននាក់ឱបមិនជុំ។ ចាប់តាំងពីនោះមក អ្នកភូមិហៅភ្នំឪជា ប្នឹមតាវយុង (មានន័យថាភ្នំមានដើមអំពៅយក្សមួយដើម)។ ពេលវេលាកន្លងទៅ ភ្នំប្នឹមតាវយុង មានឈ្មោះថាភ្នំតាដុង (Ta Dung)៕
ប្រែសម្រួល៖ រីកើង
កាសែតរូបភាពវៀតណាម
មតិពីមិត្តអ្នកអាន