ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាមកាន់តែខិតជិតមកដល់ ទោះបីនេះជាទំនៀបទម្លាប់ជាតិសាសន៍ដទៃក្តី តែនៅកម្ពុជាទម្លាប់សែនព្រេននិងការរៀបចំប្រារព្ធពិធីនេះ មិនតូចតាចនោះទេ។ពលរដ្ឋខ្មែដែលមានសែស្រឡាយកាត់ចិន កាត់វៀតណាមបានរៀបចំពិធីសែនព្រេនមិនចាញ់ជនជាតិចិនឬជនជាតិវៀតណាមនៅក្នុងប្រទេសគេនោះឡើយ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងភរិយា។ (រូបថត៖ acebook.com/hunsencambodia)
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ខែកុម្ភៈ បានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យ កើតឡើងដោយការធ្វេសប្រហែសណាមួយដែល ធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈ ការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល”។
ទោះបីចូលឆ្នាំចិន-វៀតណាមស្ថិតក្នុងបរិបទកូវីដ-១៩ ក៏អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូឫស្សីត្រៀមជ្រូកខ្វៃសម្រាប់លក់ច្រើនជាងឆ្នាំមុខៗដែរ ដែលមានប្រមាណពី២០០ទៅ១០០០ក្បាល់។ អាជីវករមួយចំនួន អះអាងថា ទោះបីជ្រូកខ្វៃឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន ក៏មានអ្នកបញ្ជាទិញជាហូរហែដែរ។
លោក លឹម កញ្ចរ៉ុង គ្រូបង្រៀនភាសាចិននៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានបញ្ជាក់ថា ការសែនជ្រូកខ្វៃ គឺតំណាងឲ្យរកស៊ីមានបាន ហូបឆ្ងាញ់ និងគេងលក់ស្រួល។ បើតាមលោក លឹម កញ្ចរ៉ុង ការសែនជ្រូកខ្វៃក៏ត្រូវមានក្បួនសែន ដើម្បីសែនយ៉ាងណាឲ្យត្រូវនឹងទីតាំង ដើម្បីទទួលបាននូវអ្វីដែលល្អ។
អ្នកស្រី ស៊ី យឿន អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូឫស្ស លើកឡើងថា ភ្ញៀវដែលចាប់ផ្ដើមបញ្ជាទិញជ្រូកខ្វៃរបស់អ្នកស្រី គឺមានតាំងពីអំឡុងថ្ងៃទី២០មករា។ អ្នកលក់ជ្រូកខ្វៃប្រមាណ២០ឆ្នាំរូបនេះបន្តថា ក្នុងមួយថ្ងៃមានអ្នកបញ្ជាទិញប្រមាណ៦០ក្បាល ទើបត្រៀមជ្រូកជាង១ពាន់ក្បាលសម្រាប់លក់នៅអំឡុងពេលចូលឆ្នាំចិននេះ។
ការសែនជ្រូកខ្វៃ គឺតំណាងឲ្យរកស៊ីមានបាន ហូបឆ្ងាញ់ និងគេងលក់ស្រួល។ (រូបថត៖ Thmey Thmey.com)
អ្នកស្រី និយាយថា៖««កាលពីឆ្នាំមុនៗ ខ្ញុំត្រៀមជ្រូកប្រមាណ៧០០ក្បាល់ប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះត្រៀមទុកជាង១ពាន់ក្បាល់ ដោយសារឃើញមានអ្នកកក់ជាង៦០ក្បាលក្នុងមួយថ្ងៃ។ ឆ្នាំនេះជ្រូកថ្លៃជាងឆ្នាំមុន ដោយសារទិញជ្រូកមកពីគេថ្លៃដែរ។ ជ្រូកខ្វៃខ្ញុំ លក់ឲ្យគេទិញយកទៅលក់បន្តច្រើនហើយលក់រាយក៏ដាច់ដែរ។ ពលរដ្ឋយើងមើលទៅនៅតែនិយមសែនជ្រូកអ៊ឺចឹង ហើយមួយរយៈនេះកូវីដ-១៩ថមថយផង បានលក់ដាច់ជាឆ្នាំមុខ»។
ចំណែកអាជីវករលក់ផ្កាស្រស់នៅខេត្តតាកែវ អ្នកស្រី អ៊ួន ក្រពុំ បានឱ្យដឹងនៅថ្ងៃទី៩ កុម្ភៈនេះថា ការលក់ផ្កាសម្រាប់តុបតែង ផ្តើមដាច់ពីបីថ្ងៃមកហើយ ហើយវានឹងដាច់រហូតដល់ថ្ងៃដែលគេត្រូវសែនតែម្តង។ ចូលឆ្នំាចិនឆ្នំានេះការលក់បន្លែមិនសូវដាច់នោះទេ ប៉ុន្តែលក់ផ្កាស្រស់ដាច់គួសម។ អ្នកស្រីឲ្យដឹងថា«ខ្ញុំបាន កុម្ម៉ង់ផ្កាពីប្រទេសវៀតណាមមួយថ្ងៃប្រមាណ១០០ថូ មកលក់ក្នុងនោះមានដូចជាស្ពៃរឿង ផ្កានាំសំណាង ផ្កាលីលី និងផ្កាអង្គាសិល ហើយនៅក្នុងចំណោមផ្កាទំាងនោះ ផ្កាដែលលក់ដាច់ជាងគេ គឺផ្កាលីលី ព្រោះវាទុកបានយូរហើយវាមានក្លិនក្រហូប»។
ការលក់ផ្កាស្រស់ (រូបថត៖ kohsantepheapdaily.com.kh)
អ្នកលក់ផ្កាអង្គាសីលអះអាងថាពួកគាត់បានចំណាយដើមពី១ពាន់ទៅ៣ពាន់ដុល្លារក្នុងការទិញដើមអង្គាសីលមកលក់។ ការលក់ដើមអង្កសីលមិនខុសពីទំនិញផ្សេងៗនោះទេ នៅឆ្នាំនេះដាច់គួរសមតែអ្នកលក់ថាមិនទាន់ដឹងចំណេញឬខាតនោះទេ ។ គេចាំមើលរហូតដល់ថ្ងៃសែន តែម្តងទើបដឹង ./.
(បូកសរុបដោយឌីណា)
មតិពីមិត្តអ្នកអាន